ជាតិ
អាជ្ញាធរអប្សរា មានគម្រោងធ្វើឲ្យតំបន់ទេសចរណ៍អង្គរ មានសត្វកម្រជិតផុតពូជរស់នៅ រូបពីអាជ្ញាធរអប្សរា
× ភ្នំពេញ៖ អាជ្ញាធរជាតិអប្បរា មានគម្រោង កែប្រែតំបន់អង្គរ ឲ្យក្លាយជាតំបន់ទេសចរណ៍ ដែលមានសត្វកម្រជិតផុតពូជរស់នៅ ស្របជាមួយនឹងតំបន់ទេសចរណ៍ដែលមានស្រាប់។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២០ ថា អាជ្ញាធរជាតិអប្សរា មានគម្រោងបង្កើតតំបន់អង្គរ ឲ្យក្លាយជាតំបន់ដែលមានសត្វកម្រឬជិតផុតពូជរស់នៅ ដោយសារតំបន់នេះ សម្បូរទៅដោយព្រៃឈើ និងជាការទាក់ទាញភ្ញៀវទេសចរបន្ថែម។
លោក បញ្ជាក់ថា៖«តំបន់អង្គរជាតំបន់សម្បូរដោយព្រៃឈើ។ អាជ្ញាធរ កំពុងមានគម្រោងឲ្យសត្វកម្រជិតផុតពូជ រស់នៅក្នុងតំបន់នេះ។ ម្យ៉ាងតំបន់នេះ ជាតំបន់ទេសចរណ៍ដែលសម្បូរប្រាសាទ ការដាក់សត្វកម្រឲ្យមាននៅតំបន់នេះ អាចទាក់ទាញភ្ញៀវទេសចរបន្ថែម»។
ក្រសួងព័ត៌មាន បានស្រង់សម្តីរបស់លោក យិត ចាន់ដារដ្ឋា អគ្គនាយករងនៃអាជ្ញាធរជាតិអប្បរា ដែលបង្ហើបព័តមាននេះ កាលពីថ្ងៃទី៤កុម្ភៈ ទៅចុះផ្សាយថា រយៈពេល៦ឆ្នាំកន្លងមកនេះ សត្វព្រៃកម្រ និងជិតផុតពូជ៥ប្រភេទ មានសត្វទោចម្កុដ៨ក្បាល សត្វឈ្លូស៤ក្បាល សត្វសំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និង សត្វស្វាព្រាហ្មណ៍១២ក្បាល បានយកមកផ្សាំង និងលែងឲ្យរស់នៅក្នុងព្រៃឧទ្យានអង្គរ។
លោក អះអាងថា ប្រភពសត្វទាំងនេះ ខ្លះយកមកពីឧទ្យានភ្នំតាម៉ៅ និងខ្លះយកមកពីកោះក្រពី ខេត្តកោះកុង ហើយយកមកលែងនៅទីតាំងសំខាន់៣កន្លែងក្នុងរមណីយដ្ឋានអង្គរ ដូចជានៅខ្លោងទ្វារខ្មោច ខ្លោងទ្វារតាកាវ និង ប្រាសាទតានៃ ដែលមានព្រៃស៊ុបទ្រុបសម្រាប់ការរស់នៅ។
លោក បន្តថា ក្នុងមួយខែ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEALLIANCE) ចុះពិនិត្យតាមដានពីសុខភាពសត្វទាំងនេះម្តង។ ក្រៅពីសត្វទាំង៥ប្រភេទនេះ តំបន់អង្គរ ក៏មានសត្វជាច្រើនប្រភេទដែលបានរស់នៅតាំងពីយូរលង់មកហើយដែរ ដូចជា សត្វស្ទាំង សត្វពស់ សត្វកាំប្រមា និងសត្វមាន់ព្រៃជាដើម៕
Tag:
ខេត្តសៀមរាប
សត្វជិតផុតពូជ
© រក្សាសិទ្ធិដោយ thmeythmey.com