សុខភាព និងអនាម័យមាត់ធ្មេញមានសារៈសំខាន់ណាស់។ តាមការសិក្សាថ្មីបានភ្ជាប់ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញជាមួយការប្រឈមនឹងជំងឺបេះដូង និងជំងឺរលាកផ្សេងៗទៀត។ យកល្អគួរតែអនុវត្តអនាម័យឲ្យបានល្អ និងប្រាកដថា អញ្ចាញធ្មេញ និងធ្មេញនៅតែមានសុខភាពល្អ។ក្រៅពីអនាម័យ និងការថែរក្សា អាហារដែលអ្នកញ៉ាំ និងប្រភេទនៃរបៀបរស់នៅដែលអ្នកធ្វើក៏អាចមានឥទ្ធិពលចំពោះសុខភាពមាត់ដែរ។
យកល្អគួរតែយកចិត្តទុកដាក់បន្ថមអំពីអាការៈបញ្ហាអញ្ចាញធ្មេញផងដើម្បីពិគ្រោះជាមួយពេទ្យធ្មេញ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីមូលហេតុមួយចំនួនដែលនាំឲ្យឈាមអញ្ចាញធ្មេញ៖
បម្រែបម្រួលអ័រម៉ូន
អ័រម៉ូនមនុស្សយើងប្រហែលជាអាចធ្វើឲ្យឈាមអញ្ចាញធ្មេញបាន។ ជាពិសេសស្ត្រីមានផ្ទៃពោះច្រើនតែជួបបញ្ហាឈាមអញ្ចាញធ្មេញដោយសារតែបម្រែបម្រួលអ័រម៉ូន។ បើសិនជារឿងនេះកើតឡើងមែណ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើប្រាស់ថ្នាំសម្រាប់បញ្ហាអតុល្យភាពអ័រម៉ូន និងព្យាយាមថែរក្សាអនាម័យមាត់ធ្មេញក្នុងពេលតែមួយ។
ដុសធ្មេញខ្លាំងពេក
ពេលខ្លះ មូលហេតុនៃការឈាមអញ្ចាញធ្មេញអាចជារឿងសាមញ្ញទេ ជាពិសេសការដុសធ្មេញខ្លាំងពេក។ ការដុសធ្មេញដោយប្រើកម្លាំងខ្លាំងអាចធ្វើឲ្យរហែកអញ្ចាញធ្មេញរហូតដល់ហូរឈាមបាន។ ចូរចាំថា យកល្អគួរតែថែរក្សាអនាម័យមាត់ធ្មេញឲ្យបានល្អ ដោយកុំដុសធ្មេញខ្លាំងៗពេក តែត្រូវដុសធ្មេញជាទៀងទាត់មួយថ្ងៃពីរដង និងប្រាកដថាអ្នកបានសម្អាតមាត់ទាំងមូលហើយ។
ប្រើអំបោះសម្អាតចន្លោះធ្មេញមិនត្រឹមត្រូវ
ការប្រើអំបោះសម្អាតចន្លោះធ្មេញមើលទៅអាចជារឿងងាយស្រួល តែត្រូវរៀនដែរទើបចេះ។ ការប្រើអំបោះសម្អាតចន្លោះធ្មេញមិនបានត្រឹមត្រូវអាចនាំឲ្យដាច់ដោចដល់អញ្ចាញធ្មេញដែលនាំឲ្យហូរឈាមតាមអញ្ចាញធ្មេញបាន។ អ្នកត្រូវតែប្រាកដថា អ្នកបានរៀនចេះដឹងអំពីវិធីសាស្ត្រត្រឹមត្រូវក្នុងការប្រើអំបោះសម្អាតចន្លោះធ្មេញ។
ការកង្វះវីតាមីន C
ការកង្វះវីតាមីន C ឬហៅថា Scurvy អាចនាំឲ្យហូរឈាមតាមអញ្ចាញធ្មេញបាន។ អាការៈផ្សេងៗទៀតនៃជំងឺនេះមានដូចជា ខ្សោយ អស់កម្លាំង ឬហូរឈាមតាមស្បែក។ ថ្នាំបំប៉នវីតាមីន C និងរបបអាហារសម្បូរដោយវីតាមីន C អាចជួយដល់ការព្យាបាលជំងឺនេះបាន។
មហារីកគ្រាប់ឈាមស
ជំងឺមហារីកគ្រាប់ឈាមសគឺជាមហារីកឈាមមួយប្រភេទដែលអាចធ្វើឲ្យឈាមអញ្ចាញធ្មេញបាន។ នេះជាហេតុផលមួយដែលអ្នកជំងឺគួរតែយកចិត្តទុកដាក់ឲ្យមែនទែន។ អាការៈផ្សេងៗទៀតនៃជំងឺនេះមានដូចជា វិលមុខ អស់កម្លាំង មិនឃ្លានអាហារ និងផ្សេងៗទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh