ជនជាតិចិន៣នាក់ ដែលបានមកកម្ពុជា ត្រូវបានអាជ្ញាធរចិនរកឃើញថា មានផ្ទុករោគកូរ៉ូណាប្រភេទថ្មី។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ព័ត៌មាននេះ គឺពិតជាដូច្នេះមែន តែលោក សន្និដ្ឋានថា ពួកគេ ទំនងជាឆ្លងមេរោគកូរ៉ូណា ពេលទៅដល់ចិនវិញ ពោលគឺ មិនមែនឆ្លងនៅកម្ពុជាទេ។
លោក លី សូវ៉ាន់ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ថា៖«អំឡុងពេលគាត់នៅហ្នឹង អត់ទាន់មានចេញរោគសញ្ញអីទេ ដូច្នេះមានន័យថា គាត់អត់មានឆ្លងរោគសញ្ញាអីទេ។ ប្រហែលជាគាត់ទៅវិញ ឆ្លងនៅប្រទេសរបស់គាត់»។
អ្នកទាំង៣នាក់នោះ មានប្រុសម្នាក់អាយុ៦២ឆ្នាំ និងស្រី២នាក់ ដោយម្នាក់អាយុ៦២ឆ្នាំ និងម្នាក់ទៀត អាយុ៥៨ឆ្នាំ។ ពួកគាត់ ស្ថិតក្នុងចំណោមជនជាតិចិនជិត៨០នាក់ ដែលបានជិះយន្តហោះជាមួយបុរសចិនម្នាក់ឈ្មោះ ចា ជិនហួ ដែលផ្ទុកមេរោគកូរ៉ូណា ចេញពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២០ ដែលជាជើងហោះហើរចុងក្រោយបង្អស់ មុននឹងរដ្ឋាភិបាលចិន បិទគ្រប់ច្រកមិនឲ្យប្រជាជន ចេញពីទីក្រុងវូហាន។ ទីក្រុងវូហាន គឺជាកន្លែងផ្ទុះមេរោគដ៏គួរឲ្យខ្លាចនេះ៕
លោក លី សូវ៉ាន់ អះអាងថា អ្នកទាំង៣នាក់ ប្រហែលជាមិនបានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ពីបុរសជនជាតិចិនគ្នាឯងឈ្មោះ ចា ជិនហួ នោះទេ។ លោក លើកហេតុផលបែបនេះថា៖«គ្រួសាររបស់គាត់៣នាក់ ដែលអង្គុយកៀកជាមួយគាត់ ហូបបាយជាមួយគាត់ នៅជិតដិនជាមួយកាត់ មិនឆ្លងផងហ្នឹង...»។
លោក ក៏បានបដិសេធដែរថា អ្នកទាំង៣នាក់ ដែលផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី មិនមែនជាគ្រូសាររបស់បុរសឈ្មោះ ចា ជិនហួ នោះទេ។ លោក បំភ្លឺថា បច្ចុប្បន្ន គ្រូសាររបស់បុរសឈ្មោះ ចា ជិនហួ កំពុងបន្តស្នាក់នៅក្នុងសណ្ឋាគារមួយ នៅខេត្តព្រះសីហនុ ដោយមានការពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ទោះពួកគេ មិនមានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មីក៏ដោយ។
អ្នកនាំពាក្យ អះអាងជាថ្មីថា ចំពោះលោក ចា ជិនហួ អាយុ៦០ ដែលផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី មានសុខភាពល្អប្រសើរ តែគាត់ នៅតែដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេដដែល និងមិនទាន់អាចឲ្យចេញទៅណាបានឡើយ។
អ្នកនាំពាក្យ ទទួលបានព័ត៌មានថា ក្នុងចំណោមជនជាតិចិនជិត៨០នាក់ ដែលជិះយន្តហោះជើងចុងក្រោយ ពីទីក្រុងវូហាន មកខេត្តព្រះសីហនុ មានចំនួន បានត្រឡប់ទៅចិនវិញហើយ តាំងពីមុនថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០មកម្ល៉េះ ដោយក្នុងនោះ ក៏មានអ្នកទាំង៣នាក់ ដែលផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មីដែរ។ លោក មានប្រសាសន៍ថា៖«ជិត៣០នាក់ហើយ ត្រឡប់ទៅវិញនោះ បែបទៅអស់ទៀតហើយមិនស្រួលនោះ...»។
គិតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់ជាង៣៦០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគនេះ បានកើនឡើងដល់ជាង១,៧ម៉ឺននាក់ នៅក្នុងប្រទេសចិន។ តួលេខអ្នកស្លាប់ទាំងអស់ គឺនៅប្រទេសចិន ដោយនៅហ្វីលីពីន មានតែ១ករណីប៉ុណ្ណោះ ក្រៅពីនេះ មិនមានករណីស្លាប់ នៅប្រទេសណាឡើយ។
ប្រទេសដែលមេរោគកូរ៉ូណាប្រភេទថ្មី បានរាលដាល់ទៅដល់ មានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេប៉ាល់ ជាដើម។ មេរោគកូរ៉ូណាប្រភេទថ្មី អាចបង្កទៅជាជំងឺរលាកសួត ហើយមកដល់ពេលនេះ គេ មិនទាន់រកឃើញវ៉ាក់សាំងការពារនោះទេ៕