សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ តួលេខ​អ្នកស្លាប់​កើន​ដល់​៤៩៣នាក់
05, Feb 2020 , 2:12 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​៤៩៣​នាក់ បើ​គិត​ត្រឹម​ម៉ោង២រសៀល​​ថ្ងៃ​ពុធ ទី​៥ ខែកុម្ភៈ​នេះ ខណៈ​តុល្យការ​អ្នកស្លាប់​កាលពី​ម្សិលមិញ គឺ​៤២៧​នាក់ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​។ ក្រៅពី​ករណី​នៅ​ហ្វីលីពីន អ្នកស្លាប់​ទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន ដោយ​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​ក៏មាន​ស្លាប់​១​ករណី​ផងដែរ​។​



​ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​ជាង​២៤០០០​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ កើន​ជាង​៣០០០​ករណី​ក្នុង​១​ថ្ងៃ ហើយ​មាន​អ្នកស្លាប់​សរុប​៤៧៩​នាក់។ ករណីស្លាប់​កើតនៅបណ្តាខេត្តចំនួន​៩ទៀតនៅចិន រួមទាំងសៀងហៃ និងប៉េកាំងផងដែរ។

ជាមួយគ្នានេះ អ្នកជំងឺ​ប្រមាណ​៩០០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com