ជាតិ
សង្គមជាតិ
អាជ្ញាធរ​ភ្នំពេញ ឲ្យ​ឈប់​ផ្សាយ​ថ្នាំជក់ ហើយ​ការផ្សាយ​កន្លងមក ត្រូវ​ដកចេញ​ឲ្យ​អស់
06, Feb 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ទៅកាន់​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់ ដោយ​ប្រាប់​ឲ្យ​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​អំពី​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​កម្មវិធី​ប្រកួតប្រជែង​ការតាំង​កញ្ចប់​បារី​។


 
​មិន​ត្រឹមតែ​មិន​ឲ្យ​បន្ត​ការផ្សព្វផ្សាយ​នោះទេ តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថែមទាំង​បង្គាប់​គ្រប់​ក្រុមហ៊ុន ឲ្យ​ប្រមូល​យកចេញ​ឲ្យ​អស់​នូវ​សម្ភារ​ផ្សាយពាណិជ្ជកម្ម​បារី ដែល​បាន​ផ្សព្វផ្សាយ​កន្លងមក ហើយក៏​ត្រូវ​លុបបំបាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន និង តាម​បណ្តាញ​ព័ត៌មាន​សង្គម​ផងដែរ​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ទុក​ទង្វើ​ទាំងអស់នេះ​ថា ល្មើស​នឹង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ដូច្នេះ​ថា​៖«​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​តាមដាន​ក្រុមហ៊ុន​ថ្នាំជក់​ទាំងឡាយណា ដែល​ប្រ​ពឹ​ត្ត​ល្មើស​នឹង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​»​។ 
 
​ការចេញ​វិធានការ​នេះ ដោយសារតែ​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេតឃើញ​ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន កំពុង​ផ្សព្វផ្សាយ​លក់​បារី​ទ្រង់ទ្រាយ​ធំ ក្នុង​គោលបំណង​អូសទាញ​អ្នកលក់​បារី​ទូទាំងប្រទេស ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ដាក់តាំង​បារី ដើម្បី​ទទួលបាន​រង្វាន់​ពី​ក្រុមហ៊ុន​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​សកម្មភាព​នេះ​ថា បានបង្ហាញ​ចេតនា​របស់​ក្រុមហ៊ុន ដែល​មិន​ត្រឹមតែ​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​អូសទាញ​អ្នកលក់​បារី ឲ្យ​រួម​ចំ​ណែ​ប្រ​ពឹ​ត្ត​បទល្មើស​នេះ​ផងដែរ​។ 
 
​ក្នុង​សេចក្តីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រម្លឹក​ពី​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា រដ្ឋាភិបាល មាន​មហិច្ឆតា កែប្រែ​កម្ពុជា ឲ្យ​ក្លាយទៅជា​ប្រទេស គ្មាន​ផ្សែង​បារី នៅ​ឆ្នាំ​២០២៥​។ ប្រមុខ​រដ្ឋាភិបាល បាន​លើក​ពី​មហិច្ឆតា ក្នុងជំនួប​ជាមួយ​លោក​វេជ្ជបណ្ឌិត Takeshi Kasai នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) របស់​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។​
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យក​របាយការណ៍​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក មក​សរសេរថា ប្រជាជន​កម្ពុជា​ប្រមាណ​១,៥​ម៉ឺន​នាក់ បាន​ស្លាប់​រៀងរាល់ឆ្នាំ (​ស្លាប់​៤០​នាក់ ក្នុង​១​ថ្ងៃ​) បណ្តាលមកពី​ជំងឺ​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ការប្រើប្រាស់​ថ្នាំជក់ ដូចជា ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជំងឺឆ្លង​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម ជំងឺ​ត្បៀត​ទងសួត​រ៉ាំរ៉ៃ និង ជំងឺមហារីក​សួត ជាដើម​។ លើសពីនេះ ការប្រើប្រាស់​ថ្នាំជក់ ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ថវិកា​៦៤៩​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​៕ 
 

Tag:
 ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com