ជាតិ
សង្គមជាតិ
២០១៩ រដ្ឋ បើក​បៀវត្ស​ឲ្យ​មន្ត្រី​លើស​ជាង​៧​ពាន់​លាន​រៀល តែ​ត្រូវបាន​ប្រមូល​មកវិញ​
05, Feb 2020 , 9:19 pm        
រូបភាព
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីមុខងារសាធារណៈ ឡើងថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីលោក ឈឿន ប៊ុណ្ណារ័ត្ន)
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីមុខងារសាធារណៈ ឡើងថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីលោក ឈឿន ប៊ុណ្ណារ័ត្ន)
​ភ្នំពេញ​៖ ឆ្នាំ​២០១៩ ក្រសួង​មុខងារសាធារណៈ បាន​រកឃើញ​ករណី​បើកប្រាក់​បៀវត្ស​លើស​ជាង​៧​ពាន់​លាន​រៀល (​ជាង​១,៧​លាន​ដុល្លារ​) តែ​ត្រូវបាន​បង្វែរ​ចូលទៅ​រតនាគារជាតិ​វិញ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​មុខងារសាធារណៈ ដែល​ចេញ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ដីពី​ការ​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៩​។


​លោក ឈឿន ប៊ុណ្ណា​រ័ត្ន អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​ថា ការបើកប្រាក់​បៀវត្ស​លើស​នេះ គឺ​ដោយសារ​ភាពយឺតយ៉ាវ​នៃ​នីតិវិធី​។ លោក លើក​ទឡ្ហីករណ៍​ថា មន្ត្រី​ខ្លះ បានទទួល​មរណភាព ដូច្នេះ ត្រូវ​កាត់ផ្តាច់​ប្រាក់បៀវត្ស​ចេញពី​ប្រព័ន្ធ​ធនាគារ តែដោយសារ​ក្រសួង មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​មរណភាព​របស់​មន្ត្រី​នោះ ក៏​បន្ត​បញ្ជូន​ប្រាក់បៀវត្ស ចូលទៅក្នុង​ធនាគារ​។​
 
​លោក បញ្ជាក់ថា​៖«​ករណី​លុបឈ្មោះ ដោយ​មូលហេតុ​មរណភាព ទម្រាំ​យើង​ទទួលបាន​លិខិត​ជូនដំណឹង បញ្ជាក់​មរណភាព និង​អនុវត្ត​នីតិវិធី​លុបឈ្មោះ ប្រាក់បៀវត្ស​បាន​បើក​ឬ​ផ្ដល់​តាម​ប្រព័ន្ធ​ធនាគារ​រួចទៅហើយ​»​។​
 
​នៅមាន​ករណី​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​មានការ​ប្រាក់បៀវត្ស​លើស ដូចជា បន្ត​បើក​ឲ្យ អ្នក​បោះបង់​ការងារ និង អ្នក​ចូល​និវត្ត​មុន​ការកំណត់ ជាដើម​។ តាម​គោលការណ៍ អ្នក​ទាំងនោះ លែង​ត្រូវ​ទទួលបាន​ប្រាក់បៀវត្ស​ទៀតហើយ តែដោយសារ​ការទទួល​ព័ត៌មាន​យឺតយ៉ាវ ក្រសួង នៅតែ​បន្ត​បញ្ជូន​ប្រាក់បៀវត្ស​ឲ្យ​ពួកគេ តាម​ប្រព័ន្ធ​ធនាគារ​។ 
 
​ចំពោះ​ការ​បង្វែ​ប្រាក់​ចូល​រតនាគារជាតិ​វិញ លោក ឈឿន ប៊ុណ្ណ​រ័ត្ន បាន​លើកឡើងថា ក្រសួង​បាន​អនុត្ត​តាម​នីតិ​ហិរញ្ញវត្ថុ​ជាមួយ​សាមីខ្លួន ឬ​គ្រូ​សារ ដោយ​តម្លាភាព​។ 
 
​របាយការណ៍​របស់​ក្រសួង​មុខងារសាធារណៈ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ក្រសួង​បាន​គ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សរុប​២១​ម៉ឺន​នាក់ ក្នុងនោះ​ថ្នាក់ជាតិ​មាន​ជាង​៤​ម៉ឺន​នាក់ និង​ថ្នាក់ក្រោម​ជាតិ​១៧​ម៉ឺន​នាក់​។ ក្រៅពីនោះ ក្រសួង​បានអនុញ្ញាត​ជាគោលការណ៍​ដល់​ក្រសួង​-​ស្ថាប័ន ដើម្បី​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ក្របខណ្ឌ​ថ្មី​ជាង​ជិត​៦​ពាន់​កន្លែង និង​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​ជាង​១,៨​ម៉ឺន​ន្លែ​ង គ្រូបង្រៀន​ជាប់កិច្ចសន្យា​ជិត​៨​ពាន់​ន្លែ​ង គ្រូបង្រៀន​ជា​កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ​ជាង​២​ពាន់​កន្លែង និង​គ្រូបង្រៀន​ថ្នាក់​ពីរ​វេន​និង​ថ្នាក់​គួប​គ្រប់​កម្រិត​ជាង​១​ម៉ឺន​កន្លែង​៕ 

Tag:
 ប្រាក់ខែ​
  មន្ត្រីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com