សង្គមអន្តរជាតិ​
អន្តរជាតិ
ពលរដ្ឋ​ម៉ាឡេស៊ី​ម្នាក់ ឆ្លង​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ត្រលប់​មកពី​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​
04, Feb 2020 , 4:50 pm        
រូបភាព
រូបភាព៖ Facebook, Noor Hisham Abdullah
រូបភាព៖ Facebook, Noor Hisham Abdullah
​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បាន​អះអាងថា ពលរដ្ឋ​របស់ខ្លួន​ម្នាក់ បាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (2019-nCoV) ដែល​នេះ​គឺជា​ករណី​ដំបូង​បំផុត​នៅក្នុង​ប្រទេស​។ រូបគេ​បាន​ឆ្លង​វីរុស​នេះ​ក្រោយ​ត្រឡប់​មកពី​ប្រជុំ​នៅ​សិង្ហ​បុរី​។ ចំណែក​ជនជាតិ​ចិន ដែល​រួម​ដំណើរ​ជាមួយ​បុរស​រូបនេះ ក៏ត្រូវ​បាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ផងដែរ​។ ដោយ​បន្ថែម​ពីរ​ករណីនេះ ម៉ាឡេស៊ី បាន​កើន​ដល់ ១០​ករណី​។


​បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល ម៉ាឡេស៊ី បាន​រកឃើញ​ពីរ​ករណី​បន្ថែមទៀត នៅក្នុង​ប្រទេស​។ ក្នុងចំណោម​ពីរ​ករណីនេះ មាន​ករណី​មួយ ដែល​ពលរដ្ឋ​ម៉ាឡេស៊ី ដែល​បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ 
 
​បើតាម​ទូរទស្សន៍ Channel NewsAsia ពលរដ្ឋ​ម៉ាឡេស៊ី​វ័យ ៤១​ឆ្នាំ បាន​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សិង្ហ​បុរី​ជាមួយ​មិត្ត​រួម​ការងារ​របស់ខ្លួន​មកពី​ក្រុង​វូ​ហាន​។ បន្ទាប់ពី​ត្រលប់​មកវិញ​បាន​ជិត​មួយ​សប្តាហ៍ បុរស​រូបនេះ បានចេញ​រោគសញ្ញា​កូ​រ៉ូ​ណាវី​រុស និង​ត្រូវបាន​គេ​ពិនិត្យឃើញថា មាន​ផ្ទុក​វីរុស​នេះ​មែន​។ ពេលនេះ អ្នកជំងឺ​រូបនេះ កំពុងស្ថិត​ក្នុងស្ថានភាព​ល្អ និង​ទទួល​ការព្យាបាល​យ៉ាង​ដិតដល់​នៅក្នុង​មន្ទី​ពេទ្យ​Sungai Buloh​។ 
 
​ចំណែក​ក្រុមគ្រួសារ​របស់​ជនជាតិ​ម៉ាឡេស៊ី​រូបនេះ ត្រូវបាន​អាជ្ញាធរ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​តាមដាន​ជំងឺ ថា​តើ​អ្នក​ទាំងនោះ​មាន​ឆ្លង​វីរុស​ឬក៏​អត់​។ 
​សម្រាប់​ជនជាតិ​ចិន ដែល​រួម​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី ក៏ត្រូវ​បាន​គេ​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ផងដែរ​។ ពេលនេះ អ្នកជំងឺ ស្ថិតក្នុង​ស្ថាន​ភាពល្អ និង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ Kuala Lumpur​។ តាម​ការបញ្ជាក់​របស់​អាជ្ញាធរ ជនជាតិ​ចិន​វ័យ ៦៣​ឆ្នាំ​រូបនេះ បាន​ចូលមក​ម៉ាឡេស៊ី​តាំងពី​ថ្ងៃទី​១៨ ខែមករា មក​ម្លេះ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួ​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​១០​ករណី​ខាងលើ ម៉ាឡេស៊ី នៅមាន​ជនសង្ស័យ​ថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​២០​នាក់​បន្ថែមទៀត ដែល​កំពុង​ស្ថិតនៅក្រោម​ការធ្វើ​រោគវិនិច្ឆ័យ​។  
 
 
 

Tag:
 ម៉ាឡេស៊ី​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com