ភ្នំពេញ៖ ពីទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ សម្ដេច ហ៊ុន សែន បានប្រកាសថា ខ្លួនបានដើរនយោបាយត្រឹមត្រូវ នៅក្នុងទំនាក់ទំនងឧបទ្វីបកូរ៉េ។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋ និងពលករខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅទីនោះ កាលពីថ្ងៃទី៣ មករា។
«ឥឡូវនេះ ខ្ញុំនិយាយដោយមោទនភាពថា ខ្ញុំជាជនជោគជ័យម្នាក់ នៅក្នុងនយោបាយកូរ៉េ»។ សម្ដេច ហ៊ុន សែន និយាយបែបនេះ ចង់សំដៅទៅលើទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េទាំងពីរ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
សម្ដេច ហ៊ុន សែន បានពន្យល់ថា សម្ដេចបានសម្រេចចិត្តយ៉ាងស្រួចស្រាលនៅក្នុងការបង្កើតទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ខណៈកម្ពុជាក៏មានចំណងការទូតជាមួយកូរ៉េខាងជើង ដែលមានការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ឧបទ្វីបកូរ៉េនេះ ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល ចង់សង្កត់ធ្ងន់ថា បើការភ្ជាប់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង គ្មានការលូតលាស់សេដ្ឋកិច្ច និងការរីកចម្រើនទេនោះ សម្ដេចនឹងក្លាយជាជនបរាជ័យហើយ ត្រូវបានកូរ៉េខាងជើងខកចិត្ត និងខឹងចំពោះរដ្ឋាភិបាលសម្ដេចផងដែរ។ ប៉ុន្តែដោយសារទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង នាំមកនូវភាពចម្រើនទៅវិញទៅមកនេះហើយ ទើបសម្ដេច ហ៊ានអះអាងថា ខ្លួនជោគជ័យនៅក្នុងនយោបាយការទូតឧបទ្វីបកូរ៉េនេះ។
«បើសិនជាពេលនោះ ដាក់ទំនាក់ទំនង(ការទូត)រវាងយើងជាមួយកូរ៉េខាងត្បូង អត់មានអីជឿនលឿន បែរជាបាត់ការឧបត្ថម្ភគាំទ្រពីកូរ៉េខាងជើងទៀត ខ្ញុំគឺជាជនបរាជ័យហើយ។ ប៉ុន្តែឥឡូវនេះអត់ទេ ទំនាក់ទំនង(កម្ពុជា) រវាងកូរ៉េទាំងពីរនៅតែរក្សា»។ នេះជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ដែលចង់បញ្ជាក់ថា នយោបាយការទូតរវាងកម្ពុជា និងប្រទេសទាំងពីរ គឺដើរលើផ្លូវត្រឹមត្រូវ ខុសពីនយោបាយការទូតប្រទេសដទៃ ដែលមានការបែងចែកទំនាក់ទំនងជាមួយឧបទ្វីបកូរ៉េនេះ។
តែយ៉ាងណាប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្គត់ធ្ងន់ថា ទោះបីជាកម្ពុជាមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងក្តី ក៏ប៉ុន្តែកម្ពុជាក៏ត្រូវអនុវត្តតាមសិទ្ធិសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រទេសនុយក្លេអ៊ែរមួយនេះដែរ។
សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ពិតមែនហើយ យើងចៀសមិនផុតទេ យើងត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើង វាអត់មានជម្រើស ព្រោះនេះជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលយើងត្រូវតែគោរព។ ក៏ប៉ុន្តែទំនាក់ទំនងធម្មតារវាងយើងជាមួយកូរ៉េខាងជើង ក៏នៅតែបន្ត ដោយមិនយកកូរ៉េខាងជើងជាសត្រូវទេ»។
និយាយពីរឿងទំនាក់ទំនងការទូតហើយ មេដឹកនាំកម្ពុជា ក៏ស្នើឱ្យភាគីកូរ៉េទាំងពីរ ចរចាដោយសន្តិវិធីរកដំណោះស្រាយលើបញ្ហាអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ឧបទ្វីបកូរ៉េនេះ។«ប៉ុន្តែយើងនៅតែទទូចឱ្យ ឧបទ្វីកូរ៉េនេះ គ្មានអាវុធនុយក្លេអ៊ែ ដំណោះស្រាយតាមផ្លូវចរចា បើទោះបីជាការចរចារវាងកូរ៉េខាងជើង និងអាមេរិក ឬកូរ៉េខាងជើងជាមួយនឹងកូរ៉េខាងត្បូង ឬក៏ចរចាពហុភាគីកកើតឡើងវិញ គឺវាសុទ្ធតែជាជម្រើសដោយសន្តិវិធីទាំងអស់»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា។
ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូងបានបង្កើតឡើងលើកដំបូងនៅឆ្នាំ១៩៧០ ប៉ុន្តែបានកាត់ផ្ដាច់វិញនៅឆ្នាំ១៩៧៥ នៃរបបខ្មែរក្រហម។ ជាង២០ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ រដ្ឋាភិបាលកម្ពុជានិងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោមការផ្ដួចផ្ដើមរបស់សម្តេច ហ៊ុន សែន ជាមួយលោក គឹម យ៉ុងសាន អតីតប្រធានាធិបតីកូរ៉េខាងត្បូង។ តាមរយៈទំនាក់ទំនងនេះ បានធ្វើឱ្យភាគីទាំងពីរ មានភាពប្រសើរឡើងនៃផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម រួមទាំងសេដ្ឋកិច្ចទៀតផង។ ក្នុងនោះទំហំពាណិជ្ជកម្មភាគីទាំងពីរ មានចំនួន១,០៣២លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ដោយកម្ពុជានាំចេញទៅកូរ៉េ នូវទំហំទឹកប្រាក់៣៣៥លានដុល្លារ ខណៈកូរ៉េនាំចូលកម្ពុជា ជិត៧០០លានដុល្លារ។
ដោយឡែកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើង បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ ១៩៦៥ ដែលកាលណោះព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានជួបជាមួយលោក គីម អ៊ីលស៊ុង នៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ហើយនៅឆ្នាំ១៩៧០ ក្រោយពីសម្ដេចនរោត្តម សីហនុ ត្រូវបានសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនោះ ព្រះអង្គក៏បាននិរទេសព្រះកាយ យាងទៅរស់នៅប្រទេសកូរ៉េខាងជើង ដោយរដ្ឋាភិបាលកូរ៉េ បានកសាងព្រះរាជដំណាក់មួយថ្វាយជូនព្រះបរមរតនកោដ្ឋ ដែលមានឈ្មោះថា Changsuwon នៅជិតទីក្រុងព្យុងយ៉ាងផងដែរ៕