អន្តរជាតិ
ប្រមុខ​អាស៊ាន ថ្លែង​ពី​តួនាទី​អាស៊ាន​ជា​លើកដំបូង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
04, Feb 2020 , 9:19 am        
រូបភាព
អគ្គលេខាធិការអាស៊ាន Lim Jock Hoi ។ រូបភាពពីស្ថានបេសកកម្មឥណ្ឌូណេស៊ីប្រចាំអង្គការសហប្រជាជាតិ
អគ្គលេខាធិការអាស៊ាន Lim Jock Hoi ។ រូបភាពពីស្ថានបេសកកម្មឥណ្ឌូណេស៊ីប្រចាំអង្គការសហប្រជាជាតិ
ដោយ:
​អគ្គលេខាធិការ​អាស៊ាន លោក Lim Jock Hoi នៅ​ថ្ងៃទី​៣០ ខែមករា​កន្លងទៅ បាន​ថ្លែង​សារ​សង្ខេប​មួយ​ស្តីពី​តួនាទី និង​ការវិវត្ត​របស់​អាស៊ាន​ជា​លើកដំបូង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក​អគ្គលេខាធិការ បាន​គូសបញ្ជាក់​ពី​ការចូលរួម​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ក្តីបារម្ភ​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​លើ​ការថែរក្សា​សន្តិសុខ និង​សន្តិភាព​តែម្តង​។​

 
​ដោយមាន​អម​ជាមួយនឹង​សមាជិក​អាស៊ាន គឺ​ឥណ្ឌូណេស៊ី និង​វៀតណាម ដែល​កំពុងតែ​អង្គុយ​កៅ​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ផង​នោះ លោក​អគ្គលេខាធិការ Lim Jock Hoi បានបង្ហាញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ដែលជា​អង្គភាព​មាន​ឥទ្ធិពល​របស់​ពិភពលោក​បានដឹង​ពី​ការចូលរួម​របស់​អាស៊ាន​ក្នុង​កិច្ចការ​សន្តិសុខ សន្តិភាព និង​វិបុលភាព​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ភាគី​ខាងក្រៅ​រួមទាំង​អង្គការសហប្រជាជាតិ​ផង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Jakarta Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​អគ្គលេខាធិការ បាន​អះអាងថា គិត​ចាប់​តាំង​អាស៊ាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៧​មក អាស៊ាន បាន​បំពេញការងារ​ជា​អង្គភាព​មួយ​ជាមួយ​ការកសាង​ទំនុកចិត្ត សម្រាប់​តំបន់​ដែលមាន​ប្រព័ន្ធ​ខុសគ្នា​ទាំង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។ ការណ៍ ដែល​ចេះ​សម្របសម្រួល​ខ្លួន​ដើម្បី​អង្គភាព​តែមួយ​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក Lim ហ៊ាន​អះអាងថា អាស៊ាន អាចធ្វើ​ការបំពេញបន្ថែម​គ្នា​បាន​ជាមួយនឹង​អង្គការសហប្រជាជាតិ​បាន​។​
 
​ប្រមុខ​អាស៊ាន​រូបនេះ ក៏បាន​លើកឡើង​ពី​លក្ខណៈពិសេស​មួយ​របស់​អាស៊ាន គឺ​ការចេះ​យោគយល់​គ្នា តាមរយៈ​ការប្រកាន់​ខ្ជាប់ មាគ៌ា​អាស៊ាន​។ មាគ៌ា​អាស៊ាន​នោះ​គឺ អាស៊ាន​ជ្រើស​រើសយក​ការពិគ្រោះ​គ្នា​លើ​បញ្ហា ជាជាង​ការបន្ទោស និង​ថ្កោលទោស​គ្នា​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖ អាស៊ាន មាន​ជំនឿ​មួយ​ថា បើ​មាន​ជម្លោះ គ្មាន​នរណា​មួយ​ចំណេញ​នោះទេ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បន្តិច​ផង​នោះ ការបង្ហាញ​វត្តមាន​របស់​អគ្គលេខា​ធិ​ការ​អាស៊ាន​នៅ​ក្រុមប្រឹក្សាសន្តិសុខ គឺ​ចំ​ពេលដែល​សមាជិក​អាស៊ាន​រហូត​ពីរ គឺ​ឥណ្ឌូណេស៊ី និង​វៀតណាម កំពុងតែ​កាន់តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​។ ហើយ​នេះ ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ ព្រោះថា វា ក៏​ជា​ឱកាស​ដ៏​សំខាន់​សម្រាប់​អគ្គលេខាធិការ​អាស៊ាន ដើម្បី​ថ្លែង​ការពារ​ពី​ជំហរ​របស់​អង្គភាព ក៏ដូចជា​សមាជិក​រប​ស់​ខ្លួន​មួយចំនួន​ផង ដែល​កំពុងតែ​ទទួលរង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​រឿង​បញ្ហា​សិទ្ធិមនុស្ស​។​
 
​បច្ចុប្បន្ន សមាជិក​អាស៊ាន​ពីរ​ប្រទេស​គឺ ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា កំពុង​ស្ថិតក្រោម​ការវាយតម្លៃ និង​អង្កេត​ពី​អង្គ​ការជំនាញ​សិទ្ធិមនុស្ស និង​តុលាការអន្តរជាតិ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​រំលោភបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ រួមមាន​ការសម្លាប់​ជនសង្ស័យ​គ្រឿងញៀន​រាប់ពាន់​របស់​រដ្ឋាភិបាល​ហ្វីលីពីន និង​ការបណ្តេញចេញ​ដោយ​បង្ខំ​របស់​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់​នៅ​មី​យ៉ាន់​ម៉ា​៕ 
 
 

Tag:
 ASEAN
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com