អន្តរជាតិ
ជប៉ុន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​១០​នាក់​ក្នុង​នាវា​ទេសចរណ៍​
05, Feb 2020 , 9:15 am        
រូបភាព
នាវាទេសចរណ៍ Diamond Princess, រូបភាព៖ Kyodo
នាវាទេសចរណ៍ Diamond Princess, រូបភាព៖ Kyodo
មនុស្ស​ចំនួន ១០​នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស នៅក្នុង​នាវា​ទេសចរណ៍​មួយគ្រឿង ដែល​ជប៉ុន ឃាត់ទុក​នា​ថ្ងៃទី​៣ ខែកុម្ភៈ​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។



​នាវា​ដឹក​ទេសចរណ៍ Diamond Princess នៅ​ផែ Yokohama ដែលមាន​ផ្ទុក​មនុស្ស​ចំនួន ៣៧១១​នាក់ ត្រូវបាន​ឃាត់ទុក ដើម្បី​ត្រួតពិនិត្យ​អ្នកដំណើរ​ទាំងអស់​លើ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ជប៉ុន​បាន​រកឃើញ​អ្នកដំណើរ​មកពី​ហុងកុង​ម្នា​ក់ថា មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ​។ បើតាម​ការធ្វើ​រោគវិនិច្ឆ័យ នា​ថ្ងៃទី​៤ ខែកុម្ភៈ ក្នុងចំណោម​មនុស្ស ៣៧១១​នាក់​នេះ អាជ្ញាធរ​សុខាភិបាល​ជប៉ុន បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ចំនួន ១០​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៥០​ឆ្នាំ ទៅ ៨០​ឆ្នាំ​។

​ពេលនេះ អ្នកជំងឺ​ទាំង​១០​នាក់​នោះ ត្រូវគេ​យកទៅដាក់​ព្យាបាល​យ៉ាង​ដិតដល់​។ ប៉ុន្តែ​ក្នុងចំណោម​អ្នក​ទាំងនោះ មិនមាន​នរណាម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ​។

​ដើម្បី​ធានា និង​តាមដាន​អ្នកដំណើរ​នៅលើ​នាវា​ទេសចរណ៍​បន្តទៀត អាជ្ញាធរ​ជប៉ុន បានស្នើ​ឲ្យ​អ្នកដំណើរ និង​កង​នាវិក​ទាំងអស់ ស្នាក់​នៅលើ​នាវា​បណ្តោះអាសន្ន​ក្នុង​រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​រង់ចាំ​មើល ថា​តើ​មាន​នរណា ចេញ​រោគសញ្ញា​កូ​រ៉ូ​ណា​វីរុស​ឬទេ​។ 

​សូមបញ្ជាក់ថា កន្លងមក​ជប៉ុន បាន​រកឃើញ ២៣​ករណី​រួចមកហើយ​។ ដោយ​បូក​បន្ថែមនឹង ១០​ករណីនេះ​ទៀត ជប៉ុន​បាន​កើន​រហូតដល់ ៣៣ករណី​ឯណោះ ដែលជា​ចំនួន​មួយ​ដ៏​ខ្ពស់​ជាងគេ បន្ទាប់ពី​ចិន​៕



Tag:
 ​ជប៉ុន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com