ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ស្នើឱ្យ​NGO​ធ្វើការ​ដោយ​តម្លាភាព​ជាមួយ​រដ្ឋាភិបាល តែ​NGO​ថា មន្ត្រី​រដ្ឋាភិបាល​ទេ ដែល​លាក់លៀម​
04, Feb 2020 , 9:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង។
រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង។
 ភ្នំពេញ​៖ រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ស្នើឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​សមាគម ធ្វើការ​ងារ​ដោយ​តម្លាភាព​ជាមួយ​រដ្ឋាភិបាល តាមរយៈ​ការផ្ដល់​ព័ត៌មាន​ពិតប្រាកដ​។ តែ​មន្ត្រី​សង្គម​ស៊ីវិល អះអាងថា ខ្លួន​មិនដែល​លាក់បាំង​ព័ត៌មាន​ជាមួយ​រដ្ឋាភិបាល​ឡើយ គឺ​មានតែ​មន្ត្រី​រដ្ឋាភិបាល​ទេ ដែល​លាក់លៀម​ព័ត៌មាន​ថ្នាក់ដឹកនាំ​។​


​សម្ដេច ស ខេង ដែល​បាន​ត្រួតពិនិត្យ​របាយ​ការ​ប្រចាំឆ្នាំ​២០១៩ រកឃើញថា បញ្ហា​រវាង​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ ធ្វើការ​មិនសូវ​ចុះសម្រុង​គ្នា​នោះ គឺ​មកពី​ការ​លាក់បាំង​ព័ត៌មាន​។ ការ​លាក់បាំង​ព័ត៌មាន​នេះ គឺ​សម្ដេច ស ខេង ចង់​និយាយ​សំដៅទៅ​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​បញ្ចេញ​របាយការណ៍​ដែល​ពួកគេ​រកឃើញ ប្រាប់​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខ្លួន​ឱ្យបាន​ច្បាស់លាស់​ទេ ប៉ុន្តែ​បែរជា​ទុក​បញ្ចេញ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ប្រៀបដូចជា​បំប៉ោង​ព័ត៌មាន​ទៅវិញ​។​
 
​ថ្លែង​ក្នុង​ពិធី​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម កាលពី​ថ្ងៃទី​៣ កុម្ភៈ រដ្ឋមន្ត្រី​មហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ស្នើ​(NGO និង​សមាគម​)​ផ្ដល់ព័ត៌មាន​កុំ​លាក់ បើ​មិន​អ៊ីចឹង យើង​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​។ ប្រសិនបើ​(​ប្រមូល​ព័ត៌មាន​ហើយ​)​យកមក​បំផ្ទុះ​ករណី​ថា ឆ្នាំនេះ មាន​ប៉ុន្មាន​រយ​ករណី ដែល​អាជ្ញាធរ​គៀបសង្កត់​គំរាមកំហែង សួរថា​ព័ត៌មាន​នៅឯណា​? សូម​ឲ្យ​គាត់​(NGO)​ផ្ដល់ព័ត៌មាន​ជាក់លាក់ តែ​គាត់​មិន​ហ៊ាន​ផ្ដល់ អ៊ីចឹង​បានន័យថា​គាត់​បំប៉ោង​ព័ត៌មាន ព្រោះ​យើងខ្ញុំ​ចង់បាន​អាហ្នឹង​(​ព័ត៌មាន​ពី​បញ្ហា​) ព្រោះ​យើង​មាន​របៀបរបប​នៃ​ការធ្វើការ​»​។​

   
លោក សែនករុណ (រូបពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា) 

​មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា បាន​និយាយថា អង្គការ​សង្គម​ស៊ីវិល​គ្មានអ្វី​លាក់បាំង​រដ្ឋាភិបាល​នោះទេ ព្រោះ​រាល់​ព័ត៌មាន​ដែល​ប្រមូលបាន គឺ​NGO​តែងតែ​យកទៅ​ពិភាក្សា និង​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​។ ផ្ទុយទៅវិញ​លោក ករុណា បាន​រិះគន់​វិញ​ថា ការធ្វើ​ការមិនចុះសម្រុង​គ្នា​នោះ ដោយសារតែ​អាជ្ញាធរ ឬ​មន្ត្រី​ក្រសួងមហាផ្ទៃ​ទេ ដែល​មិន​បានធ្វើ​សេចក្ដីរាយការណ៍ ពី​រឿង​ពិត​នៅ​មូលដ្ឋាន ដែល​អង្គការ​សង្គម​ស៊ីវិល​រកឃើញ​ប្រាប់​ទៅ​ថ្នាក់លើ ខណៈ​មន្ត្រី​ខ្លះទៀត មិន​គោរព​តាម ការណែនាំ​(​ស​.​ជ​.​ណ​) របស់​ក្រសួងមហាផ្ទៃ​តែម្ដង​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​អាដហុក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ខ្សែបណ្ដោយ​ក្រសួងមហាផ្ទៃ​ទេ ដែល​លាក់បាំង​មិន​រាយការណ៍​ទៅខាង​ក្រសួង​ខ្លួនឯង​។ ចំណែក​ខាង​អង្គការ​អាដហុក​របស់​យើង​តែងតែ​បង្ហាញ​លិខិត​របស់​ក្រសួងមហាផ្ទៃ រាល់​រឿង​ដែល​កើត​ឡើងទៅ​មន្ត្រី​ថ្នាក់ក្រោម​។ ម​ន្រី្ត​ខ្លះ​ក៏​អនុវត្ត ហើយ​មន្ត្រី​ខ្លះ​ក៏​រង់ចាំ​ថ្នាក់លើ​បន្តៗ​គ្នា​»​។ 
​របាយ​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០១៩ ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល បានបង្ហាញ​ពី​បញ្ហា​ប្រឈម​នៃ​ទំនាក់ទំនង​មិនល្អ រវាង​របស់​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ចំនួន​ពីរ​ករណី ដែល​កើតឡើង​នៅ​ខេត្តបាត់ដំបង​និង​បន្ទាយមានជ័យ​។ តាមរយៈ​របាយការណ៍​នេះហើយ ដែល​សម្ដេច ស ខេង ពិនិត្យឃើញថា បញ្ហា​ការកើតឡើង​ដោយសារ​ការលាកលៀម​ព័ត៌មាន​របស់​សង្គម​ស៊ីវិល ដែល​ធ្វើឱ្យ​ទំនាក់ទំនង​គ្នា​នេះ គ្មាន​តម្លាភាព និង​មិន​បង្ហាញ​ពី​ការកសាង​ភាពជា​ដៃគូរ​។​
 
