អន្តរជាតិ
បារាំង​៖ ពលរដ្ឋ​អឺរ៉ុប​២០​នាក់ ចេញ​រោគសញ្ញា​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន​
03, Feb 2020 , 10:30 am        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលបារាំង លោកស្រី Agnes Buzyn(AFP)
រដ្ឋមន្រ្តីសុខាភិបាលបារាំង លោកស្រី Agnes Buzyn(AFP)
​ជនជាតិ​អឺរ៉ុប​ប្រមាណ​ជា ២០​នាក់​ចេញ​រោគសញ្ញា នៃ​ជំងឺ​រលាក​សួត ដែល​បាន​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។ ពួកគេ ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង ២៥០​នាក់ ដែល​បាន​មកដល់​អាកាសយានដ្ឋាន Istres នៃ​ភាគខាងត្បូង​បារាំង នា​ថ្ងៃទី​២ ខែកុម្ភៈ​។ នេះ​ជាការ​ជម្លៀស​មនុស្ស​លើក​ទី​ពីរ​ចេញពី​ទឹកដី​ចិន​ដោយ​បារាំង​។


 
​តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សុខ​ភិ​បាល​បារាំង លោកស្រី Agnès Buzyn មនុស្ស ២០​នាក់ ដែល​បាន​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន បានចេញ​រោគសញ្ញា​រលាក​សួត ដែល​បង្ក​មកពី​កូ​រ៉ូ​ណាវី​រុស ហើយ​មនុ​ស្សទាំង ២០​នាក់​នេះ គឺមាន​ទាំង​ជនជាតិ​បារាំង និង​ជនជាតិ​អឺរ៉ុប​ផ្សេងទៀត​។ បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី​រដ្ឋមន្ត្រី ក្រុមគ្រូពេទ្យ​ទាហាន គឺជា​អ្នកដឹកនាំ​ការធ្វើ​រោគវិនិច្ឆ័យ​លើ​ជន​ជម្លៀស​ទាំង ២០​នាក់​ទាំងនេះ ហើយ​លទ្ធផល​នឹង​ដឹង​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ 
 
​សម្រាប់​ការជម្លៀស​មនុស្ស​ចេញពី​ក្រុង​វូ​ហាន​លើក​ទី​ពីរ​នេះ គឺមាន​ជនជាតិ​បារាំង ត្រឹមតែ​៦៥​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​មនុស្ស ២៥០​នាក់ ហើយ​អ្នក​ផ្សេងទៀត គឺជា​ជនជាតិ​អឺរ៉ុប​។ រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Yves Le Drian ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ RTL ថា មនុស្ស​មួយចំនួន នឹងត្រូវ​គេ​ដា​ក់នៅ​កន្លែង​ដោយឡែក​មួយរយៈ​ពេល ១៤​ថ្ងៃ​សិន ក្នុង​គោលបំណង​ទទួល​ការពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ ដើម្បី​ធានាថា ជន​ទាំងនោះ គ្មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ ចំណែក​អ្នក​គ្មាន​រោគសញ្ញា​អ្វី នឹងត្រូវ​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ​។ 
 
​កាលពី​ជម្លៀស​លើកទីមួយ ដែល​បាន​មកដល់​បារាំង​នៅ​ថ្ងៃទី​៣១ ខែមករា គេ​បាន​រកឃើញ​ជនសង្ស័យ​ពីរ​នាក់​ថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ប៉ុន្តែ​នៅពេល​ធ្វើ​រោគវិនិច្ឆ័យ អ្នក​ទាំងនោះ​មិនមាន​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ឡើយ​។ ពេលនេះ ជន​ជម្លៀស​លើកទីមួយ ត្រូវបាន​គេ​ដាក់​នៅ​កន្លែង​ដោយឡែក នា​ភូមិ​សម្រាក​កម្សាន្ត​មួយ តាម​ឆ្នេរសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ បារាំង បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ចំនួន ៦​ករណី​ហើយ​៕
 

Tag:
 បារាំង​
  អឺរ៉ុប​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com