សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន អនុញ្ញាត​ឲ្យ​អ្នកជំនាញ​សុខភាព​អាមេរិក​ចូលរួម​ក្នុងការ​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស​
04, Feb 2020 , 9:19 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
 ចិន បានអនុញ្ញាត​ឲ្យ​អ្នកជំនាញ​សុខភាព​អាមេរិក​ចូលរួម​ក្នុង​ក្រុម​បេសកកម្ម​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ទប់ស្កាត់​ការ​រាលដាល និង​គ្រប់គ្រង​កូ​រ៉ូ​ណាវី​រុស ដែល​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន ហើយ​ករណី​ឆ្លង​ក៏​កាន់តែ​កើនឡើង​ផង​នោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី WHO នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។ ក្រុម​បេសកកម្ម​របស់ WHO នឹង​ទៅដល់​ចិន​នៅ​សប្ដាហ៍​នេះ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រាលដាល​វីរុស​នេះ​។​

 
​ទោះ​មាន​ការមិន​ពេញចិត្ត​ខ្លះ​នឹង​វិធានការ​តឹងរ៉ឹង​បរស់​អាមេរិក​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស ចិន​នៅតែ​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​អាមេរិក​មកជួយ​ខ្លួន​ក្នុង​ការរក​វិធី​ដោះស្រាយ​ការ​រាលដាល និង​ការគ្រប់គ្រង​កូ​រ៉ូ​ណាវី​រុស ដែល​មកទល់ពេលនេះ មិនមាន​សញ្ញា​ថមថយ​នៃ​ការឆ្លង​ទេនោះ​។ អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុម​បេសកកម្ម​របស់ WHO នឹង​ទៅដល់​ចិន​នៅ​ឆាប់​បំផុត​ដើម្បី​ស៊ើបអង្កេត​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​
 
​បេសកកម្ម​របស់ WHO នេះ ត្រូវបាន​ឯកភាព​អំឡុង​ជំនួប​របស់​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កាលពី​សប្ដាហ៍​មុន​។ បើតាម​លោក Ghebreyesus ក្រុមការងារ​នេះ នឹង​សមាសភាព​មកពី WHO ផ្ទាល់ និង​អ្នកផ្ដល់​ប្រឹក្សា​មួយចំនួន​ផងដែរ​។ 
 
​អ្នកនាំពាក្យ WHO ប្រាប់ Reuters នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​ថា បេសកកម្ម​អន្តរជាតិ នឹង​ដឹកនាំ​ដោយ WHO ផ្ទាល់ ហើយ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ​របស់​អាមេរិក ជា​ផ្នែក​មួយ​ផងដែរ​។ បើតាម​អ្នកនាំពាក្យ​ដដែល សមាសភាព​នៃ​បេសកកម្ម​នេះ ក៏​រួមបញ្ចូល​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង និង​បន្ទប់ពិសោធន៍ ការស្រាវជ្រាវ និង​អភិវឌ្ឍ ហើយ​ដែល​ត្រូវ​ធ្វើការ​ជាមួយ​ភាគ​ចិន​ក្នុងការ​ឆ្លើយតប​សាកល​ទៅនឹង​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​។​
 
​ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​៤២៧​នាក់​បើ​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​៤ ខែកុម្ភៈ​នេះ ខណៈ​តុល្យការ​អ្នកស្លាប់​កាលពី​ម្សិលមិញ គឺ​៣៦២​នាក់ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​។ ក្រៅពី​ករណី​នៅ​ហ្វីលីពីន អ្នកស្លាប់​ទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន រាប់ទាំង​ហុងកុង​មួយ​ករណី​ផងដែរ​។ អ្នកជំងឺ​ឡើងដល់​២​ម៉ឺន​នាក់​នាក់ ហើយ​អ្នក​ដែល​សះស្បើយ​មាន​ជាង​៥៨០​នាក់​។​
 
​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​។ ប្រទេស​ជាច្រើន ក៏​ចាត់វិធានការ​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​៕
 
 

Tag:
 ចិន​
  អាមេរិក​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com