អន្តរជាតិ
សាកលវិទ្យាល័យនៅអូស្ត្រាលី អាចបាត់ចំណូលរាប់រយលានដុល្លារដោយកូរ៉ូណាវីរុស និស្សិតចិននៅអូស្ត្រាលី។ រូបភាព AFP
× ការផ្ទុះកូរ៉ូណាវីរុស អាចធ្វើឲ្យសាកលវិទ្យាល័យនានានៅអូស្ត្រាលីបាត់បង់ចំណូលរាប់ពាន់លានដុល្លារ។ នេះបើតាមការវាយតម្លៃមួយពីផលប៉ះពាល់បង្កដោយវីរុសប្រភេទថ្មីនេះ។ ការខាត់បង់នេះ កើតឡើងក៏ព្រោះតែនិស្សិតចិនដែលគម្រោងចំណាយលុយដើម្បីបន្តការសិក្សានៅទឹកដីអូស្ត្រាលី ត្រូវបង្ខំចិត្តផ្លាស់ប្ដូរគោលដៅរបស់ខ្លួនវិញ បន្ទាប់ពីទីក្រុងកង់បេរ៉ាចេញបម្រាមពាក់ព័ន្ធការធ្វើដំណើរ សំដៅទប់ស្កាត់ការរាលដាលវីរុសមួយនេះ។
ក្នុងរបាយការណ៍វាយតម្លៃបឋមរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Standard and Poor’s សាកលវិទ្យាល័យល្បីៗរបស់អូស្ត្រាលី នឹងខាតបង់ប្រាក់ចំណូលពីការបង់ថ្លៃសាលាដល់ទៅបីពាន់លានដុល្លារ។ នេះក៏ព្រោះតែរដ្ឋាភិបាលអូស្ត្រាលី បានដាក់ចេញវិធានការទប់ស្កាត់ការរាលដាលកូរ៉ូណាវីរុស ដែលហាមប្រាមជនបរទេសមិនមានសញ្ញាតិអូស្ត្រាលី ឬក៏ប្រជាជនអចិន្ត្រៃយ៍ចូលទឹកដីខ្លួន។ បានន័យថា ជនជាតិចិនដែលចង់បន្តការសិក្សានៅអូស្ត្រាលី ក៏មិនអាចជាន់ទឹកដីអូស្ត្រាលីបានដែរ។
ការផ្ទុះកូរ៉ូណាវីរុស កើតចំពេលការចូលបវេសនកាលឆ្នាំសិក្សាថ្មីដែលជាទូទៅផ្ដើមខែកុម្ភៈ និងស្របពេលដែលនិស្សិតរាប់ម៉ឺននាក់កំពុងសម្រាកនៅទឹកដីចិននៅឡើយ។ ការខាតបង់មិនមែនកើតមានត្រឹមការបង់ថ្លៃសាលារៀនឡើយ។ បើមិនជនជាតិមិនអាចជាន់ទឹកដីអូស្ត្រាលីបាននោះ ការខាតបង់ នឹងបន្តកើតមានលើផ្នែកដទៃទៀត។
«ការគន់គូររបស់យើង គឺគិតតែលើប្រាក់ចំណេញរបស់សាលារៀនប៉ុណ្ណោះ ហើយមិនបានបញ្ចូលការរួមចំណែកផ្នែកសេដ្ឋកិច្ចផ្សេងទៀតឡើយរាប់ពីការស្នាក់នៅ ទេសចរណ៍រហូតដល់ការប្រើប្រាស់ទំនិញ និងសេវាកម្មក្នុងស្រុកជាដើម។» នេះជាការបញ្ជាក់របស់ Standard and Poor’s ក្នុងរបាយការណ៍របស់ខ្លួនចេញថ្ងៃទី៦ ខែកុម្ភៈ។
អូស្ត្រាលី ជាគោលដៅសំខាន់មួយសម្រាប់ការបន្តការសិក្សារបស់និស្សិតបរទេសដែលស្វែងរកសាលារៀនកម្រិតស្តង់ដាពិភពលោក ពិសេសនិស្សិតដែលមិនចង់ទៅសិក្សានៅអឺរ៉ុប ឬអាមេរិក។ និស្សិតបរទេស ក៏ក្លាយជាចំណូលដ៏សំខាន់របស់សាកលវិទ្យាល័យអូស្ត្រាលី ហើយនិន្នាការបែបនេះក៏កើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយ។ ដូចនេះ បម្រាមរបស់រដ្ឋាភិបាល ពិតជាប៉ះពាល់ខ្លាំងដល់សាលារៀននានា។
ឆ្លើយតបនឹងស្ថានការណ៍បែបនេះ សាលាខ្លះ បានផ្ដល់លុយថ្លៃសាលាឲ្យសិស្សវិញ ខណៈខ្លះទៀតផ្លាស់ប្ដូរកាលវិភាគ។ ជាក់ស្ដែង សាកលវិទ្យាល័យស៊ីដនី បានប្រកាសលើកពេលតម្រូវឲ្យសិស្សទាំងអស់បង្ហាញមុខនៅសាលារៀនដល់ថ្ងៃទី៣០ ខែមីនា ដែលនេះ គឺវែងជាងរយៈពេលធម្មតាមួយខែទៅហើយ ហើយក៏ត្រៀមបើកថ្នាក់បង្រៀនពីចម្ងាយផងដែរ៕
Tag:
ចិន
អូស្ត្រាលី
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com