អន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ទស្សនៈប្រឆាំងចិនដោយសារកូរ៉ូណាវីរុស មិនជួយអ្វីបានឡើយ
× នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២ ខែកុម្ភៈ បានបង្ហាញការឃ្នើសចិត្តទៅនឹងអ្វីដែលលោកចាត់ទុកជានិន្នាការប្រឆាំងចិននៅតាមប្រទេសមួយចំនួនក្រោយការរាលដាលដ៏លឿននៃកូរ៉ូណាវីរុសដ៏គ្រោះថ្នាក់។ សម្រាប់លោក លី គំនិតស្អប់ខ្ពើមបែបនេះ មិនអាចជួយអ្វីបានឡើយប្រឈមមុខបញ្ហាសុខភាពជាសាកលបែបនេះ។ ទោះជាយ៉ាងណា លោក លី ជឿជាក់ថា ចិនអាចដោះស្រាយបញ្ហានេះដោយរលូន។
ការផ្ទុះឡើងកូរ៉ូណវីរុសថ្មីដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ ធ្វើឲ្យផ្ទុះនិន្នាការប្រឆាំងចិន ការស្អប់ខ្ពើម ឬការរើសអើងប្រជាជនចិននៅតាមប្រទេសនានា។ ដោយហេតុថា វីរុសនេះផ្ទុះចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ីនោះ ប្រទេសខ្លះ បានចាត់វិធានការហាមឃាត់ជនបរទេសទាំងអស់ដែលមានប្រវត្តិធ្វើដំណើរទៅចិន និងជនជាតិចិនចូលទឹកដីខ្លួនដើម្បីទប់ស្កាត់ការរាលដាលវីរុសនេះ។
ចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និន្នាការស្អប់ខ្ពើមបែបនេះ មិនមែនជារឿងល្អឡើយ។ អំឡុងពេលចូលរួមពិធីចូលឆ្នាំចិននៅមណ្ឌលបោះឆ្នោត Teck Ghee នៅថ្ងៃទី២ ខែកុម្ភៈ លោក លី បង្ហាញការសោកស្ដាយដែលចលនាប្រឆាំងជនជាតិចិនបានកើនឡើងនៅតាមប្រទេសជាច្រើននៅប៉ុន្មានថ្ងៃចុងក្រោយ។ លោកបន្តថា រឿងបែបនេះ មិនមានប្រយោជន៍អ្វីឡើយ ខណៈវីរុសក៏ឆ្លងមិនស្គាល់នរណាជាជនជាតិអ្វីដែរ។
«វីរុសអាចចាប់ផ្ដើមពីចិន ប៉ុន្តែវាមិនបានគោរពសញ្ជាតិ ឬពូជសាសន៍អ្វីឡើយ។ វាមិនបានមើលលិខិតឆ្លងដែនរបស់អ្នកមុនឆ្លងចូលខ្លួនប្រាណអ្នកឡើយ ហើយមនុស្សទាំងអស់ សុទ្ធតែអាចឆ្លងវីរុសនេះ។» នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua ។ លោកបន្ថែមថា បញ្ហានេះ មិនគួរត្រូវបានមើលក្នុងផ្លូវជាបញ្ហាការទូត ឬពូជសាសន៍ឡើយ តែជាបញ្ហាសុខភាពអន្តរជាតិវិញ។
មេដឹកនាំសិង្ហបុរីរូបនេះ ក៏បង្ហាញទំនុកចិត្តថា ចិន និងប្រទេសនានាអាចយកជម្នះបញ្ហានេះបាន ព្រោះបានចាត់វិធានការគ្រប់យ៉ាងដើម្បីទប់ស្កាត់ការរាលដាល និងការគ្រប់គ្រងផងដែរ។ បច្ចុប្បន្ននេះ វិធានការសំខាន់ៗរបស់ប៉េកាំងរួមមានការហាមប្រាមការធ្វើដំណើរនៅវូហានដែលជាទីកន្លែងផ្ទុះវីរុស និងការរឹតត្បិតការធ្វើដំណើរនៅក្នុងស្រុក ការលុបចោលដំណើរកម្សាន្តទៅបរទេស និងការប្រមូលជនជាតិចិននៅហ៊ូប៉ីត្រឡប់ចូលស្រុកវិញជាដើម។
សព្វថ្ងៃ ករណីឆ្លងកូរ៉ូណាវីរុសនៅសិង្ហបុរីមានចំនួន១៨ ដែលភាគច្រើនជាជនជាតិចិន។ ដើម្បីទប់ស្កាត់ការរាលដាលខ្លាំង សិង្ហបុរី បានហាមចូលទឹកដីខ្លួនរាល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរមកពីចិន។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ និយាយការពារថា នេះជាវិធានការទប់ស្កាត់ទុកមុនរបស់សិង្ហបុរីដើម្បីការពារប្រជាជនខ្លួន៕
Tag:
សិង្ហបុរី
ចិន
កូរ៉ូណាវីរុស
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com