ជាតិ
សង្គមជាតិ
ចិន ទុកកម្ពុជា «ជាមិត្តដែកថែបពិតប្រាកដ និង ដកដង្ហើមរួម»
03, Feb 2020 , 6:21 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបជាមួយឯកអគ្គរដ្ឋទូតចិន លោក Wang Wentian  នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបជាមួយឯកអគ្គរដ្ឋទូតចិន លោក Wang Wentian នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
ដោយ: ថ្មីៗ
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាននានាក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីស្ថានភាពនៃមេរោគកូរ៉ូណាប្រភេទថ្មី។ សម្តីរបស់លោក ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិន។



បើតាមសំណេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិន លោក Wang Wentian បានប្រើពាក្យថា៖«មានតែ វាយោបក់បោកខ្លាំង ទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ។ មានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ»។ លោក ប្រើពាក្យនេះ សំដៅមកលើកម្ពុជា ជាពិសេសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពីសម្តេច ប្រកាសនាពេលថ្មីៗនេះថា កម្ពុជា ត្រូវរួមសុខទុក្ខជាមួយប្រជាជនចិន និងចូលរួមជាមួយប្រជាជនចិន ក្នុងការទប់ស្កាត់មេរោគកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាតកាន់តែខ្លាំងឡើងៗ។ 

ដើម្បីបង្ហាញភក្តីភាពជាមួយមិត្តចិន ប្រមុខរដ្ឋាភិបាល សម្រេចមិនជម្លៀសនិស្សិតនិងមន្រ្តីទូតខ្មែរចេញពីចិននោះទេ ហើយក៏មិនបិទជើងហោះហើរពីចិនដែរ។ មេដឹកនាំកម្ពុជា សង្កត់ធ្ងន់ថាថា៖«កុំរត់ចោលប្រជាជនចិនក្នុងគ្រាដ៏លំបាកនេះ»។ មេដឹកនាំរូបនេះ លើកពាក្យស្លោកខ្មែរថា៖«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។

លោកឯកអគ្គរដ្ឋទូត ចាត់ទុកការប្រកាសជំហររបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបែបនេះ ជាការបង្ហាញថា «កម្ពុជាជាមិត្តដែកថែបរបស់ចិនយ៉ាងពិតប្រាកដមែន និង ពិតជាសហគមន៍ជោគវាសនារួម ដែលដកដង្ហើមរួមគ្នា និង រួមសុខរួមទុក្ខជាមួយគ្នាយ៉ាងពិតប្រាកដ»។

លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តី ថែមទាំងប្រកាសទៀតថា នឹងទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ ការប្រកាសរបស់សម្តេច ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែសសម្តេច ទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំនៅទីនោះ។

ទីក្រុងវូហាន គឺជាប្រភពដើមនៃការផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មី។ រដ្ឋាភិបាលចិន បានបិទទីក្រុងវូហាន មិនឲ្យប្រជាជនចាកចេញឡើយ។

គិតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់ជាង៣៦០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគនេះ បានកើនឡើងដល់ជាង១,៧ម៉ឺននាក់ នៅក្នុងប្រទេសចិន។ តួលេខអ្នកស្លាប់ទាំងអស់ គឺនៅប្រទេសចិន ដោយនៅហ្វីលីពីន មានតែ១ករណីប៉ុណ្ណោះ ក្រៅពីនេះ មិនមានករណីស្លាប់ នៅប្រទេសណាឡើយ។

ប្រទេសដែលមេរោគកូរ៉ូណាប្រភេទថ្មី បានរាលដាល់ទៅដល់ មានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេប៉ាល់ ជាដើម។ មេរោគកូរ៉ូណាប្រភេទថ្មី អាចបង្កទៅជាជំងឺរលាកសួត ហើយមកដល់ពេលនេះ គេ មិនទាន់រកឃើញវ៉ាក់សាំងការពារនោះទេ៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com