ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន៖ កូន-ចៅខ្មែរដែលកើតនៅកូរ៉េ ត្រូវចេះទាំងភាសាខ្មែរ និងភាសាកូរ៉េ សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលពលរដ្ឋខ្មែរដែលកំពុងនៅកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០។
× ភ្នំពេញ៖ សម្តេច ហ៊ុន សែន ចង់ឱ្យកូន-ចៅខ្មែរដែលកើតនៅកូរ៉េខាងត្បូង ត្រូវចេះប្រើប្រាស់ទាំងភាសាខ្មែរនិងភាសាកូរ៉េ ព្រោះ បច្ចុប្បន្នពលរដ្ឋខ្មែរទាំងបុរស-ស្ត្រីបានរៀបការជាមួយពលរដ្ឋកូរ៉េខាងត្បូង មានរហូតជិត១ម៉ឺននាក់ទៅហើយ។ សម្តេច ហ៊ុន សែន បានអះអាងដូច្នេះ បញ្ហានេះ សម្តេចនឹងលើកយកមកពិភាក្សាជាមួយលោក មូន ចេអ៊ិន ប្រធានធិបតីកូរ៉េខាងត្បូង ដើម្បីរកវិធីដោះស្រោយ ដោយធ្វើយ៉ាងណាឱ្យកូន-ចៅខ្មែរដែលជាកូនកាត់កូរ៉េ ចេះប្រើប្រាស់ភាសាទាំងពីរនេះបាន។
បើតាមប្រសាសន៍សម្តេចក្នុងពិធីជួបសំណេះសំណាងជាមួយពលរដ្ឋនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២០ កន្លងមកបញ្ហាដែលចង់ឱ្យកូន-ចៅខ្មែរដែលជាកូនកាត់កូរ៉េចេះប្រើប្រាស់ភាសាខ្មែរនិងកូរ៉េនេះ សម្តេចតែងតែលើកយកមកពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង ផងដែរ។
ជាក់ស្តែងក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចហ៊ុន សែន នឹងលើកបញ្ហានេះពិភាក្សាជាមួយលោក មូន ចេអ៊ីន ជាថ្មីម្តងទៀត នៅថ្ងៃទី៤កុម្ភៈនេះ ហើយនឹងបន្តពិភាក្សាលើបញ្ហាដដែលនេះជាមួយលោក Lee Nak-yon នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។ នេះជាការអះអាងរបស់សម្តេច ដោយបានបន្តថា៖«ប្រទេសយើងបានក្លាយជាដន្លងជាមួយប្រទេសកូរ៉េទៅហើយ ដោយមានបុរស និងស្ត្រីជាង៨ពាន់នាក់ មានគ្រួសារជាជនជាតិកូរ៉េ ដែលមានកូនខ្មែរកាត់កូរ៉េ រហូតជាង១ម៉ឺននាក់។ ដូច្នេះតើយើងរកវិធីដោះស្រាយបញ្ហាយ៉ាងណា ដើម្បីកូនៗ ចៅៗដែលបានកើតឡើងដែលជាកូនកាត់នោះ ឱ្យចេះភាសាខ្មែរផង និងភាសាកូរ៉េផង»។
បច្ចុប្បន្ននេះ ក្រៅពីមានបុរស-ស្ត្រីជិត១ម៉ឺននាក់ រៀបការពលរដ្ឋកូរ៉េនិងរស់នៅប្រទេសកូរ៉េខាងត្បូង កម្ពុជាក៏មាន និស្សិតកំពុងសិក្សាលើជំនាញគ្រប់កម្រិតនៅកូរ៉េចំនួន៤៥០នាក់ និងពលករជាង៤,៩០០នាក់ដែលមប្រើការងារគ្រប់វិស័យពិសេសវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ក្នុងនោះមានស្ត្រីជាង១ម៉ឺននាក់។ ជារៀងរាល់ឆ្នាំ ពលករទាំងនោះ បានផ្ញើថវិកាសរុប៤០០លានដុល្លារ ទៅកម្ពុជា សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ របស់ពួកគេ។
សូមជម្រាបថា កាលឆ្នាំ២០១៩កន្លងមកនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូងជិត ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជា បាននាំចេញទំនិញរបស់ខ្លួនប្រមាណ ៣០ភាគរយ និង៧០ភាគទៀត នាំចូលពីកូរ៉េខាងត្បូង។ ទំនិញដែលកម្ពុជានាំទៅកូរ៉េខាងត្បូង ភាគច្រើនគឺសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។ រីឯទំនិញដែលកម្ពុជា នាំចូលពីកូរ៉េខាងត្បូងវិញ មានក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ វត្ថុតុបតែងលម្អផ្ទះ និងផលិតផលប្លាស្ទិកជាដើម៕
Tag:
ពលករ
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com