ជាតិ
និស្សិតខ្មែរនៅវូហានទាំង២៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ៤៦លានរៀលពីក្រសួងអប់រំ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ប្រាក់ចំនួន ៤៦លានរៀល ដល់និស្សិតខ្មែរដែលកំពុងស្នាក់នៅទីក្រុងវូហាន ទាំង២៣នាក់ ដើម្បីជួយដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ កុម្ភៈនេះនិស្សិតម្នាក់ៗទទួលបានថវិកាចំនួន ២លានរៀល ដោយបានផ្ទេរទៅតំណាងនិស្សិតកម្ពុជានៅទីនោះចាត់ចែងបន្ត។
ក្រសួងអប់រំ ក៏បានអះអាងដែរថា និស្សិតខ្មែរដែលកំពុងរស់នៅទីក្រុងវូហាន ទីដែលជំងឺរលាកប្រភេទថ្មីបង្កឡើងមេរោគកូរ៉ូណាវីរុសកំពុងរាតត្បាតយ៉ាងខ្លាំងនោះ ម្នាក់ៗសុទ្ធតែមានសុខភាពរឹងមាំ។ ក្រសួងអប់រំ បានបញ្ជាក់ថា៖ «និស្សិតចំនួន ២៣នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងវូហាន មានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ»។
បើតាមក្រសួងអប់រំ និស្សិតមួយចំនួនទទួលបានការផ្គត់ផ្គង់អាហារពីសាកលវិទ្យាល័យ និងមួយចំនួនទៀត ត្រូវទិញអាហារដោយខ្លួនឯង ដែលមានទីតាំងនៅជិតសាកលវិទ្យាល័យ។ ពួកគេក៏ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា និស្សិតកម្ពុជាដែលសិក្សានៅទីក្រុងវូហាន មានចំនួន ៨៩នាក់ ក៏ប៉ុន្តែអំឡុងពេលវិស្សមកាលរដូវរងា នាដើមខែមករា ឆ្នាំ២០២០កន្លងទៅ មាននិស្សិត៦៦នាក់ បានមកលេងស្រុកកំណើត។ ដូច្នេះនៅសល់តែនិស្សិតខ្មែរ២៣នាក់ប៉ុណ្ណោះ ដែលបានជាប់គាំងដំណើរត្រឡប់មកកម្ពុជា នៅអំឡុងពេលផ្ទុះការរាតត្បាតកូរ៉ូណាវីរុស។
ទាក់ទងនឹងរឿងនេះដែរ សម្តេច ហ៊ុន កំពុងរង់ចាំការសម្រេចចុងក្រោយរបស់រដ្ឋាភិបាលចិន ជុំវិញការអនុញ្ញាតដល់ខ្លួន បានទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងស្នាក់នៅទីក្រុងនេះ។ តាមគម្រោង សម្តេចនាយករដ្ឋមន្ត្រី នឹងទៅទីក្រុងវូហាន នៅថ្ងៃទី៥ ខែកុម្ភៈ៕
Tag:
អប់រំ
និស្សិត
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com