ជាតិ
ព្រះ​សព​សម្តេច​សង្ឃ លាស់ ឡាយ ត្រូវបាន​បូជា​ហើយ ក្រោយ​រក្សាទុក​១០០​ថ្ងៃ​
03, Feb 2020 , 10:38 am        
រូបភាព
រូបពីហ្វេសបុកសាលាគណខេត្តកំពង់ធំ
រូបពីហ្វេសបុកសាលាគណខេត្តកំពង់ធំ
​ភ្នំពេញ​៖ ព្រះ​សព​សម្ដេច​សង្ឃ ព្រះ​ធម្មលិខិត លាស់ ឡាយ ត្រូវបាន​បូជា​រួចហើយ នៅក្នុង​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី នា​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ ព្រះ​សព​ព្រះអង្គ ត្រូវបាន​ដង្ហែ​ចេញពី​វត្ត​សន្សំ​កុសល នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃនេះ ទៅកាន់​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​។

 

 
​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ថ្វាយ​ព្រះ​ភ្លើង​បូជាព្រះសព​សម្តេច លាស់ ឡាយ​។ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ព្រះ​ធាតុ​របស់​ព្រះអង្គ នឹងត្រូវ​យកទៅ​តម្កល់ទុក​ក្នុង​ចេតិយ​នៅ​វត្ត​សន្សំ​កុសល​។ 
 
​លោក បន្តថា មន្ត្រី​សង្ឃ និង​អាចារ្យ​គណៈកម្មការ នឹង​រៀបចំ​បុណ្យ​ពីថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដែលជា​ថ្ងៃបុណ្យ​ដារ​ឆ្លង (​ថ្ងៃ​ឆ្លង​បញ្ចប់​បុណ្យ​)​។ ចំពោះ​ការតែងតាំង​មន្ត្រី​សង្ឃ ទទួល​តំណែង​របស់​សម្តេច​សង្ឃ លាស់ ឡាយ លោក នៅ​មិនទាន់​ទទួល​ព័ត៌មាន​នោះទេ ដោយ​លោក គ្រាន់តែ​បញ្ជាក់ថា វា ជាការ​គិតគូរ​បស់​ថ្នាក់ដឹកនាំ​សង្ឃ​និង​រដ្ឋាភិបាល​។ 
 
​សូមបញ្ជាក់ថា សម្ដេច​សង្ឃ លាស់ ឡាយ ទ្រង់​សុគត នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ព្រះជន្ម​១០៦​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។ ព្រះ​សព​របស់​ព្រះអង្គ ត្រូវបាន​រក្សាទុក​រយៈ​ពេល​១០០​ថ្ងៃ នៅក្នុង​វត្ត​សន្សំ​កុសល​។ ព្រះអង្គ ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​សន្សំ ព្រះប្រធាន​ធម្មសភា​សង្ឃ និង ជា​សង្ឃ​នាយករង​ទីមួយ​៕
 

Tag:
 សម្តេច លាស់ ឡាយ​
  បូជាព្រះសព​
 
© រក្សាសិទ្ធិដោយ thmeythmey.com