ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខ ទៅប្រធានាធិបតីចិន
05, Feb 2020 , 6:02 pm        
រូបភាព
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារទៅកាន់លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ដើម្បីចូលរួមរំលែកទុក្ខជាមួយប្រជាជនចិន ដែលកំពុងជួបការលំបាក ដោយសារកូរ៉ូណាវីរុសប្រភេទថ្មី ដែលបង្កទៅជាជំងឺរលាកសួត។



ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលក្នុងព្រះរាជសារថា៖«ខ្ញុំ មានសេចក្តីសោកសៅជាពន់ពេក ដោយបានឮដំណឹងពីការកើតកូរ៉ូណាវីរុស ដែលបានវាយប្រហារទៅលើប្រជាជនចិន និងបានបង្កឲ្យមានអ្នកស្លាប់»។ ព្រះអង្គ បន្តថា៖«ខ្ញុំ សូមចូលរួមរំលែកទុក្ខ និងសូមបង្ហាញនូវសមានចិត្តដ៏ស្មោះសរ ចំពោះឯកឧត្តមប្រធានាធិបតី រួមទាំងក្រុមគ្រួសារនៃជនរងគ្រោះ»។

ក្នុងព្រះរាជសារ ដែលឡាយព្រះហស្តលេខានៅថ្ងៃទី៥ ខែកុម្ភៈនេះ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង លើកឡើងពីទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលមានតាំងពីបុរាណមក និងប្រៀបដូចជាឆ្អឹងរួមគ្នា ដែលមិនអាចបំបែកបាន។ ព្រះអង្គ មានព្រះរាជឱង្កាថា ប្រជាជនកម្ពុជា ចូលរួមរំលែកក្តីឈឺចាប់នេះ ជាមួយប្រជាជនចិន។

លើសពីនេះ ព្រះករុណាជាម្ចាស់ជីវិត ក៏បានកោតសរសើរអាជ្ញាធរចិនផងដែរ ចំពោះការដោះស្រាយការរាលដាលនៃកូរ៉ូណាវីរុស។ ចុងក្រោង ព្រះអង្គ ជូនពរឲ្យសាធារណរដ្ឋចិន ទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរាលនៃកូរ៉ូណាវីរុស។

គិត​ត្រឹមល្ងាច​ថ្ងៃទី​៥ ខែកុម្ភៈ ប្រជាជនចិនប្រមាណ៥រយនាក់ហើយ ដែលបានបាត់បង់ជីវិត និងជាង​​,៤២​ម៉ឺន​នាក់ កំពុងផ្ទុកកូរ៉ូណាវីរុសនេះ៕ 

Tag:
 ព្រះមហាក្សត្រ
  កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com