ជាតិ
នយោបាយជាតិ
វីរុសកូរ៉ូណា៖ សម្ដេច ហ៊ុន សែន នឹងទៅទីក្រុងវូហាន នៅថ្ងៃទី៥ កុម្ភៈ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅទីក្រុងវូហាន ដែលកំពុងផ្ទុះកូរ៉ូណាវីរុស នៅថ្ងៃទី៥ កុម្ភៈ ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ នៅទីនោះ។
ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នៅថ្ងៃទី៤ មករា ប្រមុខរដ្ឋាភិបាល បានសរសេរនៅលើហ្វេសប៊ុកដូច្នេះថា៖« នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងឬការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ូណាវីរ៉ុស»។
ក្នុងជំនួបលោកស្រី ហាក់ ចាហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល សម្តេច ហ៊ុន សែន បាននិយាយថា បញ្ហាបម្រែបម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ ដែលផ្ទុះឡើងនៃជំងឺប្រភេទថ្មី នៅទីក្រុងវូហាន ប្រទេសចិន សុទ្ធតែជាកង្វល់ពិតប្រាកដរបស់ពិភពលោក។
«បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្ត្រក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
គិតត្រឹមម៉ោង១៖៤០នាទីរសៀល ថ្ងៃទី៤ កុម្ភៈនេះ មានអ្នកស្លាប់ចំនួន៤២៧នាក់ ក្នុងនោះចិន ៤២៦នាក់ (ហុងកុង១នាក់) និង១នាក់ទៀតនៅហ្វីលីពីន ខណៈអ្នកជំងឺជាង២ម៉ឺននាក់កំពុងសម្រាកព្យាបាលកូរ៉ូណាវីរុសនេះ ។
© រក្សាសិទ្ធិដោយ thmeythmey.com