កីឡាជាតិ
ជាតិ
លោក ស សុខា៖ បើគ្មានភាពទទួលខុសត្រូវ មិនគួរធ្វើជាប្រធានមន្ទីរនោះទេ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា
× លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាជំរុញឲ្យមន្ទីរអប់រំយុវជននិងកីឡាតាមបណ្តាខេត្តទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការអភិវឌ្ឍវិស័យកីឡានៅតាមមូលដ្ឋានរបស់ខ្លួន។ ជាពិសេសត្រូវទទួលស្គាល់ចំពោះលទ្ធផលអវិជ្ជមាន និងការរិះគន់ពីមហាជន។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយ លោក សង្កេតឃើញពីភាពអសកម្មរបស់មន្ទីរនៅតាមបណ្តាខេត្តមួយចំនួនក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។
នាកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៨-២០១៩និងលើកទិសដៅអនុវត្តឆ្នាំ២០១៩-២០២០ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា អ្នកគ្មានទំនួលខុសត្រូវមិនគួរធ្វើជាថ្នាក់ដឹកនាំគេឡើយ។ ការលើកឡើងបែបនេះ លោក ចង់សំដៅដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាតាមបណ្តាខេត្តមួយចំនួន ដែលអសមត្ថភាពក្នុងការដឹកនាំអភិវឌ្ឍន៍វិស័យកីឡានៅតាមមូលដ្ឋាន ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន។
តែយ៉ាងណា លោក មិនបានបង្ហាញឈ្មោះមន្ទីរដែលសង្កេតឃើញថាមានភាពសកម្មទាំងនោះឡើយ។ ទន្ទឹមនឹងនេះ លោក បានកោតសរសើរនិងបង្ហាញមោទកភាពចំពោះមន្ទីរអប់រំកាយនិងកីឡាតាមបណ្តាខេត្តមួយចំនួន ដែលបានយកចិត្តទុកដាក់និងខិតខំរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅមូលដ្ឋានខ្លួន ឲ្យមានភាពរីកចម្រើន។
សម្រាប់លោក ស សុខា ប្រធានមន្ទីរ១រូបប្រៀបបាននឹងរដ្ឋមន្ត្រីនៅក្នុងដែនដី ដែលខ្លួនគ្រប់គ្រង។ ក្នុងន័យនេះ ប្រធានមន្ទីរមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងដាក់ចេញនូវយុទ្ធសាស្ត្រឲ្យមន្ត្រីក្រោមបង្គាប់ដែលស្ថិតក្នុងដែនគ្រប់គ្រងអនុវត្ត និងត្រួតពិនិត្យលទ្ធផលការងារ ដែលបានដាក់ចេញផងដែរ។
«លោកលោស្រី ដែលជាប្រធានមន្ទីរ គឺជារដ្ឋមន្ត្រីក្នុងដែនដីរបស់ខ្លួននឹងហើយ ដូច្នេះធ្វើទៅមុខ ដើរមិនកើត ឬដើរមិនទាន់គេ គឺត្រូវមានភាពទទួលខុសត្រូវចំពោះលទ្ធផល ដែលខ្លួនធ្វើមិនបានល្អ។ មិនមែនដាក់សម្ពាធទេ ប៉ុន្តែត្រូវតែមានតួនាទីភារកិច្ច បើពុំមានភាពទទួលខុសត្រូវទេ យើងមិនគួរធ្វើជាប្រធានគេទេ»។ លោក ស សុខា បានលើកឡើងបែបនេះនៅមុខថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា អគ្គនាយដ្ឋាន មន្ទីរអប់រំកាយនិងកីឡា និងសហព័ន្ធកីឡាជាតិទាំង៤៨ នៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០។
រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះសង្កត់ធ្ងន់ថា ការលើកឡើងរបស់លោកខាងលើមិនមែនមានន័យថា ឲ្យប្រធានមន្ទីរទទួលខុសត្រូវតែម្នាក់ឯងនោះទេ ពោលគឺមន្ត្រីក្រោមបង្គាប់ត្រូវមានស្មារតីទទួលខុសត្រូវតាមតួនាទី និងតំណែងរៀងៗខ្លួន។ ក្នុងន័យនេះ ប្រធានមន្ទីរអាចមានសិទ្ធិស្តីបន្ទោស ឬដាក់ពិន័យមន្ត្រីក្រោមឱវាទខ្លួន ដែលមិនអនុវត្តតាមអ្វីដែលបានដាក់ចេញ។
ជាមួយការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងផែនការកន្លងមក លោក ស សុខា ជំរុញមន្ត្រីទាំងអស់បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ក្រសួងនឹងត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃដែលស្ថាប័ននីមួយៗបានអនុវត្តកន្លងមក៕
Tag:
ស សុខា
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com