កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​អូឡាំពិក​ក្រុង​តូ​ក្យូ បារម្ភ​ខ្លាច​កូ​រ៉ូ​ណាវី​រុស សម្លាប់​មនុស្ស​អំឡុង​ការ​ប្រ​កួត​
05, Feb 2020 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ នៅ​ថ្ងៃ​ពុធ ថ្ងៃទី​៥ ខែកុម្ភៈ​នេះ បាន​សារភាពថា​អ្នករៀបចំ​កម្មវិធី​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​នៃ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី (2019-NoCv) ដែល​អាច​សម្លាប់​មនុស្ស​អំឡុង​ការប្រកួត​កីឡា​រដូវក្តៅ​នេះ​។​


 
​លោក Toshiro Muto នាយក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ សង្ឃឹមថា​ការផ្ទុះ​ឡើង​នៃ​វីរុស​ថ្មី​ក្នុងប្រទេស​ចិន​នេះ នឹង​អាច​រក​វិធី​ទប់ស្កាត់បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុងការ​ឈានទៅ​កាន់ការ​ប្រកួត​កីឡា​លំដាប់​ពិភពលោក​នា​ខែកក្កដា ខាងមុខ​។​
 
«​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង ដែលមាន​ឥទ្ធិពល​ក្នុង​ព្រឹត្តិការណ៍​កីឡា​។ ខ្ញុំ​សង្ឃឹមថា​កូ​រ៉ូ​ណា​វីរុស​អាច​លុបបំបាត់​បាន​យ៉ាង​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​។ យើង​មាន​ផែនការ​សហការ​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ (IPC) រដ្ឋាភិបាល និង​ក្រុង​តូ​ក្យូ​ដើម្បី​ដោះស្រាយ​បញ្ហា​វីរុស​នេះ​»​។ លោក Muto និយាយ​បែបនេះ​នៅមុន​កិច្ចប្រជុំ​ជាមួយ IPC​។​
 
​គិត​ត្រឹម​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ មាន​ប្រទេស​ជាង​២០​ហើយ បានបញ្ជាក់​ពី​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស  ដោយ​ក្នុងនោះ​បានសម្លាប់​មនុស្ស​ជិត​៤៩៣​នាក់ និង​ឆ្លង​យ៉ាងហោចណាស់ ២៤០០០​នាក់​នៅក្នុង​ប្រទេស​ចិន​។​
 
​យ៉ាងណាក៏ដោយ នៅក្នុង​ប្រទេស​ជប៉ុន​នៅ​មិនទាន់មាន​របាយការណ៍​អំពី​ការស្លាប់​នៅឡើយ​ទេ ប៉ុន្តែ​យ៉ាងហោចណាស់​មនុស្ស​ចំនួន ១០​នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស នៅក្នុង​នាវា​ទេសចរណ៍​មួយគ្រឿង ដែល​ជប៉ុន ឃាត់ទុក​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។​
 
​ស្របពេល​ប្រធាន​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​បង្ហាញ​ក្តីបារម្ភ អភិបាលក្រុង​តូ​ក្យូ​លោក Yuriko Koike សន្យាថា​នឹង​អនុវត្ត​វិធានការណ៍​ហ្មត់ចត់​ដើម្បី​ការពារ​មនុស្ស​ពី​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​ក្នុងអំឡុង​ការប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០២០​នេះ​៕

Tag:
 កូ​រ៉ូ​ណាវី​រុស​
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com