កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ក្រុង​តូ​ក្យូ ជា​ឱកាស​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជប៉ុន​និង​កូរ៉េខាងជើង​ប្រសើរឡើង​?
06, Feb 2020 , 8:39 am        
រូបភាព
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ក្រុង​តូ​ក្យូ ទំនង​អាចជួយ​ប្រទេស​ជប៉ុន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ឡើងវិញ ដូចគ្នា​នឹង​កីឡា​អូឡាំពិក​រដូវរងារ​នៅ​ព្យុង​ឆាង (Pyeongchang) ឆ្នាំ ២០១៨ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ក្រុង​ព្យូ​ង​យ៉ាង​មាន​ភាពល្អ​ប្រសើរឡើង​ដែរនោះ​។


 
៦ ខែ​មុន​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ទំនាក់ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងជើង​នៅតែ​តានតឹង​។ ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ ២០១៨ គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​បាន​បដិសេធ​សំណើ​របស់​កូរ៉េខាងជើង​ក្នុងការ​ចូលរួម​កីឡា​អូឡាំពិក ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (NOC) ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ជាមុនសិន​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​
 
​ក្រោយ​ពិភាក្សា​រួច NOC បានអនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​ចូលរួម​ដោយ​សម្រេច​នៅ​ខែមីនា ឆ្នាំ ២០១៩ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​សំណាក់​កូរ៉េខាងជើង​ផង​។ ក្រុង​ព្យុងយ៉ាង ថែមទាំង​បាន​ហៅ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ ថា​ជាម​នុស្ស​ល្ងីល្ងើ និង​គំរាម​បាញ់​មី​ស៊ី​ល​ទៅ​ប្រទេស​ជប៉ុន​ផង​នៅ​ថ្ងៃ​ណាមួយ​។​
 
​ទោះបី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ជួប​មេដឹកនាំ​មកពី​ប្រទេស​រុស្ស៊ី ចិន កូរ៉េខាងត្បូង អាមេរិក និង​វៀតណាម​ក្តី ក៏​លោក​បាន​ទុក​ឲ្យ​ជប៉ុន​ស្ថិតនៅ​ផ្នែក​ម្ខាង​ដោយ​មិន​ចង់​មានការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​ឡើយ និង​ថែមទាំង​ថ្កោលទោស​ការផ្តល់ជូន​រប​ស់លោក​អា​បេ​ក្នុងការ​ជួបគ្នា​ថា​មិនមែន​ចេញពី​ចិត្ត​។​
 
​ទំនាក់ទំនង​ជប៉ុន និង​កូរ៉េខាងជើង​មិនមាន​ភាពប្រសើរ​ឡើយ​ចាប់តាំងពី​ឆ្នាំ ២០០២ នៅពេលដែល​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Junichiro Koizumi បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល​នៅ​ក្រុង​ព្យុងយ៉ាង ដែល​ពេលនោះ​លោក​គីម​បាន​សារភាពថា​បាន​ចាប់​ពលរដ្ឋ​ជប៉ុន​ដើម្បី​បណ្តុះបណ្តាល​ធ្វើជា​អ្នកស៊ើប​ការណ៍​ឲ្យ​កូរ៉េខាងជើង​។​
 
​តើ​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ អាចជួយ​សម្រួល​ដល់​ទំនាក់ទំនងរ​វា​ជប៉ុន - កូរ៉េខាងជើង​តាមរបៀប​ដូចគ្នា​នឹង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​នៅ Pyeongchang ឆ្នាំ ២០១៨ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ប្រសើរឡើង​ដែរឬទេ​?
 
​តាម​ការមើលឃើញ​រប​ស់លោក Khang X. Vu ដែល​បានបញ្ចប់​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​មហាវិទ្យាល័យ​បូ​ស្តុ​ន​សហរដ្ឋអាមេរិក​ថា សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ នឹង​នាំ​កូរ៉េខាងជើង និង​ជប៉ុន​បង្កើន​លទ្ធផល​ជា​វិជ្ជមាន​ដើម្បី​ឈានទៅ​កាន់​កិច្ចពិភាក្សា​មួយ​នៅក្រោយ​បញ្ចប់​កីឡា​អូឡាំពិក​។​
 
​មូលហេតុ​ដែល Pyeongchang ទទួលបាន​ជោគជ័យ​សម្រាប់​ទំនាក់ទំនង​កូរ៉េខាងជើង​-​ខាងត្បូង គឺ​តាមរយៈ​ព្រឹត្តិការណ៍​កីឡា និង​របៀប​ទំនាក់ទំនង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in ជាមួយ​ក្រុង​ព្យុងយ៉ាង​ផង​។ ជា​លទ្ធផល ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុងយ៉ាង បានចាប់ផ្តើម​ដំណើរការ​សន្តិភាព​យ៉ាង​ឆាប់រហ័ស​ដោយសារ​កីឡា​អូឡាំពិក​រដូវរងារ​នៅ Pyeongchang កន្លងមក​៕
 

Tag:
 កីឡា​អូឡាំពិក​
  កូរ៉េខាងជើង​
  ជប៉ុន​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com