ជាតិ
សង្គមជាតិ
អ្នក​ថតរូប​«​ល្បី​»​ជនជាតិ​ជប៉ុន​លោក Ishikawa ចូល​រោងការ​ជាមួយ​នារី​ខ្មែរ​ក្រោយ​ស្មោះស្ម័គ្រ​គ្នា​ជាង​៨​ឆ្នាំ
06, Feb 2020 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្នេហា​រវាង​ជនជាតិ​ខុសគ្នា មិនមែនជា​រឿង​ងាយស្រួល​ទេ ព្រោះ ភាសា ម្ហូបអាហារ ទឹកដី និង​វប្បធម៌ គឺជា​រនាំង ដែល​ពេលខ្លះ មិនអាច​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ជួបគ្នា​បានឡើយ​។ ប៉ុន្តែ ឧបសគ្គ​ទាំងនោះ​មិនអាច​រារាំង កញ្ញា គឹម ចិន្តា ជា​នារី​ខ្មែរ និង​លោក Masayori Ishikawa ជនជាតិ​ជប៉ុន​បានឡើយ​។ ពួកគេ​ទាំងពីរ​នាក់​ស្រឡាញ់គ្នា​អស់​រយៈពេល​ជាង​៨​ឆ្នាំ​នៅលើ​ទឹកដី​កម្ពុជា នឹង​ត្រៀម​ចូល​រោងការ​នៅ​ថ្ងៃ​សៅ​រិ៍​ទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​ខាងមុខនេះ​។

 
​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កញ្ញា ចិន្តា និង លោក Ishikawa ដែលជា​អ្នក​ថតរូប​សារព័ត៌មាន និង​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​ល្បី​ម្នាក់ នឹង​ក្លាយទៅជា​គូ​ស្វាមីភរិយា​ពេញសិទ្ធិ​ស្របតាម​ប្រពៃណី និង​ច្បាប់​។ «​ខ្ញុំ​រំភើប និង​សប្បាយចិត្ត​។ ខ្ញុំ​មិនដែល​បាន​គិតថា មាន​ថ្ងៃ​នេះឡើយ​។ គាត់​សំណូមពរ​សុំ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​»​។ នេះ គឺជា​សម្តែង​អារម្មណ៍​មុន​ថ្ងៃ​ចូល​រោងការ​របស់​កញ្ញា ចិន្តា​។ 


 
​លោក Ishikawa បានដាក់​ជើង​ជាន់ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០​។ មួយឆ្នាំ​ក្រោយមក លោក Ishikawa និង​កញ្ញា ចិន្តា បាន​ស្គាល់គ្នា​នៅ​ខែកញ្ញា​ឆ្នាំ​២០១១​ក្នុងអំឡុងពេល​នាង​បម្រើការ​ឲ្យ​ស្ថាប័ន​មួយ​។ 
 
​កញ្ញា ចិន្តា រៀបរាប់ថា​៖«​ស្គាល់គ្នា​មុនដំបូង​ពិបាក​ណាស់ ព្រោះ គាត់​អត់​ចេះ​ខ្មែរ ខ្ញុំ​អត់​ចេះ​ជប៉ុន​។ គាត់​និយាយ​អង់គ្លេស​តិចតួច ខ្ញុំ​យល់​អង់គ្លេស​បាន​ខ្លះ​។ តែ​ក្រោយមក ខ្ញុំ​រៀន និង​ចេះ​ភាសា​ជប៉ុន ដូច្នេះ អ្វីៗ​ក៏​កាន់តែ​យល់​គ្នាច្រើន​»​។ ចំពោះ កញ្ញា ចិន្តា​, លោក Ishikawa គឺជា​បុរស​ជនជាតិ​ជប៉ុន​ដែលមាន​ភក្តីភាព និង​ជាម​នុស្ស​ស្មោះត្រង់​។ 
 
​មិន​ត្រឹមតែ​អនាគត​ភរិយា​ទេ​ដែល​ស្រឡាញ់​លោក Ishikawa​។ តាមពិត សូម្បីតែ​អ្នក​រួម​អាជីព​ក្នុង​វិស័យ​សារព័ត៌មាន និង​វិស័យ​ថតរូប​សារព័ត៌មាន​-​កីឡា​ក៏​ស្រឡាញ់​លោក Ishikawa មិនតិច​ដែរ​។ លោក ស៊ីវ ចាន់ណា អ្នក​ថតរូប​សារព័ត៌មាន​ដ៏​ល្បី​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​របស់លោក Ishikawa បាន​សរសើរ​ជនជាតិ​ជប៉ុន​រូបនេះ​ថា ជា​បុគ្គល​សាមញ្ញ​បំផុត​។ លោក ចាន់ណា បញ្ជាក់ថា​៖«​គាត់​ខុសពី​ជនបរទេស​ដទៃ​។ គាត់​រួសរាយ រាក់ទាក់ អោនលំទោន ស្លូតបូត និង​មិន​ឆ្មើងឆ្មៃ​។ គាត់​គោរព​មនុស្ស​ណាស់​»​។ មិន​ត្រឹមតែ​លោក ចាន់ ណា ប៉ុណ្ណោះ​ទេ​។ អ្នកធ្វើការ​នៅក្នុង​អាជីព​សារព័ត៌មាន និង​អាជីព​អ្នក​ថតរូប​សារព័ត៌មាន និង​កីឡា នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​នាក់ បាន​ស្គាល់​លោក Ishikawa និង​តែងតែ​សរសើរ​ពី​អត្ត​ចរិតល្អ​របស់លោក Ishikawa គ្រប់គ្នា​។ 


 
​ក្រៅពី​ទំនាក់ទំនង​ស្នេហា​, លោក Ishikawa ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ស្រឡាញ់​ប្រទេស​កម្ពុជា មិត្តភក្តិ​ខ្មែរ និង​អាជីព​ថតរូប​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ធ្លាប់បាន​ចែករំលែក​ចំណេះដឹង​ថតរូប​ទៅកាន់​អ្នក​ថតរូប​ខ្មែរ​ជាច្រើន​នាក់​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​កិច្ចការ​របស់លោក​, លោក Ishikawa មិនមែន​ស្នាក់​នៅតែ​ក្នុងប្រទេស​កម្ពុជា​មួយ​ទេ​។ តាមពិត ការងា​របស់លោក​តម្រូវ​ឲ្យ​លោក​ធ្វើដំណើរ និង​ស្នាក់នៅ​ក្នុងប្រទេស​អាស៊ាន​ដទៃទៀត​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com