អន្តរជាតិ
WHO ប្រកាស​រក​ជំនួយ​៦៧៥​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​កូ​រ៉ូ​ណាវី​រុស​
06, Feb 2020 , 8:19 pm        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ។ រូបភាព Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ។ រូបភាព Xinhua
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៥ ខែកុម្ភៈ បាន​អំពាវនាវ​រក​ជំនួយ​ចំនួន​៦៧៥​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​ចិន និង​ប្រទេស​មួយចំនួនទៀត​។ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus អះអាងថា ចំនួន​ទឹកប្រាក់​នេះ​មិន​ច្រើន​ឡើយ បើ​ប្រៀបធៀប​នឹង​ការចំណាយ​ក្នុងករណី​វីរុស​នេះ​រាលដាល​កាន់តែខ្លាំង​នោះ​។ តាម​គម្រោង ជំនួយ​ទាំងនេះ នឹង​ផ្ដោតលើ​ការវិនិយោគ​ផ្នែក​សុខាភិបាល​ក្នុងប្រទេស​មាន​ប្រឈមមុខ​ខ្លាំង​។​

 
«​ថ្ងៃនេះ យើង​ដំណើរការ​ផែនការ​ត្រៀម​ឆ្លើយតប​យុទ្ធសាស្ត្រ​... យើង​ស្នើសុំ​ជំនួយ​៦៧៥​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​គម្រោង​រយៈពេល​បី​ខែ​បន្ទាប់​។​» នេះ​ជាការ​លើកឡើង​របស់លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​ពី​ការត្រៀម​របស់​អង្គការ​អន្តរជាតិ​មួយ​ក្នុងការ​ទប់ស្កាត់ និង​ការគ្រប់គ្រង​កូ​រ៉ូ​ណា​វីរុស​ដែល​ផ្ទុះឡើង​នៅ​ទឹកដី​ចិន និង​រាលដាល​ដល់​ប្រទេស​ជាង​២០​ទៀត​។​
 
​ក្នុង​សន្និសីទ​នៅឯ​ទីក្រុង​ហ្សឺ​ណែវ លោក Ghebreyesus លើកឡើង​ទៀតថា សារ​ដែល​លោក​បង្ហាញ​ទៅកាន់​ពិភពលោក គឺ​វិនិយោគ​ថ្ងៃនេះ ឬក៏​ចង់​ចំណាយ​ច្រើ​នៅ​ថ្ងៃក្រោយ​។ ប្រមុខ WHO រូបនេះ​ទំនង​ចង់​រំឭកថា ទឹកប្រាក់​ដែល​ស្ថាប័ន​លោក​ស្នើសុំ​នេះ មិន​ច្រើន​ឡើយ​សម្រាប់​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការ​រាលដាល​កាន់តែខ្លាំង​របស់​កូ​រ៉ូ​ណាវី​រុស ព្រោះ​មិនមាន​ការឆ្លើយតប​នៅពេល​បច្ចុប្បន្ននេះ​ទេ ការចំណាយ​នៅ​ថ្ងៃ​ខាងមុខ អាចមាន​ច្រើន​ជាងនេះទៅទៀត​។​
 
​ថវិកា​ចំនួន​៦០​លាន​ដុល្លារ នឹងត្រូវ​ប្រើ​សម្រាប់​ប្រតិបត្តិការ​របស់ WHO ខណៈដែល​ទឹកប្រាក់​សេសសល់ នឹងត្រូវ​ផ្ដល់​ឲ្យ​ប្រទេស​ដែល​ត្រូវការ​ជំនួយ​ចាំបាច់​ក្នុងការ​ការពារ​ទល់នឹង​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ghebreyesus ។​
 
​អំឡុង​សន្និសីទ​សារព័ត៌មាន​ដដែល លោក Ghebreyesus បញ្ជាក់ថា WHO បាន​បញ្ចេញ​ម៉ាស់​៥​សែន និង​ឧបករណ៍​ជំនួយការ​ដកដង្ហើម​៤​ម៉ឺន​ទៅកាន់​ប្រទេស​ចំនួន​២៤​ពី​ខ្លាំង​របស់ខ្លួន​នៅ​ឌូ​បៃ និង​អាក្រា​។ អគ្គនាយក WHO ជនជាតិ​អេ​ត្យូ​ពី​រូបនេះ ក៏​ឆ្លៀត​សរសើរ​មហាសេដ្ឋី​អាមេរិក ប៊ី​ល ហ្កេ​ត និង​ភរិយា​ដែល​បាន​បរិច្ចាគ​លុយ​ចំនួន​១០០​លាន​ដុល្លារ​ក្នុងការ​ធ្វើតេស្ត ព្យាបាល និង​ស្រាវជ្រាវ​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណា​វីរុស​ផងដែរ​។ 
 
​ទាក់ទង​នឹង​ការជម្លៀស​មនុស្ស​ពី​ទឹកដី​ចិន​ដែល​ធ្វើ​ដោយ​ប្រទេស​ជាច្រើន​នោះ លោក Ghebreyesus ពន្យល់ថា វិធានការ​បែបនេះ មិនបាន​ជួយ​អ្វី​ឡើយ ហើយ​លោក​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ទាំងអស់​សម្រេចចិត្ត​ដោយ​ផ្អែកលើ​ការពិត​។ កន្លងទៅ WHO ក៏​មិន​បានផ្ដល់​អនុសាសន៍​អ្វី​ទាក់ទង​ការជម្លៀស​មនុស្ស ឬ​ការ​រឹតត្បិត​ការធ្វើដំណើរ​ទៅមក​ចិន​ដែរ ព្រោះ​ស្ថានការណ៍​រាលដាល​កូ​រ៉ូ​ណាវី​រុស​នេះ​មិនទាន់​ឡើងដល់​អត្រា​ហានិភ័យ​ខ្លាំង​នៅឡើយ​៕
 
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com