ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំសង្ឃ ស្នើឲ្យសូធ្យធម៌គ្រប់វត្តនៅថ្ងៃបុណ្យមាឃបូជា ដើម្បីកម្ចាត់ភយន្តរាយ ពីរោគផ្សេងៗ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស (លើកព្រះហស្តសំពះ) និង សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត នាពិធីបូជាព្រះសពសម្តេចសង្ឃនាយករងទី១ លាស់ ឡាយ នៅមុខវត្តបទុមវត្តី កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីគណៈសង្ឃនាយក)
× ភ្នំពេញ៖ គណៈសង្ឃនាយក បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវទៅព្រះសង្ឃគ្រប់វត្តអារាម និងអាចារ្យ រួមទាំងពុទ្ធបរិស័ទ ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់មេរោគកូរ៉ូណាប្រភេទថ្មី។
ទន្ទឹមនេះ សេចក្តីជូនដំណឹង ដែលមានហត្ថលេខារបស់សម្តេចសង្ឃ នន្ទ ង៉ែត ជាសង្ឃនាយក តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានណែនាំឲ្យព្រះសង្ឃគ្រប់វត្តអារាមនៅទូទាំងប្រទេស សូធ្យធម៌ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃបុណ្យមាឃបូជា ដើម្បីកម្ចាត់ភយន្តរាយទាំងឡាយ ដែលកើតឡើងពីមេរោគផ្សេងៗ។
យ៉ាងណា គណៈសង្ឃនាយក នៅតែឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារមេរោគកូរ៉ូណាប្រភេទថ្មី ដូចជា ត្រូវមានអនាម័យជានិច្ច និង គិតពីសុវត្ថិភាពចំណីអាហារគ្រប់វេលា។ លើសពីនេះ គណៈសង្ឃនាយក បានជំរុញ ឲ្យជួយបញ្ជូនទៅមណ្ឌលសុខភាព ដើម្បីពិនិត្យព្យាបាល បើជួបអ្នកណា ដែលមានអាការគួរសង្ស័យ ដូចជា ក្អក កណ្តាស់ ផ្តាសាយហៀរសំបោរ ឬឈឺបំពង់ក ជាដើម។
សូមជម្រាបថា កម្ពុជា ជាប្រទេសមួយក្នុងចំណោម២៤ប្រទេស ដែលបានរកឃើញករណីមេរោគកូរ៉ូណាប្រភេទថ្មី នៅលើជនជាតិចិនវ័យ៦០ម្នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ មានមនុស្ស៤២៦បានស្លាប់ និងមានមនុស្សជាង២ម៉ឺននាក់ បានឆ្លងមេរោគនេះ។
អ្នកស្លាប់ស្ទើរទាំងអស់ គឺនៅប្រទេសចិន ដោយមាននៅហុងកុង តែ១ករណី និងនៅហ្វីលីពីន១ករណី ចំណែកអ្នកឆ្លង ភាគច្រើនបំផុត ក៏នៅប្រទេសចិនដែរ។ មេរោគនេះ ផ្ទុះចេញពីទីក្រុងវូហាន ខេត្តហូប៉ី៕
Tag:
កូរ៉ូណាវីរុស
ព្រះសង្ឃ
ធម៌
© រក្សាសិទ្ធិដោយ thmeythmey.com