ជាតិ
សេដ្ឋកិច្ច
ក្រូចពោធិ៍សាត់ ផ្កាអំបិល​កំពត សូត្រ​មាស អង្ករ​សរីរាង្គ និង​អំបុក​ខ្មែរ នឹងត្រូវ​ចុះបញ្ជី​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​
06, Feb 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម កំពុង​រៀបចំ​ស្នើសុំ​ចុះបញ្ជី​ផលិតផល​ខ្មែរ​ចំនួន​៥​ប្រភេទ​ទៀត ដើម្បី​ការពារ​ម៉ាក​សញ្ញា​ពាណិជ​កម្ម  ។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​របស់​ក្រសួងពាណិជ្ជកម្ម​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៦ កុម្ភៈ​។​


 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​បញ្ជាក់ថា ក្រសួង​កំពុង​សិក្សា និង​ប្រមូល​ព័ត៌មាន​បឋម​ពាក់ព័ន្ធ​នឹង​ការកសាង​ម៉ាក​យីហោ​ទាំង​៥​នោះ រួមមាន ក្រូចពោធិ៍សាត់ ផ្កាអំបិល​កំពត សូត្រ​មាស អង្ករ​សរីរាង្គ និង​អំបុក​ខ្មែរ​។ បើតាម​លោក ស៊ា​ង ថៃ ការចុះបញ្ជី​ការពារ​ម៉ាក​ផលិតផល​ខ្មែរ គឺ​ដើម្បី​បង្កើន​ការទុកចិត្ត​ដល់​អ្នកប្រើប្រាស់ ជាពិសេស​ទប់ស្កាត់​ការបន្លំ​ម៉ាក​ផលិត នៅក្នុង​ទីផ្សារសេរី​នេះ​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា​៖«​ធម្មតា​យើង​ដាក់​គោលដៅ​(​ចុះបញ្ជី​ការពារ​ម៉ាក​សញ្ញា​) ចំនួន​៥​នេះ ប៉ុន្តែ​បើ​យើង​អាច​ចំណេញ​(​គេ​ទទួលស្គាល់​)៤ ឬ​៣ វា​គឺជា​ជោគជ័យ​របស់​យើង ព្រោះ​វា​អាស្រ័យ​លើ​ទំហំ​ការងារ​ជាក់ស្ដែង​»​។​
 
​កាលពី​ខែតុលា ឆ្នាំ​២០១៩ ក្រសួងពាណិជ្ជកម្ម ក៏បាន​សម្ពោធ​ម៉ាក​សមូហភាព​«​គុយទាវ​ភ្នំពេញ » ដែល​សមិទ្ធផល​ថ្មី​មួយទៀត​របស់ខ្លួន​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) និង​កិច្ចសហការ​ពី​សមាគម​ចុងភៅ​កម្ពុជា រួមជាមួយ​ជំនាញការ​ជាតិ និង​អន្តរជាតិ​។ 
 
​កន្លងមក​ក្រសួង ក៏បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​«​ម្លិះ​អង្គរ​» ដែលជា​ម៉ាក​វិញ្ញាតកម្ម​ទីមួយ និង​ម៉ាក​«​ក្រូចថ្លុង​កោះ​ទ្រង់​» ដែលជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​បី​របស់​កម្ពុជា បន្ថែម​លើ​ម៉ាក​«​ម្រេច​កំពត​» និង​«​ស្ករត្នោត​កំពង់ស្ពឺ​» ដែល​កំពុង​ទទួល​ការពេញនិយម​លើ​ទីផ្សារ​ទៀតផង​។​ក្រសួងពាណិជ្ជកម្ម ក៏បាន​តាក់តែង​គោលនយោបាយ និង​ចងក្រង​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​ការពារ​ម៉ាក​សញ្ញា​ពាណិជ្ជ​កម្មនេះ​។​
 
​ក្នុង​ឆ្នាំ​២០១៩​កន្លងមក ក្រសួងពាណិជ្ជកម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ការពារ​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម បាន​ចំនួន​៥, ២៧៨ ដោយ​កើនឡើង​១៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​៕

Tag:
 ស៊ា​ង ថៃ​
  ពាណិជ្ជកម្ម​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com