ជាតិ
នយោបាយជាតិ
កូរ៉េខាងត្បូងថា កម្ពុជា ជាមិត្តគួរឲ្យទុកចិត្តបំផុត នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ចាប់ដៃគ្នា នាពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០
× «កម្ពុជា គឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ...»។ នេះគឺជាសំណេលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអះអាងថា ជាសម្តីរបស់លោក ជុង សៃឃ្យូង (Chung Sye Kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលថ្លែងក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ មុននឹងសម្តេច ចាកចេញពីកូរ៉េ។
ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី សរសេរពីសម្តីរបស់លោក លោក ជុង សៃឃ្យូង ទៀតថា កម្ពុជានិងកូរ៉េ មានការរីកចម្រើនឥតឈប់ឈរ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីអំឡុងទសវត្សរ៍៩០ រហូតមកដល់បច្ចុប្បន្ន។
សម្តេចនាយករដ្ឋមន្ត្រី ទៅកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។ ក្នុងជំនួបជាមួយលោក មូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីកូរ៉េខាងត្បូង សម្ដេច បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងកូរ៉េ បានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅនិងមានលក្ខណៈពេញលេញ ក្រោយពីការបង្កើតឡើងនៅក្នុងអំឡុងទសវត្សរ៍៩០។
ក្រោយចេញពីកូរ៉េ សម្តេច ក៏ចូលទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយសម្តេច នឹងវិលមកកម្ពុជាវិញ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះតែម្តង ក្រោយជួបប្រធានាធិបតីនិងនាយករដ្ឋមន្ត្រិចិនរួច។ ក្រសួងការបរទេសកម្ពុជា សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា មេដឹកនាំកម្ពុជា-ចិន នឹងផ្លាស់ប្តូរយោបល់គ្នាពីការរាលដាលនៃកូរ៉ូណាវីរុស ហើយក៏នឹងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការផងដែរ៕
Tag:
កម្ពុជា-កូរ៉េខាងត្បូង
មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com