ជាតិ
សង្គមជាតិ
ជប៉ុន ឲ្យ​កម្ពុជា​ជិត​២៨​ម៉ឺន​ដុល្លារ សម្រាប់​សង់​អគារសិក្សា និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​
07, Feb 2020 , 8:39 am        
រូបភាព
លោកឯកអគ្គរាជទូតជប៉ុន (កណ្តាល)  នាពិធីចុះហត្ថលេខាផ្តល់ជំនួយ
លោកឯកអគ្គរាជទូតជប៉ុន (កណ្តាល) នាពិធីចុះហត្ថលេខាផ្តល់ជំនួយ
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជិត​២៨​ម៉ឺន​ដុល្លារ ដល់​កម្ពុជា ដើម្បី​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​បន្ទាយ​ប្រណាក ខេត្តកំពង់ស្ពឺ និង​ដើម្បី​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ភ្នំ​ឆ័​ត្រ ខេត្តបន្ទាយមានជ័យ​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​ព្រមព្រៀង​ផ្តល់ជំនួយ​នេះ ជាមួយ​អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តកំពង់ស្ពឺ និង​ប្រធាន​សមាគម​ទឹកស្អាត​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​។


 
​ជំនួយ​ជិត​២៨​ម៉ឺន​ដុល្លារ​នេះ គឺ​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តកំពង់ស្ពឺ ទទួលបាន​ជាង​៩​ម៉ឺន​ដុល្លារ សម្រាប់​កសាង​អគារសិក្សា​៦​បន្ទប់ ដែល​នឹង​បំពាក់​ដោយ​គ្រឿងសង្ហារិម និង​បង្គន់​អនាម័យ​២​បន្ទប់ នៅក្នុង​វិទ្យាល័យ​បន្ទាយ​ប្រណាក​ខេត្តកំពង់ស្ពឺ ហើយ​សមាគម​ទឹកស្អាត ទទួលបាន​១៨​ម៉ឺន​ដុល្លារ សម្រាប់​បង្កើត​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និង​បណ្តាញ​ចែកចាយ​ទឹក​ប្រមាណ​៣០​គីឡូម៉ែត្រ​នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ភ្នំ​ឆ័​ត្រ ក្នុង​ខេត្តបន្ទាយមានជ័យ​។ 
 
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែលមាន​វត្តមាន​នៅក្នុង​ការផ្តល់​ជំនួយ​នេះ បាន​លើកឡើងថា តាមរយៈ​ថវិកា​ដែល​ជប៉ុន​បានប្រគល់​ឲ្យ​ស្ថាប័ន​ទាំងពីរ នឹង​បំពេញ​បំណង​ដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ​បន្ទាយ​ប្រណាក​ខេត្តកំពង់ស្ពឺ អាច​សិក្សា​ប្រកបដោយ​សុវត្ថិភាព និង​មាន​ផាសុកភាព​។ ចំណែក អង្គការ​សមាគម​ទឹកស្អាត អាច​ធានាបាន​នូវ​ការ​ទទួលទាន​ទឹកស្អាត និង​អនាម័យ​សម្រាប់​ពលរដ្ឋ​ប្រមាណ​២​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនពិការ​។ 
 
​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រូបនេះ  បាន​បញ្ជាក់ថា ថ្វី​ដ្បិត​កម្ពុជា អភិវឌ្ឍ​បាន​ឆាប់រហ័ស​ក៏ពិតមែន តែ​កម្ពុជា នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​លើកកម្ពស់​នូវ​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​។ លោក មានប្រសាសន៍ថា​៖«​ជប៉ុន​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ដែល​កម្ពុជា​កំពុងតែជួបប្រទះ តាមរយៈ​គោលការណ៍​សហការ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ផ្សេងៗ​ផងដែរ​។ ខ្ញុំ សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​នេះ នឹង​នាំទៅរក​ការកែលម្អ​នូវ​កម្រិតជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​»​។
  


គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យបន្ទាយប្រណាកខេត្តកំពង់ស្ពឺ 

​លោក យឹម គឹម​ហាច អនុប្រធាន​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តកំពង់ស្ពឺ លើកឡើងថា ជំនួយ​នេះ​នឹង​ជួយ​ឲ្យ​វិទ្យាល័យ​បន្ទាយ​ប្រណាក​ខេត្តកំពង់ស្ពឺ មាន​អគារសិក្សា​គ្រប់គ្រាន់ សម្រាប់​ឲ្យ​សិស្ស​៤៨៩​នាក់ (​ស្រី​២៥៦​នាក់​) បាន​សិក្សា​។ លោក យឹម គឹម​ហាច បាន​បញ្ជាក់ថា​៖«​ការខ្វះខាត​អគារសិក្សា ក៏​ក្លាយជា​បញ្ហា​ប្រឈម​ចម្បង​ចំពោះមុខ​ក្នុងការ​ប្រមូល​សិស្ស​ឲ្យ​ចូលរៀន​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​នេះ ជប៉ុន​ក៏បានផ្តល់​ជំនួយ​សម្រាប់​សម្រួល​ដល់​សិស្សានុសិស្ស​អាច​រៀនសូត្រ​»​។​
 
​រីឯ លោក ឯក សុន​ចាន់ ប្រធាន​សមាគម​ទឹកស្អាត និយាយថា គម្រោង​សាងសង់​ប្រព័ន្ធ​ទឹកស្អាត​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ភ្នំ​ឆ័​ត្រ នៅ​ខេត្តបន្ទាយមានជ័យ នឹង​ផ្តល់​ផល​ដល់​ពលរដ្ឋ​ប្រមាណ​២​ពាន់​នាក់ ដែលជា​ជនពិការ និង​ប្រជាកសិករ មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​។ 

  
គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ

​លោក បន្តថា​៖«​កាលពីមុន អ្នកស្រុក​ត្រូវ​ពឹងផ្អែក​លើទឹក​ក្រោម​ដី​ដែលមាន​សារធាតុ​លោហៈ និង​មាន​ទឹកល្អក់ ប្រឈម​នឹង​ការពុល​។ ដូច្នេះ​ពួកគេ​ត្រូវ​ទិញ​ទឹក​ដែល​ត្រូវ​ចំណាយ​៥​ពាន់​រៀល​ក្នុង​២០​លីត្រ សម្រាប់​បំពេញតម្រូវការ​របស់​ពួកគេ​។ ឥឡូវនេះ​សុបិន​របស់​ពួកគេ​ដែល​ចង់បាន​ទឹក​ប្រើប្រាស់​បានក្លាយ​ជាការ​ពិត​ហើយ​។ មិន​លើសពី​មួយឆ្នាំ​ទៀត​ទេ ពួកគេ​នឹងមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ តាមរយៈ​ការសាងសង់​ប្រព័ន្ធ​ទឹកស្អាត​ប្រកបដោយ​គុណភាព តម្លៃ​សមរម្យ និង​មាន​និរន្ត​ភាព​»​។
​សូមបញ្ជាក់ថា កម្ពុជា​ទទួលបាន​ជំនួយ​ពី​ជប៉ុន​តាំងពី​ឆ្នាំ​១៩៩១​មក ដែល​គិត​ជា​ទឹកប្រាក់ គឺ​ជាង​៦០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​លើ​គម្រោង​ទាំង​៧២២៕  
 
 
 
 

Tag:
 ជប៉ុន​
 ​ថវិកា​
 ​ជំនួយ​
 ​អប់រំ​
 ​ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com