ONE Championship
កីឡាជាតិ
ជាតិ
ហេតុអ្វី អ្នកគាំទ្រ​កម្ពុជា​មិនគួរ​ខកខាន​ទស្សនា ONE: WARROR'S CODE
04, Feb 2020 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី ONE: WARRIOR’S CODE ត្រូវ​រៀបចំ​នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​លើកដំបូង​សម្រាប់​ឆ្នាំ ២០២០ នៅ​ថ្ងៃ​សុក្រ​ទី​៧ ខែកុម្ភៈ ចាប់ពី​ម៉ោង ៦:៣០​នា​ទិ ល្ងាច​តទៅ​។ អ្នកគាំទ្រ​កម្ពុជា​មិនគួរ​ខកខាន​ទស្សនា​ឡើយ ដោយសារ​មាន​គូប្រកួត​ខ្សែក្រវាត់​លំដាប់​ពិភពលោក និង​មាន​កីឡាករ ខុន ស៊ី​ចាន់ ទៀតផង​។ ស៊ី​ចាន់ មកពី Phnom Penh MMA ត្រូវ​ប៉ះ​កីឡាករ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Eko Roni Saputra​។

 
1# Petchmorakot ប៉ះ Detrit ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​
Petchmorakot Petchyindee Academy នឹង​ឡើង​មកជួប​មិត្ត​រួម​ជាតិ​ថៃ Detrit Sathian Muay Thai ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ Petchmorakot នឹង​ជួប​កីឡាករ​វ័យ ២៩ ឆ្នាំ Detrit ក្នុងការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight Muay Thai World Title ដែល​គេ​សម្ពោធ​ឲ្យ​ដណ្ដើម​លើកដំបូង​នៅ​ក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​។  Detrit ទទួលបាន​ការកោះហៅ​ប្រថុចញ៉ុច ពោល​ត្រឹម ៨ ថ្ងៃមុន​ការប្រកួត​ប៉ុណ្ណោះ ដោយសារ​កម្មវិធី​មានការ​ផ្លាស់ប្ដូរ​ភ្លាមៗ ប៉ុន្តែ រូបគេ​មិន​ស្ទាក់ស្ទើរ​ឡើយ​ដើម្បី​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ដំបូង​នៅ ONE Super Series នេះឡើយ​។ 
 
Detrit  ថ្លែងថា​៖«​អ្នកចាត់ការ​របស់ខ្ញុំ​ប្រាប់ថា ONE Championship ផ្ដល់​ឲ្យ​ខ្ញុំ​ចំពោះ​ការប្រកួត World Championship តែ​ខ្ញុំ​មាន​អន្ទះអន្ទែង​ណាស់​។ ព្រោះ ONE Championship ជា​ស្ថាប័ន​កីឡា​ធំ​បំផុត​មួយ​ក្នុង​លោក​។ យ៉ាងណាក្ដី អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ស្ថិតក្នុង​ផ្នែក​នៃ​ការប្រកួត​ដ៏​ធំ​នេះ​។ គាត់​ទើប​ប្រាប់​ខ្ញុំ​នា​ថ្ងៃទី ៣០ មករា ប៉ុណ្ណោះ​។ ខ្ញុំ​គេង​មិន​លក់​សោះ​ពេលនោះ និង ចាប់ផ្ដើម​ហ្វឹកហាត់​ខ្លាំង​ដូច​រាល់ដង​។ បែបណាក៏ដោយ​ខ្ញុំ​សប្បាយចិត្ត​។ ខ្ញុំ​ជឿជាក់​សើ​សមត្ថភាព​របស់ខ្ញុំ ១០០%»​។ 
 
Detrit មិនមាន​ពេល​ច្រើន​ដើម្បី​រៀបចំ​ប៉ុន្តែ រូបគេ​ស្ថិតក្នុង​ស្ថាន​ភាពល្អ​ចំពោះ​ការប្រកួត​ដោយសារ​ការប្រកួត​ចុងក្រោយ​របស់គេ​ធ្វើឡើង​កាល​ថ្ងៃទី ១៧ ខែ មករា​។ Detrit ពិតជា​មិនធម្មតា​ទេ ព្រោះ​មានកំណត់​ត្រា​ឈ្នះ​ក្នុងការ​ប្រកួត​រហូតដល់ ១៣៩ ចាញ់ ៤៤ លើក និង ស្មើ ២ លើក​។ ចំណែក​ជើង​ខ្លាំង Petchmorakot មានកំណត់​ត្រា​ប្រកួត​ឈ្នះ ១៥៨ ដង ចាញ់ ៣៥ ដង និង ស្មើ ២ ដង​។ តើ​ម្ចាស់​ខ្សែក្រវាត់​ថ្មី  ONE Featherweight Muay Thai World Title ជា​នរណា​នា​ថ្ងៃ​សុក្រ​នេះ​? 
 
