សង្គមអន្តរជាតិ​
អន្តរជាតិ
ម៉ា​កាវ ប្រកាស​បិទ​កាស៊ីណូ​ទូទាំង​ក្រុង​ពីរ​សប្ដាហ៍​ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​កូ​រ៉ូ​ណាវី​រុស​
04, Feb 2020 , 10:59 pm        
រូបភាព
​ទីក្រុង​ម៉ា​កាវ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បានប្រកាស​បិទ​កាស៊ីណូ​ទាំងអស់​ក្នុង​ទីក្រុង​រយៈពេល​ពីរ​សប្ដាហ៍​ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​កូ​រ៉ូ​ណាវី​រុស​។ វិធានការ​នេះ ត្រូវបាន​ដាក់ចេញ​ក្រោយ​បុគ្គលិក​បម្រើ​ក្នុង​កាស៊ីណូ​ម្នាក់ បាន​ឆ្លង​វីរុស​នេះ ហើយ​ករណី​ឆ្លង​នៅ​ម៉ា​កាវ​មាន​ចំនួន​១០​ផងដែរ​។

 
​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ដល់​ទៅ​១០​ករណី បាន​បង្ខំ​ម៉ា​កាវ​បិទ​ឧស្សាហកម្ម​កាស៊ីណូ​របស់​ខ្លួន​បណ្ដោះអាសន្ន​។ ប្រមុខ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ Ho Iat-seng បានប្រកាស ម៉ា​កាវ​រកឃើញ​ករណី​ឆ្លង​ចុងក្រោយ​ពីរ​ករណី​ទៀត ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​តំបន់​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​បញ្ឈប់​ការ​រាលដាល​បន្ថែម​។​
 
​បើតាម​លោក Ho ករណី​ឆ្លង​ទី​៩ បានកើត​លើ​បុគ្គលិក​កាស៊ីណូ​ជា​ស្ត្រី​ម្នា​ក់វ័យ​២៩​ឆ្នាំ​អំឡុងពេល​ចូលរួម​ពិធី​អបអរ​ចូលឆ្នាំ​ចិន​។ លោក Ho អះអាងថា ករណីនេះ បង្ហាញ​ពី​ការឆ្លង​វីរុស​នៅ​ទូទាំង​ទីក្រុង​។ នេះ ក៏​ជា​មូលហេតុ​ដែល​លោក​ត្រូវ​សម្រេចចិត្ត​បិទ​កាស៊ីណូ​ទាំងអស់​រយៈពេល​១៤​ថ្ងៃ​ផងដែរ ខណៈ​បុគ្គលិក​រូបនេះ​បាន​ជិះឡាន​ក្រុង និង​បរិភោគ​អាហារ​ជាមួយ​បុគ្គលិក​ឯទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត South China Morning Post​។​
 
«​នេះ​ជាការ​សម្រេចចិត្ត​ដ៏​លំបាក ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ប្រយោជន៍​ប្រជាជន​ម៉ា​កាវ​។ ម៉ា​កាវ នៅតែ​អាច​ទ្រាំទ្រ​ការខាតបង់​សេដ្ឋកិច្ច​បាន​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Ho ដែល​បន្តថា រដ្ឋាភិបាល​របស់លោក កំពុងតែធ្វើការ​លើ​ឯកសារ​ច្បាប់​នានា​ដើម្បី​អនុវត្ត​បម្រាម​ពីរ​សប្ដាហ៍​នេះ​។ មន្ត្រី​ម៉ា​កាវ ក៏​នឹង​ជួប​ជាមួយ​តំណាង​កាស៊ីណូ និង​សណ្ឋាគារ​ទាំងអស់​ដើម្បី​ជជែក​ពី​បញ្ហា​នេះ​។ 
 
​យ៉ាងណាមិញ ប្រមុខ​រដ្ឋាភិបាល​តំបន់​ពិសេស​មួយ​នេះ មិនទាន់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រយៈពេល​ហាមឃាត់​នៅឡើយ​ដែរ​។ ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​ខាងលើ លោក Ho បាន​បង្ហើប​ថា ក្នុងករណី​ស្ថានការណ៍​ល្អប្រសើរ​ក្នុង​រយៈពេល​ក្រោយពីរ​សប្ដាហ៍​នេះ សកម្មភាព​កាស៊ីណូ​អាច​ដំណើរការ​ឡើងវិញ​បាន​ភ្លាមៗ​តែម្ដង​។ 
 
​ទាក់ទង​លទ្ធភាព​បិទ​ព្រំដែន​ជាមួយ​ចិន​ដូចដែល​ហុងកុង​កំពុង​អនុវត្ត​វិញ ប្រធាន​ប្រតិបត្តិ​រូបនេះ​អះអាងថា ស្ថានការណ៍​មិនទាន់​ធ្ងន់ធ្ងរ​ដល់​កម្រិត​នោះឡើយ​។ លោក Ho រៀបរាប់ថា ការបិទ​ព្រំដែន មាន​ផលវិបាក​ខ្លាំង​ដល់​សេដ្ឋកិច្ច​ម៉ា​កាវ ការផ្គត់ផ្គង់​ទំនិញ​ចាំបាច់​ចូល​ទីក្រុង ក៏ដូចជា​លំហូរ​កម្មករ​ដែល​បម្រើ​ការ​នៅតាម​កាស៊ីណូ​ផងដែរ​៕ 
 
 
 
 

Tag:
 ម៉ា​កាវ​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com