ជាតិ
សង្គមជាតិ
ចម្លាក់តោសតវត្សរ៍ទី១៣ ត្រូវបានយកទៅរក្សាទុកនៅប្រាសាទមេបុណ្យខេត្តបន្ទាយមានជ័យ រូបពីលោកស្រី ម៉ៅ ម៉ាល័យ
× ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រុមអភិរក្សដ្ឋានអង្គរ បានប្រទះឃើញរូបចម្លាក់សត្វតោចំនួន១ក្បាល នៅប្រាសាទមេបុណ្យ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈដែលកំពុងតែធ្វើកំណាយជួសជុលប្រាសាទមេបុណ្យ។ លោក គូ វិត ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា ចម្លាក់សត្វតោនោះ ជាប្រភេទសត្វតោដែលកសាងឡើងនៅសតវត្សទី១៣។
បើតាមការអះអាងរបស់លោក គូ វិត ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ក្រុមការងារអភិរក្ស បានរកឃើញចម្លាក់សត្វតោនោះកប់ នៅក្នុងដីជម្រៅ១ម៉ែត្រ តាំងពីសម័យបាយ័នក្នុងសតវត្សរ៍ទី១៣ នៅពេលដែលក្រុមការងារកំពុងតែជួសជុលកំពង់ទឹកបុរាណ នៅក្នុងប្រាសាទមេបុណ្យ ខេត្តបន្ទាយមានជ័យ។
លោក គូ វិត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះថា៖«កាលណាយើងរកឃើញនៅកន្លែងហ្នឹង យើងនឹងដាក់នៅកន្លែងហ្នឹងវិញ។ ឥឡូវយើងកំពុងតែស្ថិតនៅក្នុងដំណើរជួសជុលកំពង់ទឹក។ យើងនឹងយកទៅដាក់វិញទៅ យើងនឹងអាចឃើញពីរូបភាពដើមរបស់វាវិញហើយ»។
បើតាមប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ក្រុមការងារអភិរក្ស មិនទាន់អាចកំណត់ទំហំឲ្យពិតប្រាកដរបស់វាបាននៅឡើយទេ។ លោកបញ្ជាក់ថា មន្ត្រីអភិរក្សកំពុងតែធ្វើការវាស់វែង ដោយសហការជាមួយនឹងអាជ្ញាធរ ដើម្បីការពារ ថែរក្សា និងយាមជាប្រចាំ។ ជាពិសេសក្រុមការងារអភិរក្សក៏បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ពីអ្នកថែរក្សាទឹកដី ដើម្បីឲ្យការជួសជុលប្រាសាទមេបុណ្យ បានសម្រេចជោគជ័យផងដែរ៕
រូបពីលោកស្រី ម៉ៅ ម៉ាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com