អន្តរជាតិ
កូរ៉ូណាវី​រុស​៖ ចិន​ថា អាមេរិក​កំពុង​ធ្វើ​ឲ្យ​សាយភាយ​ការ​ស្លន់ស្លោរ​
03, Feb 2020 , 10:39 pm        
រូបភាព
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា កំពុង​សាបព្រោះ​ការភ័យខ្លាច​តាមរយៈ​ការចេញ​វិធានការ​ទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​។ វិធាន​ការដែល​អាមេរិក​កំពុង​អនុវត្ត​មាន​រួមបញ្ចូល​បម្រាម​ហាមឃាត់​ជន​ជាតិចិន​ធ្វើដំណើរ​ទៅ​អាមេរិក​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​ប្រភេទ​ថ្មី​ដែលមាន​ករណី​ឆ្លង​នៅ​អាមេរិក​ចំនួន​១១​ហើយ​។ ប៉េកាំង ទំនងជា​មិន​ពេញ​ចិត្តនឹង​វិធានការ​បែបនេះ​របស់​វ៉ាស៊ីនតោន​។

 
 
​ការចាត់វិធានការ​តឹងរ៉ឹង​របស់​អាមេរិក​ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី បាន​រង​ប្រតិកម្ម​ខ្លាំង​ពី​ទីក្រុង​ប៉េកាំង​រហូត​មានការ​លើកឡើងថា អាមេរិក​មិនបាន​ជួយផ្ដល់​ច្រកចេញ​អ្វី​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​ចោទ​អាមេរិក​ក្នុង​សន្និសីទ​ថ្ងៃទី​៣ ខែកុម្ភៈ ថា កំពុង​បង្ក​ការភ័យខ្លាច​។​
 
«​អាមេរិក​មិនបាន​ផ្ដល់ជំនួយ​ជា​ដុំកំភួន​ណា​ឡើយ ហើយ​មានតែ​បង្កើត​ការ​ស្លន់ស្លោរ​ទៅវិញ​។​» នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី Hua នៅ​ចំពោះ​អ្នកសារព័ត៌មាន​ជាច្រើន​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ អ្វីដែល​ចិន​ត្រូវការ​បន្ទាន់​រួមមាន​ម៉ាស់​វេជ្ជសាស្ត្រ សម្លៀកបំពាក់​ការពារ និង​វ៉ែនតា​សុវត្ថិភាព​។ តម្រូវការ​ប្រើប្រាស់​គ្រឿង​បរិក្ខារ​ទាំងនេះ បាន​កើនឡើង​យ៉ាងខ្លាំង​អំឡុងពេល​ផ្ទុះ​វីរុស​នៅ​វូ​ហាន​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​អាមេរិក​មាន​១១​ករណី តែ​មិនមាន​ករណី​បាត់បង់​ជីវិត​នៅឡើយ​។ ជាមួយគ្នានេះ ទីក្រុង​វ៉ាស៊ីនតោន បានចេញ​វិធានការ​ជាច្រើន​ដើម្បី​ទប់ស្កាត់​កំណើន​ករណី​ឆ្លង​លើទឹក​ដី​ខ្លួន​ដូចជា​ការប្រកាសអាសន្ន​សុខភាព​សាធារណៈ និង​ការហាម​ប្រាម​បណ្ដោះអាសន្ន​រាល់​ជនជាតិ​ណា​ដែល​ធ្វើដំណើរ​ពី​ចិន​ទៅ​អាមេរិក​ជាដើម​។ សម្រាប់​ជនជាតិ​អាមេរិក​ដែល​ទើប​ធ្វើដំណើរ​មកពី​ចិន នឹងត្រូវ​ទុក​នៅ​ដោយឡែក​១៤​ថ្ងៃ​សិន​។​
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាត់ទុក​វិធានការ​ទាំងនេះ ជាការ​សម្រេចចិត្ត​ម៉ឺងម៉ាត់​ដើម្បី​រារាំង​ង​ការ​រាតត្បាត​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​២ ខែកុម្ភៈ លោក ត្រាំ និយាយថា អាមេរិក​មិនអាច​អនុញ្ញាត​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ដែល​អាចមាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ចូល​ទឹកដី​ខ្លួន​បានឡើយ​។ លោក​បន្តថា អាមេរិក​ក៏​ស្នើ​ផ្ដល់ជំនួយ​សន្ធឹកសន្ធាប់​ដល់​ចិន​ផងដែរ​។​
 
​យ៉ាងណាមិញ ពាក់ព័ន្ធ​រឿង​ជំនួយ​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ត្រាំ អះអាងថា ចិន​មិនទាន់​ទទួលយក​សំណើ​របស់​អាមេរិក​នៅឡើយ​ទេ តែ​ក៏បាន​សរសើរ​ចិន​រឿង​ដោះស្រាយ​ការ​រាលដាល​វីរុស​ថ្មី​នេះ​។ លោក Robert O’Brien ប្រាប់​ទូរទស្សន៍ CBS ក្នុង​កិច្ច​សម្ភាស​ដោយឡែក​ថា មកទល់​បច្ចុប្បន្ន ចិន​មាន​តម្លាភាព​ក្នុងការ​ដោះស្រាយ​បើ​ប្រៀបធៀប​នឹង​បញ្ហា​មុនៗ ហើយ​អាមេរិក កំពុង​រង់ចាំ​ចម្លើយ​ពី​ចិន​លើ​សំណើ​របស់ខ្លួន​៕
 
 

Tag:
 ​អាមេរិក​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com