កីឡាអន្តរជាតិ
អន្តរជាតិ
Ighalo សារភាពថាសុខចិត្តកាត់ប្រាក់ខែ ដើម្បីបានលេងឲ្យ Man Utd
× Odion Ighalo សារភាពថាខ្លួនពិតជាចង់ចូលរួមជាមួយ Manchester United ខ្លាំងណាស់ រហូតសុខចិត្តកាត់ប្រាក់ខែដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងក្នុងលក្ខខណ្ឌខ្ចីជើងនេះកើតឡើង។ Ighalo ដែលជាអ្នកគាំទ្របិសាចក្រហមតាំងពីវ័យក្មេងមកនោះ អះអាងទៀតថារូបគេគេងមិនលក់ពេញមួយយប់ ក្រោយសុបិនផ្លាស់ទៅ Old Trafford ក្លាយជាការពិត។
ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាវ័យ ៣០ ឆ្នាំរូបនេះបានក្លាយជាសមាជិករបស់ក្រុម Man United ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបនៃលីគកំពូលចិន Shanghai Shenhua រហូតដល់ចុងបញ្ចប់រដូវកាលនេះ។
ជាអតីតកីឡាករ Watford រយៈពេល៣រដូវកាល Ighalo បាននិយាយថាសូម្បីតែម្តាយរបស់ខ្លួនក៏យំដែរនៅពេលលឺដំណឹងកូនប្រុសរបស់ខ្លួនសម្រេចបំណងក្នុងជីវិត ហើយថែមទាំងបង្កើតកម្មពិធីជប់លៀងនៅតាមផ្លូវនៅឯស្រុកកំណើតផង។
«មានក្លិបមួយចំនួនផ្សេងទៀតបានបង្ហាញការចាប់អារម្មណ៍ តែខ្ញុំជ្រើសរើសយក Man Utd ប្រសិនបើអាចធ្វើទៅបាន។ Ighalo និយាយដូច្នេះ។
Odion Ighalo (ឆ្វេង) ជាអ្នកគាំទ្រក្រុម Man Utd តាំងពីវ័យក្មេង
ថ្លែងទៅកាន់វេបសាយ Man Utd ផ្ទាល់ Ighalo បន្ថែមទៀតថា៖« នៅម៉ោង ១១ យប់នៅទីក្រុងសៀងហៃភ្នាក់ងាររបស់ខ្ញុំបានទូរសព្ទមកខ្ញុំហើយនិយាយថាក្លិបបិសាចក្រហមចង់ចុះកិច្ចព្រមព្រៀងជាមួយខ្ញុំ ដូច្នេះខ្ញុំចាប់ផ្តើមស្វែងរកអ្នកបកប្រែម្នាក់ដើម្បីនិយាយរឿងនេះ»។
«ខ្ញុំពិតជាសប្បាយចិត្តណាស់។ ដំបូងខ្ញុំចង់និយាយអរគុណព្រះជាម្ចាស់ដែលបានធ្វើឲ្យរឿងនេះកើតឡើងហើយវាដូចជាសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ អ្នកដែលស្គាល់ខ្ញុំ សូម្បីតែនៅប្រទេសនីហ្សេរីយ៉ា និងនៅពេលខ្ញុំលេងនៅ Watford មិត្តរួមក្រុមរបស់ខ្ញុំដឹងច្បាស់ថាខ្ញុំស្រឡាញ់ Man United និងជាអ្នកគាំទ្រក្លិបនេះយូរមកហើយ។ នៅពេលខ្ញុំលេងទល់នឹង Man Utd អារម្មណ៍នោះគឺនៅទីនោះព្រោះវាជាសុបិនរបស់ខ្ញុំ»។
ខ្សែប្រយុទ្ធ Ighalo ជាសមាជិកទី២របស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer យកទៅកាន់ Old Trafford នាទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីទិញបានខ្សែបម្រើ Bruno Fernandes ពី Sporting Lisbon។
Man Utd ឈរចំណាត់ថ្នាក់ទី៧ ក្នុងតារាង Premier League ក្រោយប្រកួត២៥លើក មាន៣៥ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៦ពិន្ទុ និងក្រុមកំពូលតារាង Liverpool ដល់ទៅ ៣៨ពិន្ទុ៕
Tag:
Manchester United
Odion Ighalo
© រក្សាសិទ្ធិដោយ thmeythmey.com