2# ទម្ងន់ Middleweight គួរ​ចាប់​ចាប់អារម្មណ៍ 
​ការប្រកួត​គូ​ឯក​រង​រវាង Leandro Ataides ឬ ឈ្មោះ​ក្រៅ Wolf និង Reinier De Ridder ឬ ឈ្មោះ​ហៅ​ក្រៅ The Dutch Knight​។ កីឡាករ​ទម្ងន់ Middleweight ទាំងពីរ​នឹង​បង្កើត​ភាព​ជក់ចិត្ត​ក្នុងការ​ប្រកួត​គុន​ចម្រុះ​មុន​ឈានដល់​គូ​ឯក​ដណ្ដើម​ខ្សែក្រវាត់​។ កីឡាករ​ប្រេ​ស៊ី​ល Leandro បាន​បង្កើត​កំណត់​មិន​អន់​នោះទេ​នាពេល​កន្លង​ទៅក្នុង​វិស័យ​គុន​ចម្រុះ​ដោយ​ឈ្នះ ១១​លើក និង ចាញ់ ៣ លើក ស្របពេល Reinier កីឡាករ​សញ្ជាតិ​ហូ​ឡង់ មានកំណត់​ត្រា​រឹតតែ​ល្អឥតខ្ចោះ ពោល ឈ្នះ ទាំង ១១ ដង ក្នុងការ​ប្រកួត ១១ លើក​។ តើ កីឡាករ​រហស្សនាម The Dutch Knight អាច​បន្ត​កំណត់ត្រា​បន្ថែម ឬ យ៉ាងណា​? 
 
 
3# ខុន ស៊ី​ចាន់ ជា​កីឡាករ​ម្នាក់​របស់​កម្ពុជា​ត្រូវ​តាមដាន​ខ្លាំង​
​ខុន ស៊ី​ចាន់ ជា​អ្នកលេង​គុន​ចម្រុះ​ដ៏​ល្អ​ម្នាក់​នៅក្នុង​ប្រទេស​និង​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​ឡើង​សង្វៀន​អន្តរជាតិ ONE មុនគេ​ឆ្នាំ ២០២០​។ ស៊ី​ចាន់ ជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge  វគ្គ​ទី​១ ឆ្នាំ ២០១៣ ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ចំបាប់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី Eko Roni Saputra ក្នុង​កម្មវិធី​ខាងលើ​។ ស៊ី​ចាន់ ធ្វើ​មិន​បានល្អ​ឡើយ​ក្នុង​ពីរលើក​កន្លងមក​ដោយ​សន្លប់​ក្រោម​ក្បាច់​ឃ្លេ​របស់ Rudy Agustian និង Roshan Mainam ត្រឹម​ទឹក​ទី​១ ដូចគ្នា​នៅ​ឆ្នាំ ២០១៩​។ អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់​កំពុង​រង់ចាំ​មើល​ថ្វីដៃ​ថ្មី​របស់ កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​។ មុន​ឡើង​សង្វៀន ស៊ី​ចាន់ បញ្ជាក់​បែប​ថា ៖«​លើក​នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ច្រើន ព្រោះ Eko Roni មាន​ក្បាច់​ឃ្លេ​នៅ​អន់​មិន​ដូច Rudy និង Mainam ដែល​ខ្ញុំ​ជួប​កន្លងទៅ​ឡើយ​»​។ ស៊ី​ចាន់ មានកំណត់​ត្រា​ឈ្នះ ៣ និង ចាញ់ ៥ លើក​នៅ​សង្វៀន គុន​ចម្រុះ ស្របពេល Saputra មានកំណត់​ត្រា​ឈ្នះ ១ លើក និង ចាញ់ ១​លើក លើស​ង្វៀន ONE Championship កន្លងមក​។ 
 
​គ្រប់គ្នា​រង់ចាំ​មើល ថា​តើ ស៊ី​ចាន់ អាច​ត្រលប់​មករក​ភាព​ឈ្នះ​ទល់នឹង Eko Roni Saputra ដូច​កាល​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar ឬ យ៉ាងណា​? 
 
4# កីឡាករ​ក្នុងស្រុក​ឥណ្ឌូណេស៊ី​ចាប់ផ្ដើម​បញ្ចេញ​ឫទ្ធិ 
​ក្រៅពី​ការប្រកួត​គូ​ឯក ក៏មាន​គូប្រកួត កីឡាករ​ក្នុងស្រុក​របស់​ឥណ្ឌូណេស៊ី​រហូតដល់ ៧ នាក់​ផ្សេង​ប្រឈម​នឹង​គូប្រជែង​ដើម្បី​ញុំ​ា​ង​ឲ្យ​សង្វៀន Istora Senayan នៃ​ក្រុង​ហ្សា​កាតា​កាន់តែ​រំភើប​ញាប់​ញ័រ​។ គេ​ដឹង​ច្បាស់​ថា អ្នកគាំទ្រ​ឥណ្ឌូណេស៊ី នឹង​ទៅ​គាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​សង្វៀន​ផ្ទាល់​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​របស់ខ្លួន​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: WARROR'S CODE ពី​ក្រុម នៅ​សុ​ក្រទី ៧  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

 

© រក្សាសិទ្ធិដោយ thmeythmey.com