« បើសិនណា បើ​មាន​ករណីបែបនេះ ហើយ​គាត់ (NGO)​បូកសរុប​(​បញ្ហា​ប្រឈម​)​យកទៅ​ផ្សព្វផ្សាយ តែ​គាត់​(NGO)​មិនបាន​ផ្ដល់ព័ត៌មាន​នេះ ដល់​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល ប្រៀប​ដូច​គាត់​លាក់​ព័ត៌មាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​មហាផ្ទៃ ដែល​បាន​សង្កត់ធ្ងន់ថា បើ​អង្គការ​សង្គម​ស៊ីវិល រកឃើញ​បញ្ហា​ហើយ ប្រាប់​ទៅ​មន្ត្រី​និង​អាជ្ញាធរ​ដើម្បី​ដោះស្រាយ ប៉ុន្តែ​ពួកគេ​មិន​ដោះស្រាយ​នោះ ទើប​វា​ជា​កំហុស​របស់​រដ្ឋាភិបាល​។​

   
លោក អំ សំអាត (រូបពីទំព័រហ្វេសប៊ុករបស់របស VOA Khmer)

​តែ​យ៉ាងណា​លោក អំ សំអាត ហាក់​មិន​យល់​ស្របតាម​ការលើកឡើង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ឡើយ​។ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) រូបនេះ មើលឃើញថា មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ មិនសូវ​ស្ទុះស្ទា​ដោះស្រាយ​បញ្ហា ដែល​ខាង​សង្គម​ស៊ីវិល​រកឃើញ​នោះទេ តែ​ផ្ទុយទៅវិញ​ពួកគេ​ចូលចិត្ត​លាប​ពណ៌​មក​អង្គការក្រៅរដ្ឋាភិបាល ដែល​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​
 
«​កន្លងមក​បញ្ហាសំខាន់​ដែល​នៅ​ដិតដាម​នោះ គឺ​ការ​លាប​ពណ៌ វា​ចំណុច​មួយ​ដែល​ធ្វើ​រាំងស្ទះ​(​ការងារ​មូលដ្ឋាន​) ។​កន្លងមក​រដ្ឋាភិបាល​ថា លោក​មាន​សៀវភៅ «​ស​» ជា​ឧទាហរណ៍​បទដ្ឋាន​ផ្សេងទៀត ដែល​ដាក់​អង្គការ​មួយចំនួន​នៅក្នុង​ការពាក់ព័ន្ធ​នឹង​ការប្រឆាំង​ឬ​ធ្វើ​បដិវត្ត​ពណ៌​។ នេះ​ជាហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​មួយចំនួន​នៅ​ដិតដាម​បញ្ហា​ហ្នឹង នៅ​បារម្ភ ដែល​ធ្វើឱ្យ​រាំងស្ទះ​ការងារ​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក អំ សំអាត ដែល​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ថ្នាក់ជាតិ យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ចៀស​ជាង​ការរាយការណ៍​ថា សង្គម​ស៊ីវិល​សរសេរ​របាយការណ៍​ផ្សព្វផ្សាយ​បំប៉ោង​ព័ត៌មាន​។ 
 
​មន្ត្រី​សង្គម​ស៊ីវិល ក៏​ស្នើឱ្យ​រដ្ឋាភិបាល​ដាក់ទោស​ទា​ណ្ឌ​លើ ម​ន្រី្ត​ណា​ដែល​មិន​គោរព​តាម​សេចក្តី​ជូន​ដំ​ណឺង​( ស​.​ជ​.​ណ​) និង​មិន​រាយការណ៍​ពីអ្វី​ដែល​កើតឡើង​នៅតាម​មូលដ្ឋាន​ទៅ​ថ្នាក់ជាតិ​ផងដែរ​។​
 
​នៅ​ឆ្នាំ​២០១៩​កន្លងមក មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ចំនួន​សរុប​៩៦៦ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ស្របតាម​ច្បាប់ ក្នុងនោះ​សមាគម​ចំនួន​៤៧១ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៤៩៥ ។ ជាមួយគ្នានេះ ក៏មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន​៣៨ ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី តាម​សំណើ​របស់​អង្គភាព​សាមី​៕
 
 
 
 

Tag:
 ដ្ឋាភិបាល​
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com