កីឡាអន្តរជាតិ
អន្តរជាតិ
មេ Red Bull រំពឹង​អាច​ប្រណាំង​នៅ​ទឹកដី​ចិន ទោះ​កូ​រ៉ូ​ណា​វីរុស​វាយលុក​ខ្លាំង​
04, Feb 2020 , 9:59 pm        
រូបភាព
​កម្មវិធី​ប្រណាំង​រថយន្ត Formula One នៅលើ​ទីលាន Chinese Grand Prix ដែល​ប្រព្រឹត្តិ​ទៅក្នុង​ក្រុង​សៀង​ហៃ ប្រទេស​ចិន នា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ នឹងត្រូវ​ពិភាក្សា​ឡើងវិញ​នៅ​សប្តាហ៍​នេះ​។ ស្ថាប័ន F1 រំពឹងទុក​ថា​ទីលាន​នេះ​នៅតែមាន​ក្នុង​បញ្ជី​ប្រណាំង​របស់ខ្លួន​រដូវ​កាល​នេះ​ដដែល បើ​ទោះ​មេរោគ​កូ​រ៉ួ​ណា​វីរុស​កំពុង​វាយលុក​ខ្លាំង​ក្តី​។​



​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ដ៏​ធំ​កម្រិត​ពិភពលោក F1 រដូវ​កាល ២០២០ បាន​កំណត់ថា​ទីលាន Chinese Grand Prix ត្រូវ​ដឹកនាំ​ការ​ប្រ​ណាំ​នៅ​ជុំ​ទី​៤ ក្នុងចំណោម​ការប្រណាំង​សរុប​ទាំង​២២​លើក​។​
 
​លោក Christian Horner ប្រធាន​ក្រុម Red Bull Racing បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​ថា ស្ថានការណ៍​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​មេរោគ​កូ​រ៉ួ​ណាវី​រុស ហើយ​លោក​ជឿជាក់​លើ​ការសម្រេចចិត្ត​របស់​ស​ហ​ព័ន្ធ​កីឡា​ប្រណាំង​រថយន្ត (FIA) និង​ក្រុមហ៊ុន Liberty Media​។​
 
«​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​សុខភាព និង​សុខុមាលភាព មិន​ត្រឹមតែ​អ្នកបើកបរ​នៅ Formula One ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិក សមាជិក​ទាំងអស់​ក៏ត្រូវ​បាន​ធានា​ពី​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ដែរ​។ ខ្ញុំ​ប្រាកដថា​ពួកគេ​នឹង​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់​មុនពេល​សម្រេច​ពន្យារពេល ឬក៏​លុបចោល​ការប្រណាំង​នោះ​។ ដូច្នេះ​យើង​ត្រូវតែ​ជឿជាក់​លើ​ការវិនិច្ឆ័យ​និង​ចំណេះដឹង​របស់​ពួកគេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Horner​។​
 
​ស្របពេល​គ្នា​នេះ​អ្នក​ប្រណាំង​សញ្ជាតិ​ហូ​ឡង់ Max Verstappen ដែល​បើកបរ​ឲ្យ​ក្រុម Red Bull បាន​អះអាងថា​ខ្លួន​មិនមាន​ការព្រួយបារម្ភ​អំពី​ស្ថានភាព​ដូច​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន​សព្វថ្ងៃ​នោះទេ​។​
 
​សម្រាប់​កីឡា​ប្រណាំង​ម៉ូតូ និង​ការប្រកួត​កីឡា​អេឡិចត្រូនិក Formula E series វិញ ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា​បាន​បញ្ឈប់​ការប្រកួត​ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​សាន់​យ៉ា ប្រទេស​ចិន នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ដោយ​បារម្ភ​ខ្លាច​មាន​ផលប៉ះពាល់​ដោយ​កូ​រ៉ូ​ណាវី​រុស​៕ 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  Formula One
  Red Bull
© រក្សាសិទ្ធិដោយ thmeythmey.com