ជាតិ
ពលករ​ខ្មែរ​នៅ​កូរ៉េ​ជាង​៣​ម៉ឺន​នាក់ បញ្ជូន​ប្រា​ក់មក​គ្រួសារ​នៅ​កម្ពុជា ជាង​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
03, Feb 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ពលករ​ខ្មែរ​ជាង​៣​ម៉ឺន​នាក់ ដែល​បំពេញការងារ​នៅ​កូរ៉េខាងត្បូង បាន​បញ្ជូន​ប្រាក់​មកជួយ​គ្រួសារ​នៅ​កម្ពុជា ជាង​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​កូរ៉េខាងត្បូង នា​រសៀល​ថ្ងៃទី​៣ កុម្ភៈ​នេះ​។​


 
​សម្ដេច ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល​បញ្ជូន​ពល​ករ​ខ្មែរ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នេះ មិនមែន​ជាការ​ធ្វើបាប​ពួកគេ​នោះទេ ប៉ុន្តែ​វា​ជួយ​ពួកគេ​ឱ្យមាន​លទ្ធភាព​រក​ថវិកា​ច្រើន​សម្រាប់​ជួយ​គ្រួសារ​ប៉ុណ្ណោះ​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើកឡើងថា ពលករ​ខ្មែរ ដែល​មក​ធ្វើការ​នៅ​កូរ៉េ​ជាង​៣​ម៉ឺន​នាក់​នេះ អាច​ទទួលបាន​ទាំង​ប្រាក់ខែ​ខ្ពស់ និង​ជំនាញ​ផងដែរ​។​
​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​ផ្ដាំ​ឱ្យ​ពលករ​ទាំងអស់ ប្រឹងប្រែង​បំពេញការងារ និង​យក​ជំនាញ​របស់ខ្លួន  ទុក​មក​បម្រើ​ការងារ និង​រកស៊ី​វិញ​នៅ​កម្ពុជា​ផងដែរ នៅពេលដែល​ចប់​អាណត្តិ​ការងារ​។​
 
​ក្រៅពី​ពលករ​ស្របច្បាប់​នេះ ក៏មាន​ពលរដ្ឋ​ខ្មែរ​ខុសច្បាប់​ជាង​៧​ពាន់​នាក់ ដែល​កំពុង​រស់នៅ​កូរ៉េខាងត្បូង​ផងដែរ​។ រដ្ឋាភិបាល កំពុង​អន្តរាគមន៍​ជួយ​រៀបចំ​ភាពស្របច្បាប់​ឱ្យ​ពួកគេ​។​«​ខ្មែរ​រស់នៅ​មិន​ស្របច្បាប់​នៅ​កូរ៉េខាងត្បូង​ជាង​៧​ពាន់​នាក់ យើង​ក៏​ខិតខំ​ប្រែក្លាយ​អ្នក​ទាំងនោះ​ឱ្យស្រប​ច្បាប់​វិញ​ដែរ បើ​ទោះ​អ្នក​ទាំងនោះ​ប្រឹង​គេចខ្លួន ដើម្បី​រស់នៅ​ទីនេះ​»​។ នេះ​ជាការ​បញ្ជាក់​នាយករដ្ឋមន្ត្រី ដែល​បាន​បន្ថែមថា សម្ដេច​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ និង​លក្ខខណ្ឌ​ការងារ​ពលករ​។​
 
​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​១,០៣២​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​កូរ៉េ​៣៣៥​លាន​ដុល្លារ ហើយ​កូរ៉េ​នាំចូល​កម្ពុជា ជិត​៧០០​លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 ហ៊ុន សែន​
  ពលករ​ខ្មែរ​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com