លោក ត្រាំ អាច​បន្ត​តំណែង​រហូតដល់​ចប់​អាណ​ត្តិ ក្រោយ​ព្រឹទ្ធសភា​ស​ម្រ​ច​ថា គ្មាន​ទោស
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ អាច​បន្ត​តំណែង​រហូតដល់​ចប់​អាណ​ត្តិ ក្រោយ​ព្រឹទ្ធសភា​ស​ម្រ​ច​ថា គ្មាន​ទោស
06, Feb 2020 , 9:29 am        
រូបភាព
​លោក ដូ​ណា​ល់ ត្រាំ នឹង​បន្ត​តំណែង​ប្រធានាធិបតី​អាមេរិក​រហូត​ចប់​អាណត្តិ​ដដែល បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី​៥ ខែកុម្ភៈ បោះឆ្នោត​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​រូបលោក​ទាក់ទង​ការចោទប្រកាន់​ពីបទ​បំពាន​អំណាច និង​ការរារាំង​ដំណើរការ​យុត្តិធម៌​។ ការសម្រេចចិត្ត​របស់​ព្រឹទ្ធសភា​អាមេរិក ជា​រឿង​ដែល​គេ​រំពឹងទុក ដ្បិត​បក្ស​សាធារណរដ្ឋ​របស់លោក ត្រាំ មាន​សំឡេង​ភាគច្រើន​ស្រាប់​ទៅហើយ​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ​ឯណោះ​ចាត់ទុក​រឿង​ថា គ្មាន​តម្លៃ​។​

 
​ដូច​ការរំពឹងទុក ព្រឹទ្ធសភា​អាមេរិក បាន​បោះឆ្នោត​ប្រឆាំង​មាត្រា​នៃ​ការចោទប្រកាន់​ចំនួន​ពីរ ​ដែល​ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​សភា​តំណាង​ ដែល​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ សំដៅ​ដកហូត​តំណែង​ប្រធានាធិបតី​ពី​លោក ដូ​ណា​ល់ ត្រាំ ។ សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ដកហូត​តំណែង​របស់លោក ត្រាំ ក៏ត្រូវ​ចប់ ហើយ​លោក ត្រាំ នៅតែ​ជា​ប្រធានាធិបតី​អាមេរិក​ដដែល​។​
 
​ទោះជា​បក្ស​ប្រជាធិបតេយ្ យ​ផ្ដល់​សក្ខីកម្ម​ដែល​បង្ហាញ​ពី​កំហុស​លោក ត្រាំ ក្ដី សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ នៅតែ​គាំទ្រ​លោក​ដដែល​។ ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៥ ខែកុម្ភៈ ព្រឹទ្ធសភា​អាមេរិក​ បានបញ្ជាក់​ពី​ភាព​គ្មាន​ទោសពៃរ៍​របស់លោក ត្រាំ តាមរយៈ​ការបោះឆ្នោត​ជំទាស់​មាត្រា​ចោទប្រកាន់​ពីរ​ករណី គឺ​ការបំពាន​អំណាច និង​ការបង្អាក់​ដំណើរការ​យុត្តិធម៌​។ 
 
​សម្រាប់​ករណី​បំពាន​អំណាច ព្រឹទ្ធសភា​អាមេរិក បាន​បោះឆ្នោត​មិន​ចោទប្រកាន់​លោក ត្រាំ ដោយ​សំឡេង​៥២​ទល់នឹង​៤៨ ។ ឯ​ការចោទប្រកាន់​ពី​ការបង្អាក់​ដំណើរការ​យុត្តិធម៌​វិញ សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៣​នាក់​ទៀត បោះឆ្នោត​ថា លោក ត្រាំ មិនមាន​កំហុស ខណៈ​៤៧​នាក់​ទៀត​ដែល​សុទ្ធសឹង​មកពី​បក្ស​ប្រជាធិបតេយ្យ​ថា លោក ត្រាំ មាន​កំហុស​។ ដ្បិត​មិនអាច​រក​សំឡេង​បាន​ពីរភាគបី បក្ស​ប្រជាធិបតេយ្យ នៅតែ​មិនអាច​បណ្ដេញ​លោក ត្រាំ ចេញពី​តំណែង​ដដែល​។​
 
​ប្រធាន​ចៅក្រម​តុលាការ​កំពូល​អាមេរិក លោក John Roberts ដែល​ដឹកនាំ​សវនាការ​នេះ ប្រកាសថា លោក ត្រាំ គឺ​មិន​មានទោស​ឡើយ ព្រោះ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​រក​មិនឃើញ​កំហុស​ដូចដែល​បាន​ចោទប្រកាន់​ឡើយ​។ 
 
​លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​ទី​បី ដែល​រួច​ពី​ការដកតំណែង​បន្ទាប់​លោក ប៊ី​ល គ្លី​ន​តុ​ន និង​លោក អែន​ឌ្រូ  ជែក​សុន​។ លោក​បាន​ហៅ​ការសម្រេចចិត្ត​របស់​ព្រឹទ្ធសភា​ជា​ជោគជ័យ ខណៈ​សេត​វិមាន​ចាត់ទុក​លទ្ធផល​នៅ​ព្រឹទ្ធសភា ជាការ​ផ្ដល់​ភាព​ស្អាតស្អំ​ពេញលេញ​មួយ​សម្រាប់​ប្រធានាធិបតី​។ យ៉ាងណាមិញ បក្ស​ប្រជាធិបតេយ្យ នៅតែ​បន្ត​ជំហរ​លោក ត្រាំ មាន​កំហុស ព្រោះ​សវនាកា​កន្លងមក មិន​យុត្តិធម៌​ដោយសារ​សាក្សី​សំខាន់​មិនត្រូវ​បាន​កោះហៅ ហើយ​ការ​អស់​ទោសពៃរ៍​របស់លោក ត្រាំ ជា​រឿង​គ្មាន​តម្លៃ​៕ 
 
 
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com