រថយន្ត
អន្តរជាតិ
ក្រុងហ្សឺណែវ បន្តហាមប្រាប់ចរាចរណ៍រថយន្តកខ្វក់ដើម្បីលើកកម្ពស់បរិស្ថានទីក្រុង
× អាជ្ញាធរក្រុងហ្សឺណែវ ប្រទេសស្វីស បានសម្រេចពន្យាពេលហាមឃាត់ការធ្វើចរាចររថយន្តកខ្វក់នៅក្នុងទីក្រុង ដោយសារតែបញ្ហាផ្សែងអព្ទ័។ នេះបើយោងតាមការផ្សាយរបស់ Swiss Info ដោយអាជ្ញាធរតាំងចិត្តពង្រឹងកិច្ចការពារបរិស្ថាន និងកាត់បន្ថយខ្យល់អាប់អួរនៅក្នុងទីក្រុង។
ហ្សឺណែវ បានក្លាយជាក្រុងដំបូង ដែលបានអនុវត្តច្បាប់ ដោយអនុញ្ញាតឲ្យរថយន្តដែលមានការបំពុលតិច អាចចូលទីក្រុងបានចន្លោះពីម៉ោង៦ព្រឹក ដល់ម៉ោង១០ល្ងាច នៅពេលមានការព្រមានទាក់ទងនឹងការចុះអព្ទ័។ អ្នកបំពានប្រឈមរងការពិន័យ ៥១៤ដុល្លារអាមេរិក។
សម្រាប់រថយន្តដែលមានបំណងធ្វើចរាចរណ៍ចូលក្នុងទីប្រជុំជនក្រុងហ្សឺណែវ ត្រូវស្នើសុំស្ទីកឃ័រ «Stick Air» ទៅតាមគុណភាពបរិស្ថានរបស់ខ្លួន ដោយមានការបែងចែកទៅតាមពណ៌៦ប្រភេទ។ ករណីនេះ ក៏មានលក្ខណៈស្រដៀងនឹងគោលការណ៍ដែលធ្លាប់អនុវត្តកន្លងមកនៅបារាំងផងដែរ។
មនុស្សប្រមាណ៥០០ ០០០នាក់រស់នៅតាមតំបន់នានាក្នុងក្រុងហ្សឺណែវ ក្នុងនោះ មាន២០០ ០០០នាក់រស់នៅក្នុងទីក្រុង។ អាជ្ញាធរក្រុងមួយនេះ ក៏ដូចជាប្រទេសស្វីសទាំងមូល យកចិត្តទុកដាក់ខ្លាំងបំផុតលើបញ្ហាបរិស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com