ជាតិ
២៥ខេត្ត/រាជធានី
មន្ត្រីទេសចរណ៍ខេត្តក្រចេះ ស្វាគមន៍ទេសចរចិន តែបារម្ភ...!
× ក្រចេះ៖ លោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បង្ហាញការព្រួយបារម្ភពីកំណើន ភ្ញៀវទេសចរចិន ដែលអាចប៉ះពាល់ដល់កំណើនភ្ញៀវទេសចរអឺរ៉ុប មកលេងខេត្តក្រចេះ។ បើតាមអនុប្រធាន មន្ទីរទេសចរណ៍រូបនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាកម្សាន្ត នៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៩ មានភ្ញៀវអឺរ៉ុបចំនួន ៥, ២៥៣នាក់ចំនួន និងភ្ញៀទេសចរចំនួនចិន ២,៥១៥នាក់។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ដូចតទៅ៖
«ការបារម្ភ គឺយើងត្រូវតែបារម្ភ។ វាជាកត្តាប្រឈមរបស់យើងនៅក្នុងខេត្ត ប៉ុន្តែបើចំនួនភ្ញៀវទេសចរចិន ដែលចូលមកទស្សនានៅខេត្តក្រចេះច្រើន ក៏យើងអាចរកចំណូលបានច្រើនសម្រាប់ប្រជាពលរដ្ឋយើង»។ នេះបើតាមលោកស្រី ញឹក ភារី ដែលបានផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ។
ដើម្បីឆ្លើយតបទៅនឹងកត្តាប្រឈមនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំមន្ត្រីប៉ូលីសទេសចរ និងសន្តិសុខការពារសុវត្ថិភាពគ្រប់កន្លែងនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តក្រចេះ។ លោកស្រី ញឹក ភារី ក៏បានអះអាងថា កន្លងមក ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តក្រចេះ មិនមានបញ្ហាអ្វី នោះទេ។ កត្តាសន្តិភាព និងសុវត្ថិភាពក្នុងខេត្តក្រចេះ ជាហេតុនាំឲ្យមានកំណើនភ្ញៀវទេសចរអឺរ៉ុបច្រើន ក្នុងឆ្នាំ២០១៩។
ក្នុងឆ្នាំ២០២០ អនុប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា ចក្ខុវិស័យសំខាន់រយៈពេល៥ឆ្នាំ ខាងមុខ មន្ទីរទេសចរណ៍នឹងរៀបចំតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលមន្ទីរ និងអង្គការនានា បានរកឃើញឲ្យបានស្អាត ដើម្បីស្វាគមន៍កំណើនភ្ញៀវទេសចរចិន មកទស្សនាក្នុងខេត្តក្រចេះ។
តំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនទាន់បានស្គាល់ មានដូចជា កោះព្រហ្មចារី កោះសាមសិប និងសម្រស់ធម្មជាតិលើដងទន្លេមេគង្គជាដើម។ តំបន់ទាំងនោះ គឺជាទីតាំងថ្មី ដែលត្រូវបានរកឃើញ និងបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៨ប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៩កន្លងមក ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាង៣៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តជាតិជាង២ម៉ឺននាក់ ។ ភ្ញៀវទេសចរម្នាក់ ចំណាយថវិកាចន្លោះពី៥០ទៅ៦០ដុល្លារ។ នេះបើតាមលោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ៕
Tag:
ក្រចេះ
តំបន់ទេសចរណ៍
សហគមន៍អេកូទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com