លោក ប៉ែន បារាំង និស្សិតខ្មែរម្នាក់ ក្នុងចំណោមនិស្សិតខ្មែរជាង២០នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន បានបង្ហាញក្តីបារម្ភពីសុខភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយឮសម្តេច ប្រកាសថា នឹងទៅទីក្រុងវូហាន ដែលជាកន្លែងផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីសួរសុខទុក្ខពួកលោក។
លោក ប៉ែន បារាំង ដែលហៅសម្តេច ហ៊ុន សែន ថាពុក បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«កូនសុំចិត្តលោកពុកកុំអញ្ជើញមកសួរសុខទុក្ខពួកខ្ញុំក្នុងពេលនេះអី។ ពួកខ្ញុំ បារម្ភពីសុខភាពរបស់លោកពុកដូចគ្នា ចាំពួកខ្ញុំ ត្រឡប់ទៅផ្ទះវិញ ចាំជួបជុំក៏បាន»។
ក្នុងជំនួបជាមួយពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសថា សម្តេច នឹងទៅទីក្រុងវូហាន ដើម្បីជួបនិស្សិតខ្មែរ ប្រសិនបើរដ្ឋាភិបាលចិន អនុញ្ញាត។
តាមរយៈសារលើទំព័រហ្វេសប៊ុក លោក ប៉ែន បារាំង បង្ហាញពីអារម្មណ៍ថា៖«បានស្ដាប់សាររបស់លោកពុកប៉ុណ្ណឹង កូនមានអារម្មណ៍ថាកក់ក្ដៅ និងគ្រប់គ្រាន់។ ពួកកូនអាចឈឺបាន តែលោកពុកមិនអាចឈឺបានទេ ព្រោះលោកពុក ត្រូវមានភារកិច្ចជាច្រើនដែលចាំបាច់ត្រូវការលោកពុកដើម្បីដោះស្រាយ...»។ លោក ផ្តាំទៅសម្តេចថា៖«ពួកកូន នឹងថែទាំសុខភាពឲ្យបានល្អ និងប្រុងប្រយ័ត្នខ្ពស់ និងសហការជាមួយរដ្ឋបាលសាលាឲ្យបានល្អបំផុត»។
និស្សិតរូបនេះ បន្តថា សាលារបស់ពួកលោក ត្រូវបានបិទច្រកចេញចូល និងតម្រូវឲ្យពួកលោក នៅក្នុងអគារស្នាក់នៅ។ លើសពីនេះ សាលារបស់ពួកលោក នៅឆ្ងាយពីគ្នា៦ទីតាំង។ លោក លើកពីបញ្ហានេះ ទំនងជាចង់បញ្ជាក់ថា ពួកលោក អាចពិបាកនឹងប្រមូលផ្តុំគ្នា ទៅជួបសម្តេច ឬក៏សម្តេច ពិបាកនឹងជួបពួកលោក បើសម្តេច ទៅដល់ទីក្រុងវូហាន។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តហើយថា នឹងទៅទីក្រុងវូហាន។ ទំព័រហ្វេសប៊ុករបស់សម្តេច បានប្រកាសជាផ្លូវការថា៖«នៅថ្ងៃស្អែកទី៥កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងឬការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ូណាវីរ៉ុស»។
និស្សិត ប៉ែន បារាំង បានឆ្លើយតបនឹងប្រាប់សារព័ត៌មានថ្មីៗ តាមប្រអប់សារហ្វេសប៊ុក (Chat ) ថា ពួកលោក បានសួរទៅស្ថានទូកម្ពុជាប្រចាំនៅប្រទេសចិន ថាតើមានគម្រោងជម្លៀសពួកលោក ចេញពីទីក្រុងវូហាន មកកម្ពុជាដែរឬទេ? តែស្ថានទូត ឆ្លើយថា មិនទាន់អាចសម្រេចបានទេ ដោយរង់ចាំការសម្រេចពីរដ្ឋាភិបាលកម្ពុជា។
គិតត្រឹមរសៀលថ្ងៃទី៤ ខែកុម្ភៈ មេរោគកូរ៉ូណាប្រភេទថ្មី បានសម្លាប់ជនជាតិចិន៤២៧នាក់ហើយ ដោយក្នុងនោះ ស្លាប់នៅចិន៤២៦នាក់ (នៅហុងកុងម្នាក់) និង នៅហ្វីលីពីនម្នាក់។ ចំណែក អ្នកដែលផ្ទុកមេរោគនេះ បានកើនឡើងជាង២ម៉ឺននាក់ ដោយភាគច្រើនបំផុតនៅប្រទេសចិន៕