អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ជប៉ុន រកឃើញ​១០​ករណី​ទៀត​, កូរ៉េខាងត្បូង​រកឃើញ ៤​ករណី​ថែម​
06, Feb 2020 , 10:46 am        
រូបភាព
នាវាទេសចរណ៍The Diamond Princess, រូបភាព៖ AFP
នាវាទេសចរណ៍The Diamond Princess, រូបភាព៖ AFP
​នា​ថ្ងៃទី​៦ ទី​កុម្ភៈ ជប៉ុន បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (2019-nCoV)  ១០​ករណី​បន្ថែមទៀត នៅលើ​នាវា​ទេសចរណ៍​មួយគ្រឿង ដែល​ត្រូវបាន​ឃាត់ទុក​នៅ​កំពង់ផែ Yokahama ខណៈពេល​កូរ៉េខាងត្បូង បាន​រកឃើញ​វីរុស​ប្រភេទ​ថ្មី​នេះ ៤​ករណី​បន្ថែមទៀត​។​


 
​ជប៉ុន បន្តបាន​រកឃើញ​អ្នកជំងឺ​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ជា​បន្តបន្ទាប់​ទៀត​នៅលើ​នាវា​ទេសចរណ៍ Diamond Princess ។ គ្រាន់តែ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ អាជ្ញាធរ​ជប៉ុន បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ១០​នាក់ ហើយ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​នេះ បាន​រកឃើញ ១០​ករណី​បន្ថែមទៀត​។ សម្រាប់​ចំនួន​សរុប​នៃ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ គឺ​បាន​កើនឡើង ២០​នាក់​ហើយ ក្នុងចំណោម​អ្នកដំណើរ​ជាង ៣៥០០​នាក់ លើ​នាវា​ទេសចរណ៍​នេះ​។ 
 
​ដោយ​បូក​ជាមួយនឹង ១០​ករណីនេះ​បន្ថែមទៀត ជប៉ុន បាន​រកឃើញ​កូ​រ៉ូ​ណា​វីរុស​ទាំងអស់ ៤៥​ករណី ដែល​តួលេខ​នេះ គឺ​ខ្ពស់ជាង​ប្រទេស​ណា​ទាំងអស់ បន្ទាប់ពី​ចិន​។ 
 
​ចំណែក​នៅ​កូរ៉េខាងត្បូង​ឯណោះ​វិញ អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ​៤ ករណី​បន្ថែមទៀត​។ ក្នុងចំណោម ៤​ករណីនេះ មាន​៣​ករណី​ជា​ជនជាតិ​កូរ៉េខាងត្បូង ដែល​ឆ្លង​ពី​មនុស្ស ទៅ​មនុស្ស ខណៈពេល ១​ករណី​ទៀត គឺជា​ស្ត្រី​ចិន ដែល​មកពី​ក្រុង​វូ​ហាន​។ ទាក់ទង​នឹង​ចំនួន​នេះ តួលេខ​សរុប ដែល​កូរ៉េខាងត្បូង​បាន​រកឃើញ គឺមាន​រហូតដល់ ២៣​ករណី​ហើយ​។​
 
​សម្រាប់​អ្នកជំងឺ​ដែលមាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ថ្មី​នេះ ត្រូវបាន​គេ​យកទៅដាក់​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ព្យាបាល​ជំងឺ និង​ទប់ស្កាត់​ករណី​ឆ្លង​។  
 
​សូមបញ្ជាក់ថា កូ​រ៉ូ​ណា​វីរុស​បាន​អុកឡុក នៅក្នុង​ទឹកដី​ចិន និង​ប្រទេស​ផ្សេងទៀត​យ៉ាងខ្លាំង​។ គិត​ត្រឹម​ថ្ងៃទី​៦ ខែកុម្ភៈ​នេះ កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី បាន​កើនឡើង​រហូតដល់​ជាង ២៨០០០​ករណី ខណៈពេល​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​បាន​កើន​ដល់​ជាង​៥៦០​នាក់​ឯណោះ​៕
 

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com