សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ អ្នកស្លាប់​កើន​ដល់​៣៦២​នាក់ អ្នកជំងឺ​មាន​ជាង​១៧០០០​នាក់ និង​អ្នក​សះស្បើយ​ជាង​៤៨០​នាក់​
03, Feb 2020 , 9:03 am        
រូបភាព
ដោយ: រួបរួម
ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCov) គិត​ត្រឹម​ម៉ោង​៨ និង​៥០​នាទី ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ នេះ បានសម្លាប់​ជីវិត​មនុស្ស​៣៦២​នាក់ ដែល​ក្នុងនោះ​៣៦១​ករណី​នៅ​ចិន និង​១​ករណី​នៅ​ហ្វីលីពីន​។ ជាមួយគ្នានេះ គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន បានបង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា ចំនួន​អ្នកជំងឺ​ឡើងដល់​ជាង​១៧០០០​នាក់ ក្នុងនោះ​ជាង​៤៨០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ​។​



​ក្នុងចំណោម​អ្នកស្លាប់​ជាង​៣៦២​នាក់ គិត​ត្រឹម​ព្រឹក​នេះ មាន​៣៥០​នាក់​ស្ថិតក្នុង​ខេត្ត Hubei រីឯ​ក្រុង​វូ​ហាន ដែលជា​ទីកន្លែង​ផ្ទុះ​ករណី​ដំបូង ឡើងដល់​២៦៥​នាក់​។ ហ្វីលីពីន​ជា​ប្រទេស​ដំបូង​ក្រៅពី​ចិន ដែលមាន​អ្នកស្លាប់​១​ករណី ដោយ​អ្នកជំងឺ​ជា​ស្ត្រី​ចិន​ម្នាក់​ពី​វូ​ហាន​។​

​ក្រុង Huanggang ដែល​នៅក្បែរ​វូ​ហាន មាន​អ្នកស្លាប់​១៧​នាក់ រីឯ​ក្រុង​ផ្សេងទៀត​ដែលមាន​អ្នកស្លាប់​ជាង​១០​នាក់​រួមមាន Xiaogan, Jingmen, Ezhou និង Tianmen​។ ខេត្ត និង​ក្រុង​ផ្សេងទៀត​របស់​ចិន​ដែលមាន​ករណី​អ្នកស្លាប់ មានដូចជា ហេ​ណាន​, Chongqing, ស៊ី​ឈួន​, សៀង​ហៃ​, ប៉េកាំង​, Hebei, Heilongjiang និង​ហៃ​ណាន​។​

​បច្ចុប្បន្ន​អ្នកជំងឺ​សរុប​មាន​ជាង​១៧០០០​នាក់ ដោយ​ភាគច្រើនបំផុត​ស្ថិតក្នុង​ប្រទេស​ចិន ជាពិសេស​ខេត្ត Hubei​។ ជប៉ុន ថៃ សិង្ហ​បុរី និង​កូរ៉េខាងត្បូង មាន​អ្នកជំងឺ​ចន្លោះ​ពី​១៥​ទៅ​២០​នាក់​។ អឺរ៉ុប​មាន​២៥​ករណី អាមេរិក​ខាងជើង​មាន​១៣​ករណី និង​អូស្ត្រាលី​មាន​១២​ករណី​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​៦​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​ករណី​ឆ្លង​ជំងឺ​នេះ​។​

​រីឯ​តួលេខ​ដែល​ត្រូវបាន​រាយការណ៍​ថា មានការ​ជាសះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នោះ មាន​៤៨៤​ករណី ក្នុងនោះ​៤៧៥​ករណី​នៅ​ប្រទេស​ចិន​។ ថៃ​បាន​អះអាង​ពី​ការ​ជាសះស្បើយ​៧​ករណី​ក្នុងចំណោម​១៩​ករណី អូស្ត្រាលី​ជា​២​ករណី និង​១​ករណី​នៅ​វៀតណាម និង​ស្រីលង្កា​។ កម្ពុជា​ក៏ដូចជា​ប្រទេសមួយ​ចំនួន​ក៏បាន​អះអាង​ពី​ស្ថានភាព​អ្នកជំងឺ​ធូរស្បើយ​ផងដែរ​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com