អន្តរជាតិ
ចំពោះមុខ​លោក ក្វៃ​ដូ​, លោក ត្រាំ ប្រកាសថា ការដឹកនាំ​ផ្ដាច់ការ​លោក ម៉ា​ឌុយ​រ៉ូ នឹងត្រូវ​កម្ទេច
05, Feb 2020 , 11:38 am        
រូបភាព
លោក ហ័ន ក្វៃដូ មេដឹកនាំក្រុមប្រឆាំងវ៉េណេស៊ុយអេឡា ឈរលើកដៃអំឡុងពេលការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព AFP
លោក ហ័ន ក្វៃដូ មេដឹកនាំក្រុមប្រឆាំងវ៉េណេស៊ុយអេឡា ឈរលើកដៃអំឡុងពេលការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ (​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ​នៅ​កម្ពុជា​) ប្រកាស​កម្ទេច​របប​ដឹកនាំ​ប្រធានាធិបតី​ឆ្វេងនិយម​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​លោក​ចាត់ទុកជា​មេដឹកនាំ​ខុសច្បាប់​។ លោក ត្រាំ ប្រកាស​បែបនេះ​អំឡុងពេល​ការ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ និង​នៅ​ចំពោះមុខ​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ប្រឆាំង​ដែល​អាមេរិក​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

 
​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ក្រុមប្រឆាំង និង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ភ្ញៀវកិត្តិយស​ម្នាក់​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​។ ការអញ្ជើញ​លោក ក្វៃ​ដូ បែបនេះ ជា​សញ្ញា​នៃ​ការគាំទ្រ​ដោយផ្ទាល់​យ៉ាង​កម្រ​មួយ​របស់​អាមេរិក​ចំពោះ​មេដឹកនាំ​ប្រឆាំង​រូបនេះ​ដែល​កំពុង​តស៊ូ​បណ្ដេញ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​ចំពោះមុខ លោក ក្វៃ​ដូ ដែល​ត្រូវបាន​ប្រទេស​ជាង​៦០​ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រធានាធិបតី​អាមេរិក​និយាយថា លោក ម៉ា​ឌុយ​រ៉ូ ជា​មេដឹកនាំ​មិន​ស្របច្បាប់ និង​ជា​អ្នករំលោភ​អំណាច​ម្នាក់​ដែល​បំពាន​ប្រជាជន​ខ្លួនឯង​។ លោក ត្រាំ បន្តថា ប៉ុន្តែ​ការរំលោភ​អំណាច​របស់លោក ម៉ា​ឌុយ​រ៉ូ នឹងត្រូវ​កម្ទេច​។ 
 
​ដោយ​ហៅ​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក ត្រាំ អះអាងថា លោក ក្វៃ​ដូ បាន​ស្ពាយ​លើ​ស្មារ​នូវ​ក្ដីសង្ឃឹម សុបិន និង​បំណងប្រាថ្នា​របស់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទាំងអស់​។ ជាការ​កត់សម្គាល់ លោក ក្វៃ​ដូ ត្រូវបាន​ស្វាគមន៍​យ៉ាងខ្លាំង​ពី​សំណាក់​បក្ស​ទាំងពីរ​របស់​អាមេរិក​អំឡុងពេល​បង្ហាញ​វត្តមាន​នៅឯ​វិមាន​កា​ពី​តូ​ល​។ 
 
​យ៉ាងណាមិញ ការលើកឡើង​របស់​ខ្លាំងៗ​របស់លោក ត្រាំ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ហាក់​ស្ងប់ស្ងាត់​បន្តិច ដែល​ការណ៍​ធ្វើ​ឲ្យ​គេ​រំពឹងថា វិបត្តិ​នេះ​អាច​កម្រើក​ទៅជា​តានតឹង​ឡើងវិញ​។ ប៉ុន្តែ​លោក ម៉ា​ឌុយ​រ៉ូ ដែលមាន​ការគាំទ្រ​ពី​រុស្ស៊ី និង​ចិន​ផង​នោះ មិនបាន​ផ្ដល់​សញ្ញា​រាថយ​ពី​អំណាច​ឡើយ ខណៈ​ប្រទេស​ក្បែរ​ខាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើន​មិន​ចាត់ទុកជា​មេដឹកនាំ​ស្របច្បាប់​ទៀតឡើយ​។ 
 
​ក្រៅពី​ការគាំទ្រ​ផ្នែក​ការទូត កម្លាំង​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ អាច​បន្ត​ឈរជើង​ដឹកនាំ​ប្រទេស​បាន គឺ​យោធា​ដែល​បន្ត​ស្មោះស្ម័គ្រ​នឹង​លោក​ដដែល ទោះជា​ស្ថានការណ៍​ក្នុងស្រុក​យ៉ាប់យ៉ឺន​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ ទំនិញ​ឡើងថ្លៃ និង​ភាព​អត់​ការងារ​ធ្វើ​សាយភាយ​ពេញ​ប្រទេស​ក្ដី​។ ស្រប​ពេលនេះ ការតវ៉ា​ប្រឆាំង​ការដឹកនាំ​របស់លោក​ដែលមាន​ចំនួន​ច្រើន​នាពេល​កន្លងមក ក៏​ត្រូវបាន​មើលឃើញថា ថមថយ​កម្លាំង​ផងដែរ​៕ 
 

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ដូ​ណា​ល់ ត្រាំ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
  ហ័ន ក្វៃ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com