កីឡាអន្តរជាតិ
អន្តរជាតិ
មិនចង់ឆ្លងកូរ៉ូណាវីរុស បុរសចិនម្នាក់ រត់ហាត់ប្រាណជុំវិញគ្រែបាន១០០គីឡូម៉ែត្រ
× ដោយសារអាជីវកម្មនៅចិនត្រូវបានបិទ ព្រោះការរីករាលដាលកាន់តែខ្លាំងឡើងនៃកូរ៉ូណាវីរុសថ្មី (2019-nCoV) បានបង្ខំពលរដ្ឋចិនត្រូវស្នាក់នៅក្នុងផ្ទះដើម្បីគេចផុតពីការឆ្លង។ អ្នកខ្លះរកវិធីសាស្ត្រធ្វើលំហាត់ប្រាណនៅក្នុងផ្ទះល្វែងរបស់ពួកគេ ហើយខ្លះទៀតបានឈានដល់ការរត់ម៉ារ៉ាតុងនៅជុំវិញបន្ទប់ទទួលភ្ញៀវតែម្តង ដោយធ្វើបានដល់ ១០០គីឡូម៉ែត្រឯណោះ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ (Xinhua) រាយការណ៍នៅថ្ងៃទី៥ ខែកុម្ភៈថា ក្រុមអ្នករត់ទាំងនោះបានប្រើប្រាស់ទីធ្លារួមជុំវិញផ្ទះល្វែងរបស់ពួកគេរៀងខ្លួនដើម្បីហ្វឹកហាត់ដោយការរត់ម៉ារ៉ាតុង។
បុរសម្នាក់ដែលរស់នៅក្នុងក្រុង Hangzhou ខេត្ត Zhejiang បានចំណាយពេល ៥ម៉ោងរត់ជុំវិញគ្រែនៅក្នុងផ្ទះបានចំនួន ៦៤៥០ជុំ។ ដោយឡែកអ្នករត់ម្នាក់ទៀតនៅ Xi'an ខេត្ត Shaanxi រត់ជុំវិញបន្ទប់ទទួលភ្ញៀវក្នុងផ្ទះរបស់ខ្លួនបានដល់ទៅ ១០០ គីឡូម៉ែត្រ។
មានការប៉ាន់ស្មានថាប្រជាជនចិនប្រមាណ២៥លាននាក់បានប្រើវិធីសាស្ត្ររត់ជាប្រចាំ ស្របពេលដែលការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសកាន់តែខ្លាំងឡើងៗឥតឈប់ឈរ។ កូរ៉ូណាវីរុសបានអុកឡុក នៅក្នុងទឹកដីចិន និងប្រទេសផ្សេងទៀតយ៉ាងខ្លាំង។
ស្របពេលចិនបើកការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគកូរ៉ូណាវីរុស អ្នកដែលរត់ហាត់ប្រាណទាំងនោះសុទ្ធតែមិនអាច ឬមិនចង់ចាកចេញពីផ្ទះរបស់ពួកគេ។ ពួកគេស្វែងរកគ្រប់វិធី និងច្នៃជីវិតរបស់ពួកគេដែលត្រូវរស់ក្នុងផ្ទះដើម្បីបន្ថយការធុញទ្រាន់ និងតានតឹង។ ពលរដ្ឋចិនទាំងនោះ ក្រៅពីបង្ហោះសកម្មភាពរត់ក្នុងផ្ទះ ពួកគេក៏បានចែករំលែកវិធីបែបកំប្លែងផ្សេងៗគ្នាលើបណ្តាញអ៊ីនធឺណិតដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកផងដែរ។
កាលពីប៉ុន្មានថ្ងៃមុន អ្នករត់ហាត់ប្រាណម្នាក់បានបង្ហោះនៅលើបណ្តាញសង្គមរបស់ចិន Weibo ដោយរៀបរាប់អំពីថានាងបានរត់ប្រណាំងជាមួយគ្រួសាររបស់នាងនៅក្នុងផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com