កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ និង NOCC នឹង​ពិចារណា​កាត់បន្ថយ​ចំនួន​ថ្នាក់ដឹកនាំ ពេល​ទៅ​ប្រកួត​ក្រៅប្រទេស​
06, Feb 2020 , 9:59 pm        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងលោក ថោង ខុន ប្រធាន NOCC និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងលោក ថោង ខុន ប្រធាន NOCC និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍
ដោយ:
​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នឹង​ពិចារណា​លើ​ការកាត់បន្ថយ​ចំនួន​ថ្នាក់ដឹកនាំ​ពេល​មាន​កម្មវិធី​ប្រកួត​ទ្រង់ទ្រាយ​ធំ​នៅក្រៅ​ប្រទេស​ម្តងៗ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ ជាពិសេស​ផ្តល់ឱកាស​ឲ្យ​កីឡាករ ដែល​រំពឹង​ដណ្តើមបាន​មេដាយ បាន​ចូលរួម​ប្រកួត​កាន់តែច្រើន​។

 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា កំពុង​ពិចារណា​លើ​ការកាត់បន្ថយ​ចំនួន​ថ្នាក់ដឹកនាំ ពេល​កម្ពុជា​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១​។ លោក​អះអាងថា​សំណើរ​កាត់បន្ថយ​ចំនួន​ថ្នាក់ដឹកនាំ​នេះ ត្រូវបាន​ដាក់​ស្នើ​ទៅកាន់​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា​រួចហើយ នៅឡើយ​តែ​ប្រជុំ​សម្រេច​តែប៉ុណ្ណោះ​។ 
 
​សម្រាប់​លោក ស សុខា ការកាត់បន្ថយ​ចំនួន​ថ្នាក់ដឹកនាំ​នេះ គឺ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​បាន​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​កាន់តែច្រើន​។ លោក ពន្យល់ថា ធម្មតា​ថ្នាក់ដឹកនាំ​ត្រូវការ​ស្នាក់នៅ​សណ្ឋាគារ​ថ្លៃៗ​ខុសពី​កីឡាករ ដែល​ធ្វើ​ឲ្យ​ការចំណាយ​មាន​ទំហំ​កាន់តែ​ធំ​។  
 
«​ខ្ញុំ​បាន​សំណូមពរ​ទៅកាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន គឺថា បើ​អាចទៅរួច​ពេល​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​លើក​ក្រោយនេះ គឺ​សុំ​ឲ្យ​កាត់បន្ថយ​ចំនួន​ថ្នាក់ដឹកនាំ​បន្តិច ធ្វើ​ម៉េច​បន្ថែម​កីឡាករ​ឲ្យ​បាន​ច្រើន ព្រោះ​ចំនួន​ថ្នាក់ដឹកនាំ​ស្ទើរ​ស្មើ​អ្នក​ប្រកួត ទាល់តែ​អ៊ីចឹង​ការងារ​ប្រតិបត្តិ​អត់​មាន​អ្នកធ្វើ អ៊ីចឹង​កីឡាករ​ត្រូវ​ដើរតួ​ធ្វើខ្លួន​ឯង​ផង និង​ប្រកួត​ផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា នា​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវិស័យ​អប់រំ​កាយ​និង​កីឡា​ឆ្នាំ​២០១៨-២០១៩​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩-២០២០ កាលពី​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០២០​។ 
 
​រដ្ឋលេខាធិការ​រូបនេះ​បាន​បន្ថែ​ថា​៖«​ខ្ញុំ​ទទួលស្គាល់ថា ការងារ​មួយចំនួន​របស់​ក្រសួង​អប់រំ នឹង​អាច​ប៉ះពាល់​ដល់​ស្ថាប័ន​ផ្សេង ប៉ុន្តែ​បើ​យើង​មិន​ចូលរួម​កែ​ទេ​កីឡាករ​ដែលមាន​សមត្ថ​ភាព​មួយចំនួន ដែល​យើង​គិតថា​អាច​ទទួលបាន​មេដាយ​លើ​វិញ្ញាសា​មួយចំនួន នឹងត្រូវ​បាត់បង់​ឱកាស​ចូលរួម​ក្នុងការ​ប្រកួត​»​។​
 
​ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​មន្ត្រី​ក្រោមបង្គាប់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និង​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ ដែល​ក្រសួង​បានដាក់​ចេញ ក្រោម​ស្មារតី​ទទួលខុសត្រូវ និង​សហការគ្នា​។ ជាពិសេស ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​មន្ត្រី​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។ មួយវិញទៀត លោក​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការ​ចំការ​ប្រកួត​ថ្នាក់ជាតិ​ឲ្យ​ត្រឹមត្រូវ​។ ព្រោះ​ការប្រកួត​ថ្នាក់ជាតិ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង និង​ស្វែងរក​ធនធាន​មាន​សមត្ថភាព សម្រាប់​ត្រៀម​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​៕    

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com