អន្តរជាតិ
ចិន​ប្រាប់​ជនបរទេស​នៅ​វូ​ហាន​កុំ​បាច់​ស្លន់ស្លោរ ព្រោះ​ខ្លួន​អាច​យកឈ្នះ​កូ​រ៉ូ​ណា​វីរុស​បាន​
04, Feb 2020 , 2:34 pm        
រូបភាព
គ្រូពេទ្យចិនលើកដៃធ្វើសញ្ញាក្នុងមន្ទីរពេទ្យមួយនៅខេត្តហ្វូជៀន។ រូបភាព Xinhua
គ្រូពេទ្យចិនលើកដៃធ្វើសញ្ញាក្នុងមន្ទីរពេទ្យមួយនៅខេត្តហ្វូជៀន។ រូបភាព Xinhua
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បរទេស​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ទឹកដី​ចិន ពិសេស​នៅ​ទីក្រុង​វូ​ហាន កុំ​មានការ​តក់ស្លុត​អ្វី ខណៈ​ចិន​កំពុងតែ​ព្យាយាម​ដោះស្រាយ​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​យ៉ាង​ពេញទំហឹង​។ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន ក្រសួងការបរទេស​ចិន អះអាងថា ចិន​មាន​សមត្ថភាព​យកឈ្នះ​សង្គ្រាម​ជាមួយ​វីរុស​ប្រភេទ​មួយ​នេះ​ដើម្បី​ការពារ​ប្រជាជន​ខ្លួន និង​ជនបរទេស​ទាំងអស់​ដែល​រស់​នៅលើ​ទឹកដី​ចិន​។​

 
​ជាមួយនឹង​ការផ្ដល់​សារសំខាន់​ដល់​សុខមាលភាព​របស់​ជន​បរទេស​រស់នៅ​ទឹកដី​ចិន ពិសេស​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ចិន​បាន​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ដើម្បី​ដោះស្រាយ​ក្ដីបារម្ភ និង​តម្រូវការ​របស់​ពួកគេ​បាន​ទាន់ពេលវេលា​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ តប​នឹង​សំណួរ​ទាក់ទង​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន​ទៅលើ​ជនបរទេស​ដែល​កំពុង​សិក្សា ឬ​រស់​នៅលើ​ទឹកដី​ចិន​អំឡុងពេល​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​។​
 
​បើតាម​អ្នកនាំពាក្យ​ដដែល វិធាន​ការដែល​ចិន​បានធ្វើ​រួមមាន​ការបង្កើត​បណ្ដាញ​ទូរ​សព្ទ​២៤​នៅ​ខេត្ត​ហ៊ូ​ប៉ី​សម្រាប់​ជនបរទេស​ទាំងអស់ រាប់ទាំង​និស្សិត និង​អ្នកទេសចរ​ផង ទាក់ទង និង​រក​ជំនួយ ព្រមទាំង​បង្កើត​វេ​ប​សាយ​មាន​ភាសា​អង់គ្លេស បារាំង ជប៉ុន​ជាដើម សំដៅ​ផ្ដល់ព័ត៌មាន​ទាន់ពេល និង​ស្ថានការណ៍​របស់​វីរុស​។ លើសពីនោះ ចិន ក៏បាន​ចែកចាយ​វិធានការ​បង្ការ​ទុក​មុន​ដែល​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​របស់ខ្លួន​ស​ម្រា​ប់បរ​ទេស​ផង​។​
 
​អ្នកស្រី Hua អះអាងថា អ្វីដែល​ចិន​បានធ្វើ គឺ​ទៅ​ហួស​ពី​ការកំណត់​របស់​អង្គការ​សុខភាព​ពិភព​លោ​ទៅទៀត​។ មន្ត្រី​ក្រសួងការបរទេស​ចិន​រូបនេះ​បន្ថែមថា​៖ «​ចិន​កំពុងតែ​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​គ្រប់គ្រង​ការ​រាលដាល​កូ​រ៉ូ​ណា​វីរុស​ក្នុង​រយៈពេល​ឆាប់​បំផុត​។ យើង​មាន​ទំនុកចិត្ត និង​សមត្ថភាព​យកឈ្នះ​សមរភូមិ​មួយ​នេះ​។ មិនចាំបាច់​ស្លន់ស្លោរ​ឡើយ​សម្រាប់​មិត្តភក្តិ​បរទេស​រស់នៅ​លើទឹក​ដី​ចិន​។​»
 
​ជាមួយគ្នានេះ មន្ត្រី​ដដែល​ក៏​បញ្ជាក់​ពី​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ក្រ​ខណ្ឌ​តម្លាភាព បើកចំហ និង​ទទួលខុសត្រូវ​ដើម្បី​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាជន និង​ជនបរទេស​ទាំងអស់​នៅ​ចិន​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ ក៏​ឆ្លៀត​រិះគន់​ប្រទេស​ខ្លះ​ដែល​ចាត់វិធានការ​ហួសហេតុ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​វីរុស​ប្រភេទ​ថ្មី​នេះ​ដូចជា​ការហាម​ប្រា​មការ​ធ្វើដំណើរ​ជាដើម ដែល​នេះ​ផ្ទុយ​ពី​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​។​
 
​ងាក​ទៅ​ជំនួយ​អន្តរ​ជាត​វិញ អ្នកស្រី Hua លើកឡើងថា ជំនួយ​ជាច្រើន​បាន​ទៅដល់​ចិន​ជា​បន្តបន្ទាប់​។ កូរ៉េខាងត្បូង ជប៉ុន អង់គ្លេស បារាំង ប៉ា​គី​ស្ថាន បេឡា​រុស តួ​ក​គី អ៊ីរ៉ង់ កា​ហ្សា​ក់​ស្ថាន ហុង​គ្រី ឥណ្ឌូណេស៊ី និង​អង្គការ UNICEF សុទ្ធតែ​បានផ្ដល់​ជំនួយ​ឲ្យ​ចិន ដែល​កំពុង​ខ្វះខាត​ដូចជា​ម៉ាស់​វេជ្ជសាស្ត្រ សម្លៀកបំពាក​ការពារ​ជាដើម​៕
 

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com