ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីចិន ៖វត្តមានសម្ដេច ហ៊ុន សែន គឺជាការគាំទ្រខ្លាំងក្លាចំពោះចិនក្នុងគ្រាលំបាក
05, Feb 2020 , 10:02 pm        
រូបភាព
ភ្នំពេញ៖ វត្តមានសម្ដេច ហ៊ុន សែន នៅពេលនេះ គឺជាការគាំទ្រខ្លាំងក្លាចំពោះរដ្ឋាភិបាលចិនក្នុងគ្រាលំបាក ដែលកំពុងប្រឈមមុខនឹងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាគ្នាពីបញ្ហាវីរុសប្រភេទថ្មីនេះ នាទីក្រុបប៉េកាំង នៅថ្ងៃទី៥ កុម្ភៈនេះ។



លោក លី ខឺឈាំង បានប្រាប់សម្ដេច ហ៊ុន សែន ថា រដ្ឋាភិបាលចិន នឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរលាកសួតនៃវីរុសប្រភេទថ្មីនេះ ប្រកបដោយជោគជ័យ។ លោក លី បានបញ្ជាក់ថា ភាគីចិនធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទីនោះ កុំមានការភ័យខ្លាច។ សម្រាប់លោកលី រដ្ឋាភិបាលចិន ក៏យកចិត្តទុកដាក់ខ្លាំងចំពោះទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន មកកាន់ប្រទេសចិន ដែលកំពុងផ្ទុះវីរុសកូរ៉ូណានេះផងដែរ។

 

«តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រីនៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន មានជំនឿយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺកូរ៉ូណានេះ ហើយចិននឹងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ប្រជាជនចិន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្តីនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង។

 

ថ្លែងតបការលើកឡើងរបស់នាយករដ្ឋមន្រ្តីចិនខាងលើ សម្ដេច ហ៊ុន សែន បាននិយាយថា ដំណើរទស្សនកិច្ចសម្ដេចនៅពេលនេះ គឺដើម្បីលុបបំបាត់ការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ។ ជាពិសេសបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំបាកនេះ និងផ្ដល់ជំនឿចិត្តចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅប្រទេសចិន។ សម្ដេច អះអាងថា កម្ពុជាមិនអាចរត់ចេញបញ្ហា ដែលកំពុងកើតឡើងនៅប្រទេសចិននេះបានទេ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយដូច្នេះថា៖« កម្ពុជាចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិនក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេច នឹងចូលរួមសុខរួមទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ។

 

សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ហាជំងឺកូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។«អ្វីដែលសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។

 

មេដឹកនាំកម្ពុជា ក៏អរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេសចិន ជាពិសេសការប្រើប្រាស់វិធានការមួយចំនួន ដើម្បីជួយសម្រួលដល់ការរស់នៅរបស់និស្សិតកម្ពុជាដែរ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរិយាយដូច្នេះថា៖«មានអ្នកខ្លះចោទប្រកាន់រាជរដ្ឋាភិបាល ថាបានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិនទៅវិញ តែការលើកឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅប្រទេសចិន»។

 

មកដល់ពេលនេះ អ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទនេះ ជិត៥០០នាក់ហើយ ខណៈដែលអ្នកជំងឺមានចំនួនជាង២៤០០០នាក់។ ប្រទេសចំនួន២៥ ត្រូវបានរកឃើញករណីវីរុសកូរ៉ូណាប្រភេទថ្មីនេះ៕


Tag:
 ហ៊ុន សែន
  វីរុសកូរ៉ូណា
© រក្សាសិទ្ធិដោយ thmeythmey.com