ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា សង្ឃឹមថា ទទួលបានយុត្តិធម៌ ហើយបានចូលរួមបោះឆ្នោតអាណត្តិក្រោយ
06, Feb 2020 , 10:24 am        
រូបភាព
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ប្រាប់អ្នកកាសែតម្តងទៀតថា លោក មានក្តីសង្ឃឹមច្រើន ក្នុងការទទួលបានយុត្តិធម៌ពីតុលាការ ហើយនឹងមានឱកាសបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២ និង ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ នៅឆ្នាំ២០២៣។



លោក កឹម សុខា បញ្ចេញសារនេះ ទៅកាន់អ្នកកាសែត នៅមុខផ្ទះរបស់លោក មុននឹងលោក ឡើងរថយន្ត ទៅបន្តចូលរួមសវនាការនៃសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ លោក មានក្តីសង្ឃឹម ដោយសំអាងហេតុផលថា សហគមន៍អន្តរជាតិ ចង់ឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ដោយមានការចូលរួមពីគណបក្សដែលមានលក្ខណៈសមរម្យ ហើយរដ្ឋាភិបាលកម្ពុជា មិនចង់ដើរចេញពីសហគមន៍អន្តរជាតិនោះទេ។

ប្រធានអតីតគណបក្សប្រឆាំងរូបនេះ ថ្លែងដូច្នេះថា៖«យើងឃើញជាក់ស្តែងហើយ ប្រជុំអន្តរជាតិធំៗលើកណា គឺគាត់តែងមានវត្តមាន និងមានទំនាក់ទំនង ដូច្នេះហើយ ខ្ញុំជឿថា បើគាត់ធ្វើឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យ ដែលសហគមន៍អន្តរជាតិ គេយល់ថា ដំណើរការបោះឆ្នោតដែលមានការចូលរួមពីគណបក្សដែលសាកសម ក្នុងការប្រកួតហ្នឹង ខ្ញុំ មិនថាតូចមិនថាធំទេ ហើយមិនបានចូល អាហ្នឹងធ្វើឲ្យមានការមិនពេញចិត្តពីសំណាក់អ្នកផ្សេងទៀត»។

លោក បន្ថែមថា៖«អ៊ីចឹង ខ្ញុំសង្ឃឹម ព្រោះគាត់ចង់ឲ្យកិត្យានុភាពរបស់ប្រទេសជាតិយើង ជាពិសេសរដ្ឋាភិបាលហ្នឹង អាចធ្វើការជាមួយសហគមន៍អន្តជាតិតទៅមុខទៀត»។ 

អតីតមេដឹកនាំប្រឆាំងរូបនេះ ក៏បានបញ្ជាក់ថ្មីដែរថា លោក គ្មានទោសពៃរ៍អ្វីនោះទេ។ លោក បកស្រាយថា រាល់សកម្មភាពនយោបាយរបស់លោកពីដើមមក គឺតែងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា  ការផ្សះផ្សាជាតិ មិនយកខ្មែរណាធ្វើជាសត្រូវ ហើយឆ្ពោះទៅកាន់ការបោះឆ្នោត។ 

លោក ប្រកាសជំហរថា៖«...អត់ទៅធ្វើបដិវត្តទេ អត់ទៅបង្ហូរឈាមខ្មែរ។ អ្នកណា ទៅបង្ហូរឈាមខ្មែរ​ អ្នកណា ទៅធ្វើបដិវត្ត អ្នកណា ទៅធ្វើអំពើហិង្សា ខ្ញុំ មិនទៅជាមួយទេ»៕

សវនាការអង្គសេចក្តីលើសំណុំរឿងរបស់អតីតមេដឹកនាំគណបក្សប្រឆាំង គឺចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០មក។ សវនាការនេះ ដើម្បីសម្រេចថា លោក ពិតជាមានទោសដូចការចោទប្រកាន់មែនឬមិនមាន។ តុលាការ គ្រោងប្រើពេលដល់ទៅ៣ខែឯណោះ ក្នុងការកាត់ក្តីលោក ដោយក្នុង១សប្តាហ៍ បើកសវនាការ២ដង គឺនៅថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍។ 

លោក ត្រូវចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស គឺមានន័យថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ តុលាការ អះអាងថា ទង្វើនេះ ស្តិតក្នុងអំពើក្បត់ជាតិ៕
  

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com