កីឡាអន្តរជាតិ
អន្តរជាតិ
លោក អា​បេ សន្យា​ទប់ស្កាត់​កូ​រ៉ូ​ណា​វីរុស​មិន​ឲ្យ​រំខាន​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​
04, Feb 2020 , 10:30 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ បាន​និយាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ថា​រដ្ឋាភិបាល​លោក​នឹង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានា​មិន​ឲ្យ​មាន​រោគ​កូ​រ៉ូ​ណាវី​រុស (2019-nCoV) ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ ឆ្នាំ​២០២០ នៅក្នុង​ក្រុង​តូ​ក្យូ​។​


 
«​យើង​នឹង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​រាល់គ្នា​រួមទាំង​គណៈ​ក​ម្មា​ធិ​អូឡាំពិក​អន្តរជាតិ (IOC) និង​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ចាត់វិធានការ​សមស្រប ដើម្បី​ការពារ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​ទៅកាន់​អត្ត​ព​លិ​ក​ដែល​ចូលរួម​ប្រកួត​នៅ​កីឡា​អូឡាំពិក​»​។ លោក​អា​បេ បាន​ប្រាប់​គណៈកម្មាធិការ​សភា​ដូច្នេះ​។​
 
​តាមរយៈ​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Seiko Hashimoto រដ្ឋមន្ត្រី​កីឡា​អូឡាំពិក​ឯណោះ​វិញ ក៏បាន​អះអាង​ដែលថា អ្នករៀបចំ​មិន​ពិចារណា​លុបចោល​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​នេះ​ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វីរុស​ប្រភេទ​ថ្មី (2019-nCoV) ឡើយ​។ ការប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។​
 
​ចំនួន​អ្នកស្លាប់​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​ដែលមាន​ប្រភពពី​ប្រទេស​ចិន​បាន​កើន​ឡើងដល់ ៤២៦ នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជាង​១,៧​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​ចិន​។ តួលេខ​អ្នកស្លាប់​ទាំងអស់ គឺ​នៅ​ប្រទេស​ចិន ដោយនៅ​ហ្វីលីពីន មានតែ​១​ករណី​ប៉ុណ្ណោះ ក្រៅពីនេះ​ប្រទេស​ដទៃ​មិនមាន​ករណី​ស្លាប់​ឡើយ​។​
 
​ប្រទេស​ដែលមាន​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី រាលដាល់​ទៅដល់ មានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេ​ប៉ាល់​។ កូ​រ៉ូ​ណា​ប្រភេទ​ថ្មី អាច​បង្ក​ទៅជា​ជំងឺ​រលាក​សួត ហើយ​មកដល់ពេលនេះ គេ​មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ​៕
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  IOC
  កីឡា​អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com